​សាំ​យ៉ុ​ង​កៀរ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​១ ​របួសធ្ងន់​១

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដួល​បោក​ក្បាល​ស្លាប់ និង​ម្នាក់​ទៀត​សន្លប់​ស្តូកស្តឹង បន្ទាប់​ពី​ត្រូវ​រថយន្ត​កៀរ​ម៉ូតូ ហើយ​គេច​បាត់​កាល​ពី​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ពុំ យ៉ា​ណូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ស្រះ​តា​អឹ​ម ឃុំ​អង្គ​រស ស្រុក​មេ​សាង ខេត្តព្រៃវែង ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1D-8323​ជិះ​គ្នា​២​នាក់ បើកបរ​ពីរ​លិចទៅ​កើត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្របគ្នា​ជាមួយ​មាន​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​សាំ
យ៉ុ​ង ពណ៌​ស មិន​ចាំ​ស្លាក​លេខ លុះ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​បង្ក​បាន​បើក​លឿន​កៀរ ម៉ូតូ​រង​គ្រោះ​បណ្តាល​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់ និង​ម្នាក់​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ហើយ​យ​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។