បើ​មាន​ជាតិ​ក្រោយ អូន​ប្រាថ្នា​ជួប​បង​លុះ​អវសាន

១១ ឆ្នាំ គឺជា​រយៈពេល​ដ៏​វែង​សម្រាប់​ឱ្យ​អ្វីៗ​ទាំងអស់​ក្លាយជា​រឿង​អតីតកាល ប៉ុន្តែ​មកដល់ពេលនេះ​នាង​ខ្ញុំ​នៅតែ​មិនទាន់​អាច​បំភ្លេច​បុរស​ម្នាក់​នោះបាន​ទៀត ។ ហេតុអ្វី​ក៏​គាត់​មិន​និយាយប្រាប់​សូម្បី​តែមួយ​ម៉ាត់ ? កាលពី​នៅ​រៀន​ជាមួយគ្នា​នាង​ខ្ញុំ​ដឹងថា​គាត់​ចូលចិត្ត​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​ក៏​ដូចគ្នា ។ បន្ទាប់ពី​បាន​ស្គាល់គ្នា រយៈពេល​មួយឆ្នាំ​គាត់​បាន​ចាក​ចេញទៅ​សិក្សា​នៅ​បរទេស ប៉ុន្តែ​កាលណោះ នាង​ខ្ញុំ​ចេះតែ​សង្ឃឹម​ក្នុង​ចិត្ត​ថា​នឹងមាន​ចំណងស្នេហា​ជាមួយ​គាត់ ។

ពេល​និយាយ គ្នា​តាម Skyep គាត់​មិនដែល​បាន​និយាយ​អំពី​មនោសញ្ចេតនា​ជាមួយ​នាង​ខ្ញុំ​សោះឡើយ ហើយ​អ្វីដែល​គាត់​ប្រាប់​គឺមាន​តែ​រឿង​សុខភាព ការសិក្សា និង សួរ​នាង​ខ្ញុំ​ថា​មាន​មិត្ត​ប្រុស​ឬ​នៅ ។ ពីរ​ឆ្នាំ​ក្រោយមក នាង​ខ្ញុំ​ហាក់​មានការ​នឿយណាយ​នឹង​ការរង់ចាំ​ការសារភាព​របស់គាត់ ប៉ុន្តែ​ក៏បាន​គិតថា ប្រសិន​ធ្វើជា​មាន​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​នោះ ប្រហែលជា​វិធី​ល្អ​ដើម្បី​បង្ខំ​ឱ្យ​គាត់​ត្រូវ​សារភាព​មុននឹង​ហួសពេល ។ ប៉ុន្តែ​ដោយ​គិតថា​គាត់​បាន​ភ្លេច​នាង​ខ្ញុំ​ហើយ ឬមួយ​នៅ​ទីនោះ​គាត់​មាន​នារី​ផ្សេង​នៅក្បែរ ដូច្នេះ​នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​រៀបការ​ដើម្បី​បញ្ចប់​ការរង់ចាំ ។ ចាប់តាំងពី​ពេលនោះ​មក​នាង​ខ្ញុំ​ចាត់ទុក​គាត់​ដូចជា​មនុស្ស​មិន​ធ្លាប់​ស្គាល់ ។

បី​ឆ្នាំក្រោយ​បន្ទាប់ពី​នាង​ខ្ញុំ​បាន​រៀបការ​ហើយ គាត់​បាន​វិលត្រឡប់​ពី​ការសិក្សា ។ នាង​ខ្ញុំ​បានដឹងថា​គាត់​ក៏​ធ្លាប់​ទាក់ទង​នារី​មួយចំនួន ប៉ុន្តែ​បរាជ័យ​ទាំងអស់ ហើយ​មកដល់ពេលនេះ​គាត់​នៅតែ​មិនទាន់មាន​នារី​ណា​ម្ម្នាក់​នៅឡើយ ។ ថ្ងៃមួយ​នៅពេល​បាន​ជួប និង និយាយ​លេង​ជាមួយ​គាត់ ទើប​គាត់​ប្រាប់​រឿងរ៉ាវ​ទាំងអស់ ប៉ុន្តែ​យ៉ាងណា​ក៏​វា​ហួស​អស់​ទៅហើយ ។ ក្រោយមកទៀត​គាត់​ហាក់ដូចជា​ព្យាយាម​ស្តារ​ទំនាក់ទំនង​រវាង​យើង​ទាំងពីរ​ឡើងវិញ ដោយ​គាត់​ចេះតែ​ទូរស័ព្ទ​មក​នាង​ខ្ញុំ និង និយាយ​អំពី​រឿង​អតីតកាល ដែល​ពេលនោះ​នាង​ខ្ញុំ​ក៏បាន​បង្ហើប ប្រាប់ថា​ធ្លាប់​ស្រឡាញ់​គាត់​ពីមុន ។

