ពិធីបួងសួង​សុំ​​សេចក្តីសុខ​​​ដល់​ទឹកដី​សុវណ្ណ​ភូមិ​​ខេត្តសៀមរាប

ខេត្តសៀមរាប ​៖ ​ពិធីបួងសួង​សុំ​​​សេចក្តីសុខ​សប្បាយ​ពី​ម្ចាស់​ទឹក ​ម្ចាស់​ដី និង​បារមីអ្នក​គង់​ប្រថាប់​ថែរក្សា​ការពារ​នៅ​គ្រប់​ប្រាង្គ​ប្រាសាទ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ជូន​ដល់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ​ប្រជាពលរដ្ឋ និង​មាតុភូមិ​កម្ពុជា ដែល​ជា​ទឹកដី​សុវណ្ណ​ភូមិ​​​ឱ្យ​ជួប​តែ​សេចក្តីសុខ​ចម្រើន ក្នុង​ឱកាស​បុណ្យ​មហា​សង្ឃទាន​រាប់ បាត្រ ប្រគេន​ដល់ព្រះសង្ឃចំនួន៤​ពាន់​១០០​អង្គ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៩​កើត ខែមិគសិរ ឆ្នាំមមែ​សប្តស័កព​.​ស​២៥៥៩ ត្រូវ​នឹង​ថ្ងៃ​ទី១៩ ​ធ្នូ ​​២០១៥ នា​ចុង​ស​ប្តា​ហ៍​នេះ នៅ​លើ​ក្តារបែន​ខាងកើត​ប្រាសាទតាព្រហ្ម​នៃ​ខេត្តសៀមរាប ដើម្បី​រំឭក​គុណ​ព្រះ​មហា​ឧបការីគុណ និង​ឧទ្ទិស​មហាកុសលថ្វាយអតីត​មហា​បុរស​ខ្មែរគ្រប់​សម័យកាល ​​។

ពិធីបួងសួង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​​​ លោក​ជំទាវ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងរដ្ឋសភា ​ព្រឹទ្ធសភា និង អធិការ​កិច្ច ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងលោក​ជំទាវ ញ៉ែ​ម សា​ខន ស ខេ​ង ដោយ​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ និងអស់លោក លោកស្រី​ជា​ភរិយា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​ផង​ដែរ ។

បន្ទាប់​ពី​លោក​ជំទាវបណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ធ្វើការ​បូជា​ទៀន ធូ​ប និងថ្វាយ​ភួងផ្កា​ភ្ញី នៅ​រាន​អា​សនៈ រួច​មក ក្នុង​ពិធីបួងសួង​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​តាម​គន្លង​ប្រពៃណី ទំនៀមទម្លាប់​នៃព្រះពុទ្ធ​សាសនា ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង​ដែល​បាន​គោរព​បដិបត្តិ​តរៀង​មក ។ ក្នុង​នោះ​ដែរ ​លោក​ជំទាវ​ឧ​ប​នាយក​រដ្ឋមន្ត្រី និងឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី  លោក​អាចារ្យ​ ក៏​បាន​ធ្វើ​ពិធី​ឧទ្ទិស​បួងសួង សូម​​​ព្រះ​បារមី​ដ៏​ស័​ក្តិ​សិទ្ធិ ដែល​គង់​ប្រថាប់​ថែរក្សា​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រអង្គរ​ដ៏​បវរ​នៃ​យើង ​ព្រមទាំង​បារមី​ព្រះ​អង្គ​ចេក ​ព្រះ​អង្គ​ចម លោកយាយ​ទេព លោកតា​ដំបង​ដែក លោកតា​រាជ ព្រះ​អង្គ​តូច ព្រះ​អង្គ​ធំ គង់នៅ​ខ្នងភ្នំ​គូលែន និង​បារមី​អ​រុក្ខ​អ​រក្ស​អ្នកតា​គ្រប់​ទិស​ទី និង​ទេវតា​​រក្សា​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ តាម​ជួយ​ថែរក្សា​​​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ​សូម​ជួយ​ឱ្យ​កិច្ច​ដំណើរការ​នៃ​ការក្នុង​ពិធីបុណ្យ​មហា​សង្ឃទាន​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន៤​ពាន់​១០០​អង្គ និង​បូជា​ប្រទីប​ថ្វាយ​ព្រះ​រតនត្រ័យ​ ក្នុង​ការ​សម្តែង​នូវ​ភាវៈ​ជា​អ្នក​គោរពដឹងគុណ និង​ធ្វើ​បដិការ​កិច្ចចំពោះ​បុព្វមហា​បុរស​របស់​យើង​ទាំងអស់​គ្នា ​សូម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​នូវ​សេចក្តី​​សុខ​សន្តិភាព និងមានការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​រីក​ចម្រើន​តទៅ​អនាគត ៕​​