ល្ងាច​នេះ បឹង​កេត​ ​ប៉ះ Buriram ​តើ​នរណា​ជា​អ្នក​ទឹក​ភ្នែក?

ល្ងាច​នេះ បឹង​កេត​ ​ប៉ះ Buriram ​តើ​នរណា​ជា​អ្នក​ទឹក​ភ្នែក?

ក្រុម​បឹង​កេត​អង្គរ​តំណាង​ឱ្យ​កម្ពុជា​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Buriram United ​តំណាង​ឱ្យ​ប្រទេស​ថៃ​នា​វេលា​ម៉ោង​ ៧​ល្ងាច​នេះ ​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់ Toyota Mekong Cup 2015 ​។ ចាំ​មើល​ថា​តើ​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ នរណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ?

 

ល្ងាច​នេះ បឹង​កេត​ ​ប៉ះ Buriram ​តើ​នរណា​ជា​អ្នក​ទឹក​ភ្នែក?

 

សម្ដី​ថ្នាក់​ដឹក​នាំ​ក្រុម​ទាំង​ពីរ

 

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​និយាយ​មុន​ប្រកួត​ថា​ ក្រុម​របស់​លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ប៉ុន្តែ​មិន​អាច​សន្យា​អ្វី​បាន​នោះ​ទេ។ មាន​តែ​ប្រិយមិត្ត​ប៉ុណ្ណោះ​ដែល​អាច​វាយ​តម្លៃ​ចំពោះ​ការ​ប្រកួត​នេះ​បាន ព្រោះ​អ្នក​គ្រប់​គ្នា​បាន​ស្គាល់​ច្បាស់​ហើយ​ថា​ក្រុម Buriram United ​មាន​សមត្ថភាព​យ៉ាង​ណា។

 

ចំណែក​ឯ​ថ្នាក់​ដឹក​នាំ​ក្រុម Buriram ​លោក Newin Chidchob វិញ ​មិន​មាន​អ្វី​និយាយ​ច្រើន​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ​ក្រុម​នឹង​ព្យាយាម ​មិន​ឱ្យ​មាន​ការ​ធ្វេសប្រហែស​នោះ​ទេ។ Buriram ​នឹង​ប្រមូល​យក​ពាន​ទាំង​អស់​នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៥​នេះ។

 

​ជើង​កីឡាករ

 

បឹង​កេត​មិន​មាន​បញ្ហា​កីឡាករ​នោះ​ទេ ដោយ​ខ្សែ​បម្រើ​ការពារ រស់ សំអឿន ដែល​ទើប​តែ​រៀបការ​កាល​ពីយប់​មិញ​នោះ ក៏​បាន​ទៅ​ប្រទេស​ថៃ​នៅ​ព្រឹក​នេះ​ដែរ ដើម្បី​អាច​ជួយ​ក្រុម​បាន​ប្រសិន​បើ​លោក ​ប្រាក់ សុវណ្ណារ៉ា ​ផ្ដល់​ឱកាស។ ដូច្នេះ ប្រកួត​យប់​នេះ​អាច​និយាយ​បាន​ថា​ ក្រុម​បឹងកេត​មិន​មាន​បញ្ហា​ចំពោះ​កីឡាករ​នោះ​ទេ។

 

ក្រុម Buriram United ​វិញ ​ក៏​មិន​មាន​បញ្ហា​អ្វី​នោះ​ដែរ ប៉ុន្តែ​កីឡាករ​ដែល​ពួកគេ​ទើប​តែ​ទិញ​ចូល​២​នាក់​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ មិន​ទាន់​អាច​ចូល​លេង​បាន​នោះ​ទេ។ ដូច្នេះ​ប្រកួត​ល្ងាច​នេះ ​កូន​ក្រុម​របស់​លោក Alexandre Gama ​មិនមាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ ។

 

 

 

អត្ថបទ៖ មុន្នី រម្យ