ហ៊ី​យ៉ា​ន់​ដាយ​ចត​ចោល​លើ​ដងផ្លូវ​អត់​ដាក់​សញ្ញា​សំគាល់ ម៉ូតូ​បុក​ពីក្រោយ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បាន​ស្លាប់​​​ភ្លាម​ៗនៅ​នឹង​កន្លែង​កើតហេតុ ព្រមទាំង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​តែ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​១F២១៦៦ ទៅ​បុកគូទ​រថយន្តហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​៥​តោន​មួយ​គ្រឿង ដែល​ម្ចាស់​ចត​ចោល​នៅ​លើ​ដងផ្លូវ ហើយ​មិន​បានដាក់​ភ្លើង​បំភ្លឺ​ឱ្យ​មើលឃើញ ឬ​សញ្ញា​សំគាល់​អ្វី​ទាំងអស់​។

ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ និង​១០​នាទី​ល្ងាច ខណៈ​ពេល​ដែល​មេឃ​ចាប់ផ្តើម​ងងឹត​ទៅ​ហើយ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច​ភូមិ​តា​កោ ឃុំ​តា​កោ ស្រុក​ពោ​ធិ៍​រៀង ​ហើយ​មូលហេតុ​ដែល​ធ្វើ​ឱ្យមាន​ហេតុ​ការ​ណ៍នេះ​ឡើង គឺ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​រថយន្ត​។

ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ណ៍នេះ​ ​​ឈ្មោះ ផា រ​ដ្ឋា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ ជា​អ្នកបើកបរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ក្តួច ឃុំ​ព្រៃ​ក្តួច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​តែ​បោក​ក្បា​លទៅ​នឹង​រថ​យន្ត​ ចំណែក​ម្នាក់​ទៀត​​ឈ្មោះ អែម ស៊ី​ថា ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រង​របួស​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តព្រៃវែង​ភ្លាម​ៗ ក្រោយ​ពី​កើតហេតុ​៕