រថយន្ត PAJERO បើក​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ឯ​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​រថយន្ត​បុក ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២២​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ត្រាំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ក្រោយ​ពី​បុក​រួច​រថយន្ត​បង្ក​គ្រោះថ្នាក់​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​គេចខ្លួន​ពី​សមត្ថកិច្ច​ដោយ​សុវត្ថិភាព ។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យ៉ែ​ម យឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយស ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ ជា​អ្នក​បើក​ម៉ូតូ ឯ​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ហ៊ូ ពុត​ថង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អ​ន្ស​រ​ក្ដាម ឃុំ​ស្នារ​អ​ន្សា​រ ស្រុក​ក្រគរ រង​របួសធ្ងន់ ។

ប្រភព​បាន​បន្ត​ទៀត​ថា នៅ​ល្ងាច​នោះ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក វ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុ​ប​គ្នា​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក PAJERO មិន​ចាំ​លេខ បោះពួយ​យ៉ាង​លឿន​មក​ពីមុខ​ហើយ​បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស និង​ម៉ូតូ​ប៉ើង​ធ្លាក់​ដូច​សី ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ រួច​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​បន្តដំណើរ​ទៅ​មុខ​រក​កន្លែង​លាក់ខ្លួន​បាត់​ស្រមោល ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ម៉ូតូ​រង​គ្រោះ​យក​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ហើយ​សមត្ថកិច្ច​កំពុង​សហការ​គ្នា​តាម​រក​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ច្បាប់ ៕