បុរស​កូរ៉េ​ម្នាក់​សង្ស័យ​រកស៊ី​ខាតដើម ចង​.​ក​សម្លាប់​ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ជាតិ​កូរ៉េ​ម្នាក់​​បាន​ចង.ក​ខ្លួន​​នៅ​ក្នុង​បន្ទប់​ជាន់​ទី​មួយ​ ដោយគេ​​សង្ស័យថា បណ្តាល​មកពី​​រកស៊ី​ខាតដើម​ឡុង​ចុង ដែលហេតុការណ៍នេះ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៦ ​និង៣០​នាទី​យប់ថ្ងៃ​ទី១៨ ធ្នូ ២០១៥ ស្ថិតត្រង់ចំណុច​ក្នុងផ្ទះ​លេខE12  ផ្លូវ​2 ​​ក្នុង​បុ​រីបែ​ល​កូ​ឡុ​ង ក្រុម​7 សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភពបានឱ្យ​ដឹងថា ​ជន​រង​គ្រោះ​​ដែល​ស្លាប់​​ឈ្មោះ​ណា​ម ភេទ​ប្រុស អាយុ​ជាង៣០​ឆ្នាំ ជា​ជនជាតិ​កូរ៉េ ជាថៅកែ​រោងចក្រ​​សម្លៀក​បំពាក់ ។ ចំណែក​​អ្នក​នៅផ្ទះ​​ជាមួយ​មានឈ្មោះធឿ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​​ជា​អ្នកចម្រៀង ស្នាក់​កន្លែង​កើតហេតុ​ខាង​លើ និង​មាន​​ប្អួ​ន​ស្រី​ឈ្មោះធឿ​ន ម៉ា​លី  អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​របស់​ជនជាតិ​កូរ៉េ​ដែល​ចង.ក​សម្លាប់​ខ្លួននេះ  ។

សាក្សី​ដែល​​ស្នាក់​នៅផ្ទះ​ជាមួយ​ជន​រងគ្រោះ​ឱ្យ​​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ បុរស​ជនជាតិ​កូរ៉េ​ដែល​ស្នាក់​នៅ​ជាន់​ទី​មួយ​ បាន​ចុះ​មក​ញ៉ាំ​​បាយ​ធម្មតា​ទេ លុះដល់​ពេល​កើតហេតុ ​ស្ដ្រី​ដែល​ជា​កូនចៅ​ជន​រង​គ្រោះ​ មក​ដល់​ផ្ទះ​ឃើញ​បន្ទប់​ជន​រង​គ្រោះ​បិទទ្វារ​ ថែម​ទាំង​អត់​​បើកភ្លើង​ទៀត​ផង  ក៏​​មានការ​ងឿងឆ្ងល់​ ហើយ​ក៏​​​ទៅ​គោះ​ទ្វារ តែ​ជន​រង​គ្រោះ​មិន​បាន​បើកទ្វារទេ ។ បន្ទាប់​មក ​នារី​ម្នាក់​នោះ​បាន​បើក​ទ្វារចូល​​​ក្នុង​បន្ទប់​ ហើយ​​​បើកភ្លើង  ក៏ប្រទះឃើញ​​ជន​រង​គ្រោះ​ចង.ក​នឹង​ខ្សែ​អង្គុយ​លើ​តុ​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​​បន្ត​ថា មួយ​រយៈ​​នេះ បុរស​​ជា​ជនជាតិ​កូរ៉េ​ មាន​ទឹកមុខ​ស្រងូតស្រងាត់​ ហើយ​បាន​ត្អូញ​ប្រាប់​មិត្តភក្ដិ​របស់​គាត់​ថា ​គាត់​រកស៊ី​តែង​តែ​ខាត​​រហូត ។ ចំពោះ​ការ​ចង.ក​សម្លាប់​ខ្លួន​នេះ​ សង្ស័យ​ដោយសារ​តែ​រកស៊ី​ឡុងចុង​ទើប​សម្រេចចិត្ត​ចងកសម្លាប់​ខ្លួន​តែ​ម្តង ។