គាត់​និយាយថា​គាត់​ពិតជា​ស្តាយក្រោយ​ខ្លាំងណាស់​ចំពោះ​ភាព​មានះ​មិន​ព្រម​សារភាព​ស្នេហា​កាលពីមុន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​ថែមទាំង​ប្រាប់ថា ប្រសិនបើ​នាង​ខ្ញុំ​នៅតែ​ស្រឡាញ់​គាត់ ហើយ​ចង់​សាង​ស្នេហ៍ ជាថ្មី គាត់​នឹង​រីករាយ​រង់ចាំ​ទទួល ។ សម្តី​របស់គាត់​ធ្វើឱ្យ​នាង​ខ្ញុំ​នឹកឃើញ​ដល់​រឿង​ដើម និង ហាក់ដូច​មានការ​វិល​វល់​ក្នុង​អារម្មណ៍​គិត​លែងចេញ​អស់ហើយ ! នាង​ខ្ញុំ​នៅតែ​ស្រឡាញ់​គាត់ ហើយ​ស្បថ​ថា​ប្រសិនបើ​មាន​ជាតិ​ក្រោយ​មែន នាង​ខ្ញុំ​ប្រាថ្នា​សូម​ជួប​គាត់​រហូត​មួយជីវិត ។ ប៉ុន្តែ​បញ្ហា​ចំពោះមុខ​គឺ​មិនដឹងថា​ត្រូវ​សម្រេចចិត្ត ឆ្លើយតប​បែបណា​ចំពោះ​គាត់ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ
​ក្មួយ​ស្រី​ជាទី​រាប់អាន ! ញ​ក្យ​ចាស់​លោក​ញេ​ល​ថា «​ត្រី​រួច​គេ​តែងតែ​និយាយថា ត្រី​ធំ​» បើទោះបីជា​មិនទាន់​បានឃើញ​រូបរាង​ត្រី​នោះ​ធំ​ប៉ុណ្ណា ហើយ​វា​ជា​ត្រី អ្វី​ឱ្យ​ប្រាកដ ។ នៅពេលដែល​ដឹងថា​អាច​ស្ទូច​យកបាន បែរជា​មិន​ស្ទូច ហើយ​បែរជា​មក​ស្តាយក្រោយ​ទៅវិញ ។ ព្រះពុទ្ធ​លោក​ត្រាស់​ថា «​សត្រូវ​ធំ​បំផុត គឺ​ខ្លួនឯង​» ។ កាលណោះ​ប្រសិនបើ​ក្មួយ​បញ្ចេញ​ភាពក្លាហាន នោះ​ស្នេហា​ប្រហែល កើតឡើង​រួចទៅហើយ ។ ប៉ុន្តែ​ត្រី​ដែល​ក្មួយ​ចង់បាន និង សោកស្តាយ​នោះ​មិន​ប្រាកដថា​ជា​ត្រី​មួយ ដែល​ធំ និង ជា​ប្រភេទ​ត្រី​ដែល​ក្មួយ​ស្រី​ពេញចិត្ត​ទេ ។ ជួនកាល​ពេល​បាន​ឃើញតែ​រូបរាង​ខាងក្រៅ​មិនទាន់បាន​កាន់ ឬ ដឹង​អំពី​ប្រភេទ​ត្រី​នោះ វា​អាចធ្វើឱ្យ​ក្មួយ​យល់ច្រឡំ​វាយតម្លៃ​ខុស​ក៏​ថា​បាន ។

ក្មួយ​គួរតែ​បោះបង់​ការសោកស្តាយ និង ត្រូវ​ដឹងថា​យុវវ័យ​តែងតែមាន​អំនួត​លើកតម្កើង​ខ្លួនឯង ហើយ​វា​ក៏​មិនមែនជា​កំហុស​ធំដុំ​ដែល​មិនអាច​លើក​លែងឱ្យ​ខ្លួនឯងបាន​នោះដែរ ព្រោះថា​ការរង់ចាំ​កាលពីមុន​របស់​ក្មួយ​ស្រី​វា​គ្រាន់តែ​ជាការ​រង់ចាំ​ដោយ​ការ​ស្មាន​មិនដឹង​អំពី​ទ្ធ​ផល​ពិតប្រាកដ ។ ដូច្នេះ​គួរ​បំភ្លេច​វា​ចោល ឬ ចាត់ទុកជា​ស្នាម​អនុស្សាវរីយ៍​ល្អ​បំផុត​នៃ​ជីវិត ។ ទន្ទឹមនឹងនេះ​ចូរ​មាន​មោទកភាព ចំពោះ​គ្រួសារ​បច្ចុប្បន្ន​របស់​ក្មួយ​ស្រី និង ផ្តោត​ការយកចិត្តទុកដាក់​ថែរក្សា​វា​ឱ្យបាន​ច្រើនជាង​មុន ។ ចំពោះ​ចម្លើយ​ឆ្លើយតប​ទៅនឹង​ការទាក់ទាញ​រប​ស់បុរ​សម្នាក់​នោះ ក្មួយ​ស្រី​គួរតែ​ជួប​គាត់ និង និយាយ​គ្នា​ឱ្យបាន​ដាច់ស្រេច ។ អ្វីដែល​ក្មួយ​ស្រី​គួរ​ធ្វើ និង គួរ​និយាយប្រាប់​គាត់​នោះ​គឺ​ញញ្ញឹម​ដាក់​គាត់ ហើយ​ថា «​លោក​កុំ​និយាយ​លេង​អី ! ខ្ញុំ​មានគ្រួសារ​ហើយ ម្យ៉ាងទៀត​វា​ក៏​ជា​រឿង​អតីតកាល​ទុកឱ្យ​វា​នៅ​ជា​រឿង​អតីត ចុះ យើង​រាប់អាន​ជា​មិត្ត​ល្អ​គឺ​ត្រឹមត្រូវ​ណាស់​» ៕

បើ​មាន​ជាតិ​ក្រោយ អូន​ប្រាថ្នា​ជួប​បង​លុះ​អវសាន