ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពន្លឿន​សកម្មភាព​ចុះ​វាស់​និង​ផ្ដល់​កម្មសិទ្ធិ​ដី

ប្រជាពលរដ្ឋ​រស់​នៅ​សហគមន៍​សេអ៊ី៥ ឃុំ​បិតត្រាំង កំពុង​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​វាស់វែង​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ប្រើប្រាស់។ ពួកគាត់​បារម្ភ​ពី​ការ​បាត់បង់​ដី​លំនៅឋាន និង​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល ដោយសារ​ក្រុមហ៊ុន និង​មន្ត្រី​មានអំណាច​រំលោភ​យក និង​បាន​សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពន្លឿន​សកម្មភាព​ចុះ​ពិនិត្យ​វាស់​ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

​ក្ដី​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ដី​លំនៅឋាន និង​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល​តាំង​ពី​ឆ្នាំ​១៩៩៣ របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​សេអ៊ី៥ ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដូច្នេះ បង្ហាញ​ឡើង​ក្នុង​ពេល​ពួកគេ​ប្រមូល​ផ្ដុំ​ដើម្បី​សម្ដែង​មតិ​នា​មូលដ្ឋាន​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​ធ្នូ។

ក្រុម​ប្រជាពលរដ្ឋ​ទាំង​ចាស់​ក្មេង ឲ្យ​ដឹង​ថា ដី​លំនៅឋាន និង​ចម្ការ​ដំណាំ​របស់​ពួកគាត់​នៅ​សហគមន៍​សេអ៊ី៥ ទាំង ១២៦​គ្រួសារ មាន​ផ្ទៃដី​សរុប​ជាង ១១១​ហិកតារ កំពុង​មាន​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និង​មន្ត្រី​មានអំណាច​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក។

​នៅ​ក្នុង​ពិធី​ប្រមូល​ផ្ដុំ​នោះ មនុស្ស​វ័យ​ចាស់​ទាំង​ប្រុស​ស្រី បាន​លើក​ដៃ​សំពះ​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឲ្យ​ពន្លឿន​សកម្មភាព​ចុះ​វាស់ដី ឬ​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ទាំង ១២៦​គ្រួសារ​នៅ​សហគមន៍​សេអ៊ីប្រាំ ភូមិ​ពូធឿង ឲ្យ​បាន​ឆាប់ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​នេះ​ហាក់​មិន​សូវ​រវល់​អើពើ​ទេ៖ «ដំណាំ​ដាំដុះ​របស់​ពួក​ខ្ញុំ​មាន​គ្រប់​ទាំង​អស់ នៅ​លើ​ដី​ចម្ការ និង​ដី​លំនៅឋាន។ ដូច្នេះ​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​ជួយ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​កូន​ចៅ​បាន​ប្រើប្រាស់​ស្រប​ច្បាប់ ដើម្បី​ជៀសវាង​ការ​រំលោភ​បំពាន​ពី​សំណាក់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ។ សូម​សំណូមពរ​កាត់​ឆ្វៀល​ដី​របស់​ខ្ញុំ​កំពុង​រស់​នៅ និង​មាន​ស្រាប់​នេះ​ជូន​ពួក​ខ្ញុំ​ឲ្យ​មាន​សំបុត្រ​ស្នាម​ត្រឹមត្រូវ ដែល​ពួក​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​​នេះ​ផង»

បន្ថែម​លើ​នេះ អតីត​មេភូមិ​ពូធឿង  លោក សៅ ហន បាន​បញ្ជាក់​អំពី​ការ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ថា​មាន​ពលរដ្ឋ​ខ្លះ​បាន​មក​រស់​នៅ​ចំណុច​សេអ៊ីប្រាំ​នេះ តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ និង​មាន​ផ្ទះ ព្រមទាំង​ដាំ​ដំណាំ​ហូប​ផ្លែ​ចម្រុះ​ដាំ​ដុះ​នៅ​លើ​ដី​នោះ។ លោក​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ ជួយ​ពន្លឿន​សកម្មភាព​ចុះ​វាស់ដី និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​មូលដ្ឋាន​នេះ​បាន​ប្រើប្រាស់​ដូច​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស៖ «តាម​ដែល​ខ្ញុំ​ធ្លាប់​ដឹង កាល​ពី​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ភូមិ​ពូធឿន មុន​ត្រូវ​ចូល​និវត្តន៍ គឺ​ឃើញ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​រស់​នៅ​ទី​នេះ​និយាយ​រៀបរាប់​ស្រាប់​ហើយ គឺ​ពួកគាត់​បាន​មក​តាំង​ទីលំនៅ និង​ដាំ​ដំណាំ​ហូប​ផ្លែ​នៅ​លើ​ដី​នេះ និង​ទទួល​ផល​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ»

តំណាង​ពលរដ្ឋ​សហគមន៍​សេអ៊ីប្រាំ លោក ស៊ុន សុផាត បាន​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​អនុវត្ត​លិខិត​បង្គាប់​ការ​ចុះ​ថ្ងៃ​ទី​១ ខែ​តុលា មាន​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ស្តី​អំពី​ការ​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ចំនួន ១២៦​គ្រួសារ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ឆាប់​ដោយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន និង​មន្ត្រី​មាន​អំណាច​ឃុបឃិត​រំលោភ​យក៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​ប្រធាន​គណៈកម្មការ​ចុះ​វាស់វែង​ដី ជួយ​ពន្លឿន​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ពីព្រោះ​ពួក​យើង​ខ្ញុំ​ដែល​មាន​ផ្ទះ និង​ដី​ចម្ការ​នៅ​តំបន់​សេអ៊ីប្រាំ ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង មាន​ការ​ខ្វាយខ្វល់​ជា​ខ្លាំង»

