ស្ត្រី​ម្ចាស់​រូប​ដែល​អាជ្ញាធរ​លុប​ពី​ជញ្ជាំង​អគារ​ប៊ូ​ឌិ​ញ​សម្តែង​ការ​សោកស្តាយ​ថា «​អស្ចារ្យ​ណាស់​»

ស្ត្រី​ម្ចាស់​រូប​ដែល​អាជ្ញាធរ​លុប​ពី​ជញ្ជាំង​អគារ​ប៊ូ​ឌិ​ញ​សម្តែង​ការ​សោកស្តាយ​ថា «​អស្ចារ្យ​ណាស់​»

រាជធានី​ភ្នំពេញ ៖ អ្នកស្រី មឿ​ន ថា​រី ដែល​រូប​របស់​អ្នកស្រី​ត្រូវ​បាន​គេ​គូ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង បាន​សម្តែង​នូវ​ការ​សោកស្តាយ​ការ​ដែល​អាជ្ញាធរ​លុប​រូប​អ្នកស្រី​ចោល​បែប​នេះ ។ អ្នកស្រី​ថា រូប​របស់​អ្នកស្រី​កាន់​ម្ជុលដេរ​ប៉ាក់
ជា​គំនូរ​ដែល​គូរ​ដោយ​វិចិត្រករ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ មិន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម នយោបាយ​ទេ ប៉ុន្តែ​ជា​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ប៉ុណ្ណោះ ។

ក្រៅពី​សាមីខ្លួន មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ខ្លះ ក៏​បាន​បញ្ចេញមតិ​មិន​ពេញចិត្ត​ដែរ ។ ចំណែក​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​បាន​ធ្វើការ​រិះគន់​លើ​ចំណាត់ការ​លុប​រូប​នេះ​ដែរ ។

អ្នកស្រី មឿ​ន ថា​រី ជា​មន្ត្រី​ផ្នែក​ដេរ​បា​៉​ក់​សម្លៀក​បំពាក់​របាំ​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ អ្នកស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ដោយ​សម្តែង​ការ​អន់ចិត្ត ចំពោះ​វិធានការ​របស់​អាជ្ញាធរ​នេះ ដោយ​បាន​ដកស្រង់​សម្តី​អ្នកស្រី​ថា សម្រាប់​ខ្ញុំ​ដល់​ធ្វើ​អីចឹង​គឺ​អស្ចារ្យ គ្រាន់តែ​រូបថត​មួយ​សន្លឹក​យើង​ជា​អ្នកសិល្បៈ យើង​ផ្សព្វផ្សាយ​ពី​សិល្បៈ​រឿង​អី​ទៅ​លុប ? ខ្ញុំ​ក៏​អន់ចិត្ត​ដែរ ។

ជា​ការ​ពិត សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ បញ្ជា​ឱ្យ​លុប​រូប​នោះ​ចោល ។ ក្រៅពី​នេះ ក៏​ចាត់​ឱ្យ​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្តិ​មក​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន ។ ភ្លាម​ៗ​នោះ​ដែរ អាជ្ញាធរ​បាន​លុប​រូប​ចោល​ទាំង​យប់ ។

លោក ឡុ​ង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី បាន​ពន្យល់​ពី​វិធានការ​នេះ​ថា គំនូរ​នេះ​មិន​សម​នឹង​ដាក់​បង្ហាញ​នៅ​ទី​សាធារណៈ ព្រោះ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ មិន​ដែល​គូ​រូប​បែប​នេះ​នៅ​ទី​សាធារណៈ​ទេ ។

លោក ឡុ​ង ឌី​ម៉​ង់ បន្ត​ថា វិចិត្រករ​ជា​ជនជាតិ​អា​មេ​រិ​ក​ដែល​គូរគំនូរ​នេះ ពិតជា​បាន​ដាក់​ពាក្យ​ស្នើ​សុំ​មក​សាលា​រាជធានី​មែន ដើម្បី​គូរគំនូរ​នេះ និង​នៅ​កន្លែង​ផ្សេង​ទៀត ប៉ុន្តែ​សាលាក្រុង​មិន​ទាន់​ឆ្លើយ​ផង ស្រាប់តែ​វិចិត្រករ​រូប​នេះ គូរ​មុន​រួច​ទៅ​ហើយ ។ លោក​ថែម​ទាំង​ស្តីបន្ទោស​អាជ្ញាធរ​មូលដ្ឋាន ដែល​បណ្តែតបណ្តោយ​ឱ្យ​មានការ​គូរគំនូរ​នេះ​បាន និង​ធ្វើ​ឱ្យ​លេចឮ ពាក្យ​ច​ចាម​អារាម​ថា សាលា​រាជធានី​នឹង​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​អ្នក​គូររូប​នេះ​ទៀត ហើយ​លោក​បាន​បដិសេធ​ថា គ្មាន​ការ​ចាប់ខ្លួន​វិចិត្រករ​នោះ​ទេ ។

បញ្ហា​លុប​គំនូរ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង​នោះ​ទទួល​ការ​រិះគន់​ច្រើន​ជាង​ការ​ស្វាគមន៍ ពិសេស​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគច្រើន​រិះគន់​អាជ្ញាធរ​ដែល​មិន​ព្រម​លុប ឬ​រុះរើ​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែល​ដាក់​បង្ហាញ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ភ្នំពេញ ប៉ុន្តែ​បែរជា​លុប​រូប​ស្ដ្រី​ដេរ​ប៉ាក់​នេះ​ចោល​ទៅ​វិញ ។

តាម​វិទ្យុ​អាស៊ី​ស៊េរី​បាន​ដកស្រង់​សម្ដី​លោក មេ​ក ហ្គ្រ ហ្គី ដែល​ជា​អ្នក​គូរគំនូរ​ម្នាក់​ក្នុង​ក្រុម​អ្នក​គូរ​ជា​ជនជាតិ​បរទេស​ផ្សេង​ទៀត បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​គូររូប​ស្ដ្រី​នេះ ដើម្បី​ឧទ្ទិស​ដល់​សិល្បករ​កម្ពុជា ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​សម័យ​ខ្មែរក្រហម ។ លោក​បន្ថែម​ថា ក្រុម​លោក​សម្រេច​គូររូប​មនុស្ស​សាមញ្ញ ដែល​មិនមែន​ជាតា​រា​ល្បីល្បាញ ដោយសារ​ចង់​តំណាង​ឱ្យ​មនុស្ស​ភាគច្រើន​នៅ​កម្ពុជា ។ គំនូរ​បែប​នេះ​មិនមែន​ទើបតែ​មាន​ជា​លើក​ទី​១ នៅ​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​វា​ជា​គំនូរ​ទី​១​ដែល​គូរ​នៅ​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌី​ង ខណៈ​ដែល​អគារ​ចាស់​ទ្រុឌទ្រោម​មួយ​នេះ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ​កំពុង​រស់នៅ​ទីនោះ​ជួសជុល​កែ​លម្អ ៕