លោក​អូបាម៉ា​កោត​សរសើរ​គ្រួសារ​ជន​រងគ្រោះ​នៅ​រដ្ឋ​ California

លោក​អូបាម៉ា​កោត​សរសើរ​គ្រួសារ​ជន​រងគ្រោះ​នៅ​រដ្ឋ​ California

ប្រធានាធិបតី​លោក​បារ៉ាក់ អូបាម៉ា​និយាយ​ថ្លែងការណ៍​នៅ​ឯ​វិទ្យាល័យ Indian Springs បន្ទាប់​ពី​ជួប​ជាមួយនឹង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ពី​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ក្រុង San Bernardino រដ្ឋ​ California នា​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក​បារ៉ាក់ ​អូបាម៉ា ប្រធានាធិបតី​ស.រ.អា.​បាន​កោត​សរសើរ​គ្រួសារ​របស់​ជនរងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​កាលពី​ថ្ងៃទី២ ​ខែធ្នូ​ នៅ​ទីក្រុង ​San Bernardino ​រដ្ឋ ​California ​ដោយ​ហៅ​ពួកគេ​ថា​ ជា​ក្រុម​ចម្រុះ​ផ្សេងៗ​គ្នា ដែល​តំណាង​ឲ្យ​រដ្ឋ​ ដែល​មាន​ជនជាតិ​ចម្រុះ​ពូជសាសន៍​។ ​

លោក​និយាយ​ថា​ ជំនួប​កាលពី​ថ្ងៃសុក្រ​ជាមួយ​គ្រួសារ​រង​គ្រោះ​គឺ​ជា​ រឿង​ក្តុកក្តួល​ ប៉ុន្តែ​លោក​និយាយ​ថា ​គ្រួសារ​ទាំងនេះ​ធ្វើឲ្យ​លោក​មាន​កម្លាំង​ចិត្ត។​ ហើយ​លោក​មាន​ជំនឿ​ថា ​សោកនាដ​កម្ម​នេះ​នឹង​នាំឲ្យ​មាន​ការ​ពិចារណា​ធ្វើ​អំពើ​ល្អជួយ​គ្នា។ ​លោក​ប្រធានាធិបតី និង​ភរិយា​គឺ​ លោកស្រី​ Michelle Obama​ ត្រូវ​មន្ត្រី​មូលដ្ឋាន​ទទួល​ស្វាគមន៍​នៅ​អាកាស​យានដ្ឋាន​ San Bernardino បន្ទាប់​មក​លោក​ និង​ភរិយា​ធ្វើ​ដំណើរ​ ១០​នាទី​ទៅកាន់​វិទ្យាល័យ​មួយ​ដើម្បី​ជួបជាមួយ​គ្រួសារ​ទាំងនោះ ​និង​អ្នក​ធ្វើ​អន្តរាគមន៍​ដំបូង។ ប៉ុន្មាន​ម៉ោងមុន​នោះ លោក ​Jerry Brown ​អភិបាល​រដ្ឋ ​California ​បាន​ប្រកាស​ភាព​អាសន្ន​នៅ​សង្កាត់ ​San Bernardino​ ​ដោយ​បើក​មូលនិធិ​រដ្ឋ​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ប្រើប្រាស់​ក្នុង​ការ​ចំណាយ​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​នេះ។

​ការ​បាញ់​ប្រហារ​នោះ​កើត​មាន​ឡើង​នៅ​បន្ទប់​សន្និសីទ​មួយ​ នៅពេល ​Syed Rizwan ​Farook ​ដែល​មាន​ដើម​កំណើត​នៅ​អាមេរិក​ និង​ភរិយា​ឈ្មោះ ​Tashfeen Malik កើត​នៅ​ប៉ាគីស្ថាន ​បានបាញ់​ប្រហារ​អ្នក​ចូលរួម​កិច្ច​ប្រជុំ​ថ្ងៃ​បុណ្យ​របស់​សហការី​របស់ ​Farook ​មកពី​មន្ទីរ​សុខាភិបាល​សង្កាត់​ San Bernardino។​ មនុស្ស​១៤​នាក់​បាន​ស្លាប់​ និង​២២​នាក់​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នោះ។ ​ប្តីប្រពន្ធ​នេះ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ ប៉ុន្មានម៉ោង​ក្រោយ​មក ​ក្នុង​ការ​បាញ់​បោះ​ជាមួយ​ប៉ូលិស។ ​ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ថា ​អ្នក​ទាំងពីរ​នេះ​ជាអ្នក​គាំទ្រ​ខ្លួន​ តែ​មិនមែន​ជា​សមាជិក​ក្រុម​ខ្លួន​នោះ​ទេ៕