តំឡើង​ឋានន្តរសក្តិ​ ដល់​នគរបាល​អង្គរក្ស​ ២២៣រូប​

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ បានបំពាក់ឋានន្តរសក្តិ ជូន នគរបាលអង្គរក្ស ២២៣រូប ខណៈដែលកន្លងមកនេះ ក្រុមនគរបាលទាំងនោះ បានហ្វឹកហ្វឺន និងមានជំនាញ បានចូលរួមក្នុងសកម្មភាពការពារ ព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងការពារថ្នាក់ដឹកនាំជាតិ និងអន្តរជាតិយ៉ាងសកម្ម ព្រមទាំងមានសា្នដៃជាច្រើនទៀត នៅក្នុងសង្គម ។

នៅក្នុងពិធីបំពាក់ឋានន្តសក្តិ នៅនាយកដ្ឋាននគរបាលអង្គរក្ស ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានជំរុញលើកទឹកចិត្ត ឲ្យនគរបាលអង្គរក្សបង្កើន ស្មារតី និងមានទឹកចិត្តស្មោះស្ម័គ្រខ្ពស់ការពារព្រះរាជសុវត្ថិភាព ថ្វាយព្រះមហាក្សត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ។

លោកបានបន្តថា នគរបាលអង្គរក្សគឺជានគរបាល ដែលមានការដឹកនាំមានការទុកចិត្តបំផុត និងមានឆន្ទៈខ្ពស់ និងជាអ្នកការពារនៅជិតបំផុត ក្នុងកិច្ចការងារការរពារ ព្រះរាជសុវត្ថិភាព និងជូនថ្នាក់ដឹកនាំ ហើយតាមរយៈការមានជំនឿទុកចិត្តនោះ ហើយទើបមកដល់ពេលនេះ ថ្នាក់ដឹកនាំ សម្រេចផ្តល់ការលើកទឹកចិត្ត នឹងទទួលបានការដំឡើងឋានន្តរសក្តិ ។

កន្លងមានសភាពការណ៍អសន្តិសុខ នៅក្នុងសង្គមជាច្រើន បានកើតឡើងពិសេសព្រឹត្តិការ អំឡុងមុននឹងក្រោយពេលបោះឆ្នោត ក្នុងនោះក៏មាន ភារកិច្ចការពារប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់អន្តរជាតិជាច្រើន បានមកបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំនានា នៅក្នុងប្រទេសកម្ពុជា សម្រាប់ការងារ នោះ ត្រូវបានគេមើលឃើញថា នគរបាលអង្គរក្ស បានដើរតួនាទីយ៉ាងសកម្ម ចូលរួមការពារទប់ស្កាត់បង្រ្កាប និងធានាសុខសុវត្ថិភាពបានល្អ ។

ជាមួយគ្នានោះ លោក ទូច ណារ៉ុថ បានស្នើឲ្យកងកម្លាំងទាំងអស់ ត្រូវខិតខំគោរពបទបញ្ជា និងវិន័យដែលដាក់ចេញដោយ អគ្គស្នងការដ្ឋាន នគរបាលជាតិ ខិតខំបំពេញការងារ ទៅតាមភារកិច្ចរបស់ខ្លួនដើម្បី បំរើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ៕

តំឡើង​ឋានន្តរសក្តិ​ ដល់​នគរបាល​អង្គរក្ស​ ២២៣រូប​