កញ្ញា​មាន សូ​នី​តា ចាយ​សម្រស់​ក្នុង​ពិធី​បញ្ចាំង​ភាពយន្ត​ហូ​លី​វូ​ដ​ដ៏​ល្បី​រឿង «Star Wars»

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន និង​តារា​សម្តែង​ជា​ច្រើន​ដួង ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ​មួយ​ចំនួន បាន​បង្ហាញ​វត្តមាន​ជាមួយ​ភាព​រីករាយ​រំភើបចិត្ត​ក្នុង​ពិធី​សម្ពោធ​រឿង «Star Wars» របស់​ហូ​លី​វូ​ដ ។ ពិធី​នោះ​កញ្ញា​មាន សូ​នី​តា ដែល​ជាប់​តំណែង​ជា​អ្នកតំណាង​រោង​ភាពយន្ត Legend គ្រង​ឈុត​សម្លៀក​បំពាក់​ប្លែក រំលេច​មកុដ​ប្រណីត​ធ្វើ​ឲ្យ​មហាជន​សរសើរ ។

កញ្ញា​មាន សូ​នី​តា ត្រូវ​ក្រុមការងារ​នៃ​រោង​ភាពយន្ត​លេ​ជេន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​រោង​ភាពយន្ត​នេះ ដោយសារ​តែ​មានគុណ​សម្បត្តិ​ល្អ និង​ក្រមសីលធម៌​ល្អ ព្រមទាំង​មានការ​ពេញចិត្ត​ពី មិត្ត​ៗ​តាម​ហ្វេ​ស​ប៊ុ​ក​ច្រើន ។ នា​រាត្រី​ថ្ងៃ​ទី​១៧ ធ្នូ ឆ្នាំ​២០១៥​ខ្សែ​រឿង «Star Wars» ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​រោង​ភាពយន្ត Legend សាខា​ទួល​គោក ហើយ​កញ្ញា​មាន សូ​នី​តា ដែល​ជា​តំណាង​រោង​ភាពយន្ត​បាន​បង្ហាញខ្លួន ។ មាន សូ​នី​តា ធ្វើ​ឲ្យ​មិត្ត​យុវវ័យ​ក៏​ដូច​ជា​ទស្សនិកជន​ចាប់អារម្មណ៍​ដោយសារ​តែ​នាង​រំលេច​រ៉ូ​ប​ពណ៌​ខ្មៅ​ស្អាត​សមជា​មួយ​កម្មវិធី បូក​ទាំង​ការ​ផ្តល់​ស្នាមញញឹម​ដាក់​អ្នកគាំទ្រ​។ ជា​ពិសេស​សូ​នី​តា ពាក់​មកុដ​មើលទៅ​ដូច​ការ​បង្ហាញខ្លួន​បែប​តា​រាហូ​លី​វូ​ដ ។

កញ្ញា​មាន សូ​នី​តា ជា​អ្នកតំណាង​រោង​ភាពយន្ត​លេ​ជេន មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ពិធី​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ទើបតែ​មក​ដល់​កម្ពុជា ជា​ភាពយន្ត​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍ និង​ល្បីល្បាញ​នៅ​ពិភពលោក នោះ​គឺ​រឿង «Star Wars» ។​ជា​ប្រវត្តិសាស្ត្រ​នៃ​ភាពយន្ត​ហូ​លី​វូ​ដ​ថ្មី​មួយទៀត ដែល​នាំ​មក​ជូន​ដោយ​រោង​ភាពយន្ត​លេ​ជេន​ចែក​ជូន​អ្នកគាំទ្រ​ឲ្យ​បាន​ប្តូរ​រសជាតិ​ថ្មី​បន្ទាប់​ពី​បាន​ទស្សនា​គ្រប់​ប្រភេទ​រឿង ល្អ​ៗ​ជា​ច្រើន​នោះ​។ រោង​ភាពយន្ត​លេ​ជេន​តែងតែ​ប្រមូល​គំនិត​គ្នា​ពិភាក្សា​រិះរក​គំនិត ថ្មី​ៗ​ដើម្បី​ចែក​ជូន​មហាជន​អ្នកគាំទ្រ​តាំងពី​ដើម​មក ។

ចំពោះ​កញ្ញា​សូ​នី​តា តាំងពី​មុន​មក​តែងតែ​ទៅ​ទស្សនា​ភាពយន្ត​នៅ​រោង​លេ​ជេន ដោយ​រោង​ភាពយន្ត​មួយ​នេះ​ជា​រោង​ដំបូង​គេ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​នាង​ស្គាល់​រោង​ភាពយន្ត​ទំនើប​ទាន់​សម័យ ។

រោង​ភាពយន្ត​លេ​ជេន បាន​រៀបចំ​កម្មវិធី Star Wars Gala Premiere Nigh ដែល​មាន​តែ​មួយ និង​លើក​ដំបូង​នៅ​កម្ពុជា ដោយ​ផ្តល់​ឱកាស​ឲ្យ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​មួយ​នេះ បាន​ចូលរួម​សប្បាយ​រីករាយ​។ សម្រាប់​ទស្សនិកជន​ដែល​ធ្លាប់​តាមដាន Star Wars នៅ Version កន្លង​មក មុខជា​រំភើប​ចិត្តនឹង​ការ​មក​ដល់​សា​ជា​ថ្មី Star Wars ដែល​ជា​ភាពយន្ត​ល្អ​បំផុត និង​ទទួល​បាន​ប្រជាប្រិយភាព​គ្រប់ពេលវេលា ។

៣០​ឆ្នាំ​នៃ​ការ​យកឈ្នះ​ក្រោយ​ចក្រភព​ផ្កាយ Han Solo (​សម្តែង​ដោយ Harrison Ford)​និង​ក្រុម​របស់​គាត់​ប្រឈម​នឹង​ការ​វាយប្រហារ​របស់​បិសាច Kylo Ren (​សម្តែង​ដោយ Adam Driver)​និង​កងទ័ព Stormtroopers ។ វា​នឹង​ធ្វើ​ឲ្យ​កក្រើក​ជា​ថ្មី​ម្តងទៀត​នៅ​ក្នុង​សង្គ្រាម​ពិភព​ផ្កាយ​មួយ​នេះ ហើយ​ក្នុង​រយៈពេល​២​ម៉ោង​និង​១៦​នាទី ទស្សនិកជន​នឹង​មិន​ចង់​ងើប​ចេញពី​កៅអី​ទស្សនា​ទៅ​បន្ទប់ទឹក ឬ​មិន​ហ៊ាន​ព្រិច​ភ្នែក​ដោយសារ​មិន​ចង់​ខកខាន​ពី​ភាពយន្ត​ដ៏​អស្ចារ្យ​នេះ ។ ខ្សែភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​គ្រប់​សាខា​រោង​ភាពយន្ត​លេ​ជេន​ចាប់ពី​ថ្ងៃ​ទី​១៨​ធ្នូ ឆ្នាំ​២០១៥ តទៅ ៕