ព្រឹក​នេះ រស់ សំអឿន និង​ភរិយា​ឡើង​យន្តហោះ​​ជួយ​បឹងកេត​នៅ​ថៃ​ ក្រោយ​ការយប់​មិញ​


ព្រឹក​នេះ រស់ សំអឿន និង​ភរិយា​ឡើង​យន្តហោះ​​ជួយ​បឹងកេត​នៅ​ថៃ​ ក្រោយ​ការយប់​មិញ​

ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ និង​ក្លិប​បឹងកេត​អង្គរ​ រស់ សំអឿន និង​ភរិយា​ត្រូវ​ឡើង​យន្តហោះ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២០​ ខែ​ធ្នូ​នេះ​ទៅ​ប្រទេស​ថៃ​ដើម្បី​ជួយ​ក្លិប​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ Toyota Mekong Club Championship ទល់​នឹង​ក្រុម​ Buriram United​ ពោល​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ពួក​គេ​រៀប​ការ​កាល​ពី​យប់​មិញ។

 

រស់ សំអឿន បាន​ប្រាប់​ Sabay យប់​មិញ​នៅ​ក្នុង​ពិធី​ទទួល​ទាន​ភោជនីយ​អាហារ​ថា រូប​គេ​ និង​ភរិយា​នឹង​ឡើង​យន្តហោះ​វេលា​ម៉ោង​៦:៤០​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​២០​ ខែ​ធ្នូ​ ដើម្បី​ទៅ​ជួយ​ក្លិប​បឹង​កេត​អង្គរ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ពាន​ Toyota Mekong Club Championship នឹង​​ម្ចាស់​ផ្ទះ​ Buriram United ដែល​ជា​ក្រុម​ជើង​ឯក​លីក​កំពូល​ថៃ​វេលា​ម៉ោង​៧​យប់​នេះ។​

 

គូ​ស្វាមី​ភរិយា​ថ្មោង​ថ្មី​បាន​បន្ថែម​ថា​ ពួក​គេ​នឹង​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​ទើប​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ ការ​ស្នាក់​នៅ​នេះ​ក្នុង​រយៈ​ពេល​មួយ​ខ្លី​មួយ​ ប៉ុន្តែ​ប្រៀប​ដូច​ជា​ពេល​វេលា​នៃ​រាត្រី​ក្រេច​ចន្ទ​ទឹក​ឃ្មុំ​ដែរ។

 

រស់ សំអឿន​ និង​ភរិយា​ យូរ បូណ៌មី បាន​រៀប​មង្គល​ការ​​ និង​ពិធី​ទទួល​ទទួល​ទាន​ភោជនីយ​អាហារ​​កាល​ពី​យប់​មិញ​នៅ​ភោជនីយដ្ឋាន​ពិភព​ថ្មី។ វត្តមាន​ភ្ញៀវ​កិត្តិយស​ចូល​រួម​ពិធី​កាល​ពី​យប់​មិញ​ពុំ​មាន​កីឡាករ​ និង​ថ្នាក់​ដឹក​នាំ​មក​ពី​ក្លិប​បឹងកេត​អង្គរ​ឡើយ ប៉ុន្តែ​ភាគ​ច្រើន​កីឡាករ​មក​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​ ស្វាយរៀង​ និង​ក្លិប​ផ្សេង​ៗ​ទៀត។

 

មិន​ត្រឹម​គ្មាន​វត្តមាន​កីឡាករ​ និង​ថ្នាក់​ដឹក​នាំ​មក​ពី​ក្លិប​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​ភរិយា​របស់​កីឡាករ​ និង​ថ្នាក់​ដឹក​នាំ​ក៏​មិន​បាន​ចូល​រួម​ពិធី​ទទួល​ទាន​អាហារ​ដោយ​សារ​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​ដើម្បី​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បឹងកេត​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​យប់​នេះ៕

 

ព្រឹក​នេះ រស់ សំអឿន និង​ភរិយា​ឡើង​យន្តហោះ​​ជួយ​បឹងកេត​នៅ​ថៃ​ ក្រោយ​ការយប់​មិញ​

ព្រឹក​នេះ រស់ សំអឿន និង​ភរិយា​ឡើង​យន្តហោះ​​ជួយ​បឹងកេត​នៅ​ថៃ​ ក្រោយ​ការយប់​មិញ​ រូបភាព​បញ្ជាក់​ពី​ការ​ទៅ​ដល់​ថៃ​មុន​នេះ​បន្តិច (រូបថត៖ រស់ សំអឿន)

 

អត្ថបទ៖ ជាន ចាន់រ៉ា​