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា បាន​ចេញ​លិខិត​បង្គាប់​ការ​តម្រូវ​មន្ត្រី​រាជការ​នៅ​តាម​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​ចាត់តាំង​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​វាស់វែង និង​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង។ ក្រុម​ការងារ​ចុះ​អនុវត្ត​លិខិត​បង្គាប់​ការ​នោះ ដឹកនាំ​ដោយ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រុន ស្រ៊ន់ ប្រធាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក គង់ វិតាណៈ និង​អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី។

ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ចុះ​ពិនិត្យ​វាស់វែង ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​រស់​នៅ​ជាក់ស្ដែង និង​ឆ្វៀល​ដី​ចេញ​ពី​គម្រប​ព្រៃឈើ ដើម្បី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង។

លោក ស្រុន ស្រ៊ន់ មាន​ប្រសាសន៍​ថា មិន​ទាន់​កំណត់​ថ្ងៃ​ចុះ​អនុវត្ត​លិខិត​បង្គាប់​ការ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន នៅ​ឡើយ​ទេ ព្រោះ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ជា​មុន​សិន៖ «ឥឡូវ​នេះ​យើង​កំពុង​រង់ចាំ​ចម្លើយ​ណែនាំ និង​ឆ្លង​យោបល់​ពី​ឯកឧត្ដម​អភិបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការ​ចុះ​វាស់វែង និង​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​សេអ៊ីប្រាំ នេះ​រួច​ហើយ ហើយ​កំពុង​រង់ចាំ​ចម្លើយ និង​កំណត់​ថ្ងៃ​ចុះ​ពិនិត្យ និង​វាស់ដី​ជាក់ស្ដែង​តែប៉ុណ្ណោះ»

អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី មាន​ប្រសាសន៍​ថា ក្រុម​ការងារ​នេះ​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​ដើម្បី​ចុះ​ពិនិត្យ ឬ​ស្រង់​ស្ថិតិ​នៃ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ទេ ប៉ុន្តែ​ក្រុម​ការងារ​នេះ ធ្លាប់​ចុះ​ជួប​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​រួច​ហើយ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​នេះ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​មូលដ្ឋាន​ពលរដ្ឋ ភូមិ​ពូធឿង ត្រង់​ចំណុច​សេអ៊ីប្រាំ មាន​មន្ទិល​ថា អាច​មាន​បញ្ហា​មិន​ប្រក្រតី​អ្វី​មួយ​ទើប​ក្រុម​ការងារ​ចុះ​អនុវត្ត​លិខិត​បង្គាប់​ការ​ពិនិត្យ​វាស់វែង និង​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​នៅ​ឃុំ​បិតត្រាំង មាន​ការ​យឺតយ៉ាវ។

លោក​ថា បញ្ហា​នេះ​គួរ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លូកដៃ​ជួយ​អន្តរាគមន៍ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពន្លឿន​ការងារ​ចុះ​វាស់វែង​ដី និង​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ៖ «យើង​បាន​ចុះ​មក​តំបន់​សហគមន៍​សេអ៊ីប្រាំ​នេះ គឺ​ពិនិត្យ​ឃើញ​ជាក់ស្ដែង​ការ​តាំង​ទីលំនៅ និង​ការ​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ នៅ​លើ​ដី​ចម្ការ​របស់​ពួកគាត់​ទទួល​បាន​ផល មាន​ផ្លែ​ខ្ចី​ចាស់ និង​ទុំ នៅ​លើ​ដើម​ជា​ច្រើន​ប្រភេទ។ បើ​តាម​ច្បាប់​ភូមិបាល គឺ​គោលការណ៍​ប្រាំ​យ៉ាង ដែល​ពលរដ្ឋ​កាន់កាប់​ដីធ្លី​របស់​ពួកគាត់ គឺ​មាន​សព្វ​គ្រប់​ទាំង​អស់។ កាន់កាប់​ដោយ​សុចរិត ដោយ​មាន​ការ​ដឹង​ឮ​ជា​សាធារណៈ។ កាន់កាប់​ដោយ​មិន​មាន​ការ​អាក់ខាន និង​ដោយ​អហិង្សា​ជាដើម គឺ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​សេអ៊ីប្រាំ មាន​គ្រប់​ទាំង​អស់។ ដូច្នេះ​ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នេះ អាច​ចុះ​បញ្ជី​ធ្វើ​ជា​ប្លង់​កម្មសិទ្ធិ​នៅ​ពេល​អាជ្ញាធរ​ចុះ​មក​វាស់វែង​ដីធ្លី​ជូន​ពួកគាត់»

បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង បាន​ចោទ​ថា កន្លង​មក​កង្វល់​របស់​ពួកគាត់ អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ស្រុក រហូតដល់​ថ្នាក់​ខេត្ត​ព្រះសីហនុ ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​សេចក្ដី​សម្រេច ឬ​សេចក្ដី​ជូន​ដំណឹង​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លិខិត​ស្នាម​ផ្សេងៗ​របស់​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ​ដាក់​ឲ្យ​អនុវត្ត​ទេ ទើប​ធ្វើ​ឲ្យ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។