សាលាក្រុងសុំ​​មិន​ឆ្លើយ​នឹង​ការ​យល់​ឃើញ​របស់​លោក ខៀវ កាញារីទ្ធ

សាលា​រាជធានី​ភ្នំពេញ សុំ​មិន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​ចង់​ឲ្យ​មាន​ការ​លាប​ពណ៌​អគារ​ប៊ូឌីង ទាំង​មូល ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ឡើង​វិញ។

ការ​ឆ្លើយ​តប​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ បន្ទាប់​ពី​លោក ខៀវ កាញារីទ្ធ សរសេរ​នៅ​ទំព័រ​ហ្វេកប៊ុក (Fecebook) ផ្ទាល់​ខ្លួន​របស់​លោក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា "បើ​ជ្រុល​លុប​រូប​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង​ដ៏​កញ្ចាស់​អ៊ីចឹង​ហើយ សុខ​ចិត្ត​លាប​ពណ៌​អគារ​ប៊ូឌីង ដើម្បី​ឲ្យ​បាន​ស្អាត​ទីក្រុង"។

​ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​យល់​ឃើញ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នោះ​ទេ។ ទោះ​បែប​នេះ​ក្តី លោក​ថា ប្រសិនបើ​មាន​ការ​ចង់​លាប​ពណ៌​លើ​អាគារ​ប៊ូឌីង ត្រូវ​ស្នើ​សុំ​មក​សាលា​រាជធានី​ភ្នំពេញ ជា​មុន​សិន៖ «អូ! មិន​មាន​មតិ​យោបល់​លើ​ហ្វេសប៊ុក​របស់​គាត់​ទេ (រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន) ព្រោះ​ជា​ការ​បញ្ចេញ​មតិ​យោបល់​រៀងៗ​ខ្លួន ណា​មួយ​រឿង​នេះ​ជា​រឿង​កន្លង​ហួស​ទៅ​ហើយ»

​ប្រតិកម្ម​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ពេល​នេះ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​លុប​រូប​មួយ​ផ្ទាំង​ដ៏​ធំ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូឌីង ផ្នែក​ខាងជើង រូប​ស្ត្រី​ដេរ​ប៉ាក់​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដែល​គូស​ដោយ​វិចិត្រករ​ជនជាតិ​អាមេរិក។ សាលា​ក្រុង​ប្រើ​វិធានការ​នេះ​ដោយ​សំណាង​ថា អ្នក​គូស​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។ យ៉ាង​ណា ការ​លុប​រូប​នោះ​ចោល​ទទួល​បាន​ការ​រិះគន់​ច្រើន​ជាង​ការ​ស្វាគមន៍​ពី​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។