សម្ភោ​ធ​សាលា​ធម្មសភា និង​កុដិ​ក្នុង​វត្ត​បុ​ទម​វ​តី ចំណាយ​ជាង ១ លាន​ដុល្លារ ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​

ភ្នំពេញ: សាលា​ធម្មសភា និង​កុដិ​ចំនួន​២​ខ្នង ក្នុង​វត្ត​បុ​ទម​វ​តី ដែល​ចំណាយ​ថវិកា​ជាង ១​លាន​ដុល្លារ​អាមេរិក (១.១៩៥.០០០ ដុល្លារ​) ដែលជា​អំណោយ​ថវិកា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ប៊ុន ស៊ា​ង​លី  និង​ក្រុមគ្រួសារ រួមទាំង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី ខែធ្នូ ឆ្នាំ​២០១៥​។​
​    ​
​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាលា​ធម្មសភា និង​កុដិ​ចំនួន​២​ខ្នង ក្នុង​វត្ត​បុ​ទម​វ​តី ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រោម​អធិបតីភាព​លោក​ហ៊ុន ម៉ា​ណែ​ត  តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា វត្ត​អារាម និង​ព្រះពុទ្ធសាសនា​មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម ដែល​មិន​គ្រាន់តែ​ជាទី​សក្ការៈ​សម្រាប់​ការគោរព​បូជា​តាម​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ​។ ​ប៉ុន្តែ​ថែមទាំង​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ចំណេះដឹង បញ្ញាញាណ តម្លៃ​សីលធម៌ និង​ជួយ​ជា​ស្មារតី​ដល់​ពុទ្ធសាសនិកជន​ទាំងអស់ ឲ្យ​រស់នៅ​ជាមួយគ្នា​ដោយ​សាមគ្គីភាព​តាមផ្លូវ​អាណាចក្រ​ទៀតផង ។​

លោក​បន្តថា វត្ត​អារាម មាន​តួនាទី​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​មនុស្ស​អាច​រស់នៅ​ជាមួយគ្នា​ដោយ​សេចក្តី​ស្ងប់​សុខ​ខាង​ផ្លូវ​អារម្មណ៍ ជាឃ្លាំង​ផ្ទុក​នូវ​ចំណេះវិជ្ជា និង​ជា​ថ្នាល​នៃ​ការ​សាបព្រោះ​នូវ​ធនធានមនុស្ស​យ៉ាង​សំបូរបែប ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ការថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ថែម​ទៀតផង​។​

​របាយការណ៍​បាន​បង្ហាញថា ការស្ថាបនា​សាលា​ធម្មសភា​នេះ បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១២ និង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៥ ដោយបាន​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ៨៦​ម៉ឺន ៥​ពាន់​ដុល្លារ​។

​ស្របពេល​ជាមួយគ្នានេះដែរ ក៏មាន​ការស្ថាបនា​កុដិ​លេខ​៣ ដែលមាន​បណ្តោយ​ប្រវែង​១៨,៥៦​ម៉ែត្រ​, ទទឹង ១៣,៣៩ ម៉ែត្រ​, កំពស់​១៣,៣១​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប​អស់ ១​សែន ៨​ម៉ឺន​ដុល្លារ និង​កុដិ​លេខ​២២ មាន​បណ្តោយ​ប្រវែង​២២​ម៉ែត្រ ទទឹង ៩,៥០​ម៉ែត្រ កំពស់​១៦​ម៉ែត្រ ចំណាយ​ថវិកា​សាងសង់​សរុប​អស់​ចំនួន​១៥​ម៉ឺន​ដុល្លារ​អាមេរិក  ដែល​ត្រូវបាន​វេរ​ប្រគេន​ព្រះសង្ឃ​ជាមួយនឹង​ពិធី​សម្ពោធ​ឆ្លងសាលា​ធម្មសភា​នាពេល​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ​នេះ​ផងដែរ ។​

​ថវិកា​ចំណាយ​សរុប​លើ​ការកសាង​កុដិ ទាំងពីរ​នេះ អស់​ចំនួន ៣៣​ម៉ឺន​ដុល្លារ ដែល​ក្នុងនោះ​ថវិកា​ប្រមាណ ៦០% បានមកពី​ការឧបត្ថម្ភ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ក្រុមគ្រួសារ ។​

ជារួម​សមិទ្ធផល ដែល​ត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ និង​ប្រារព្ធ​ពិធី​សម្ពោធ​ឆ្លង​ខាងលើនេះ គិត​ជា​ថវិកា​ចំណាយ​សរុប​អស់​ចំនួន ១.១៩៥.០០០ ដុល្លារ (​មួយ​លាន មួយ​សែន ប្រាំបួន​ម៉ឺន ប្រាំ​ពាន់​ដុល្លារ​) ក្នុងនោះ​ថវិកា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សរុប​ចំនួន ៦០៣. ០០០ ដុល្លារ (​ហុកសិប​ម៉ឺន បី​ពាន់​ដុល្លារ​អាមេរិក​) ដោយ​បូករួម​ថវិកា​របស់​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ ប៊ុន ស៊ា​ង​លី  និង​ក្រុមគ្រួសារ ចូល​កសាង​គំនូរ ប​ល្ល័​ង្គ និង​ព្រះ​ពុទ្ធរូប ស្ពាន់ សរុប​អស់​ថវិកា​ចំនួន ១៨៣.០០០​ដុល្លារ (​មួយ​សែន​ប្រាំបី​ម៉ឺន បី​ពាន់​ដុល្លារ​អាមេរិក​)​ផងដែរ​។​

ដោយឡែក​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ចូលរួមចំណែក​ក្នុងការ​កសាង​សាលា​ធម្ម​សភា  និង​កុដិ​ទាំងពីរ​ខ្នង​ខាងលើនេះ សរុប​ថវិកា​ចំនួន ៥៩២,០០០​ដុល្លារ​អាមេរិក (​ហាសិប​ប្រាំបួន​ម៉ឺន​ពីរពាន់​ដុល្លារ​)៕​

សម្ភោ​ធ​សាលា​ធម្មសភា និង​កុដិ​ក្នុង​វត្ត​បុ​ទម​វ​តី ចំណាយ​ជាង ១ លាន​ដុល្លារ ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​

សម្ភោ​ធ​សាលា​ធម្មសភា និង​កុដិ​ក្នុង​វត្ត​បុ​ទម​វ​តី ចំណាយ​ជាង ១ លាន​ដុល្លារ ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​

សម្ភោ​ធ​សាលា​ធម្មសភា និង​កុដិ​ក្នុង​វត្ត​បុ​ទម​វ​តី ចំណាយ​ជាង ១ លាន​ដុល្លារ ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​