កងទ័ព​ថៃ​បាន​យក​សោ​ដែល​កាត់​មក​ចាក់​ឡើង​វិញ មន្ត្រី​យោធា​កម្ពុជា​និយាយ​ថា ភាគី​ថៃ​បាន​ធ្វើការ​សុំ​ទោស

កងទ័ព​ថៃ​បាន​យក​សោ​ដែល​កាត់​មក​ចាក់​ឡើង​វិញ មន្ត្រី​យោធា​កម្ពុជា​និយាយ​ថា ភាគី​ថៃ​បាន​ធ្វើការ​សុំ​ទោស

ខេត្តព្រះវិហារ ៖ ច្រក​ទ្វារ​ដែក​ចេញចូល​ប្រាសាទព្រះវិហារ ដែល​កងទ័ព​ថៃ​ចូល​មក​កាត់​សោ​កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កងទ័ព​កម្ពុ​ជាមួយ​ឈុ​ល​នោះ ពេល​នេះ​បាន​ស្ងប់ស្ងាត់​វិញ​ហើយ បន្ទាប់​ពី​ភាគី​ថៃ
យល់​ព្រមយក​សោ​ដែល​កាត់​នោះ​មក​ចាក់​វិញ និង​សុំ​ទោស​កងទ័ព​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ ថុ​ល សុវណ្ណ មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំការ​នៅ​ទិស​ប្រាសាទ​ព្រះវិហារ តំណាង​ប្រធាន​គណៈ​បញ្ជាការ​សមរភូមិ​ជួរ​មុខ​ទិស​ទី​១​ប្រាសាទព្រះវិហារ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​លើ​ប្រាសាទព្រះវិហារ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ថា  ក្រោយ​ពី​មាន​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ដឹកនាំ​កងទ័ព​ឈុត​ខ្មៅ ឈុត​ប៉ា​រ៉ា និង​ស៊ី​វិល​ប្រមាណ​ជិត​២០​នាក់ ចូល​មក​កាត់​សោ​ទ្វារ​ច្រក​ចេញចូល​ប្រាសាទ​ព្រះ​វិហារ​ជា​ឯកតោភាគី កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែធ្នូ ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា​ភ្ញាក់ផ្អើល និង​មាន​ប្រតិកម្ម​ភ្លាម​ៗ​ចំពោះ​ទ​ង្វើ​របស់​ភាគី​ថៃ ។

លោក​មេបញ្ជាការ​រង​បន្ត​ថា ក្រោយ​ពី​មាន​ទំនាក់ទំនង​រវាង​កងកម្លាំង​ទាំង​ពីរ​ភាគី​រួច​មក ភាគី​ថៃ​ក៏​បាន​យល់​ព្រមយក​សោ​ដែល​ពួក​គេ​កាត់​ជា​ឯកតោភាគី មក​ចាក់​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ និង​បាន​សុំ​ទោស​កងកម្លាំង​កម្ពុជា ចំពោះ​ការ​កាត់​សោ​ទ្វារ​នេះ ។

លោក​ឧត្តមសេនីយ៍ទោ ថុ​ល សុវណ្ណ បាន​បញ្ជាក់​ថា ប្រសិនបើ​ភាគី​ថៃ​មាន​សកម្មភាព ឬ​ធ្វើ​ទ​ង្វើ​ណា​មិន​ប្រក្រតី​មក​លើ​អធិបតេយ្យភាព​កម្ពុជា​ទៀត កងកម្លាំង​កម្ពុជា​នឹង​ប្រើប្រាស់​សិទ្ធិ ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​រឹង​មាំ មិន​ឲ្យ​សត្រូវ​ឈ្លានពាន​បាន​ឡើយ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​សភាពការណ៍​ព្រំដែន​នៅ​តំបន់​ប្រាសាទព្រះវិហារ​មាន​ភាព​ស្ងប់ស្ងាត់​ជា​ធម្មតា មិន​មាន​អ្វី​ប្លែក​ឡើយ ដោយ​កងកម្លាំង​ទាំង​ពីរ​ភាគី មាន​ទំនាក់ទំនង​គ្នា​ល​ជា​ធម្មតា ។ ចំណែក​អាកាសធាតុ​នៅ​លើ​ប្រាសាទព្រះវិហារ សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​រហូត​ដល់​១១​អង្សា​សេ ប៉ុន្តែ​កងកម្លាំង​កម្ពុជា ទាំងអស់​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ អំពី​បញ្ហា​សុខភាព ។

ឥរិយាបថ​របស់​កងទ័ព​ថៃ ដែល​នៅ​សុខ​ៗ​ស្រាប់តែ​មក​ចាក់ក្រឡេក​បែប​នេះ ត្រូវ​បាន​មន្ត្រី​រាជរដ្ឋាភិបាល​អះអាង​ថា កម្ពុជា​នឹង​វាយបក​ទៅ​ភាគី​ថៃ​វិញ បើ​ថៃ​នៅ​តែ​បន្ត​រុលចូល​ក្នុង​តំបន់​ប្រាសាទព្រះវិហារ ផ្ទុយ​នឹង​សាលដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដូច​ជា​ករណី​ចូល​កាត់​សោ​ដែក​ទ្វាររបង ច្រកចូល​ប្រាសាទ កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់​ទុក​សកម្មភាព​របស់​កងទ័ព​ថៃ​នៅ​ពេល​នេះ​ថា ជា​ការ​មើលងាយ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ) ព្រោះ​តុលាការ​យុត្តិធម៌​នេះ បាន​ហាមប្រាម​មិន​ឱ្យ​មាន​ចលនា​យោធា​នៅ​តំបន់​នោះ ។

ទី​១-​យើង​តតាំង​បណ្តើរ​និង​ចរចា​បណ្តើរ ដើម្បី​អនុវត្ត​ពេញលេញ​នូវ​ការ​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។

ទី​២-​យើង​មិន​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ហ្នឹង ក្លាយជា​សភាពការណ៍​អាក្រក់​នៅ​តំបន់​នោះ​ទេ ប៉ុន្តែ​មេបញ្ជាការ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក ប្រាប់​ថា នឹង​ធ្វើការ​វាយប្រហារ​បើ​មានរឿង ចូល​កាត់​ទ្វារ​ដែក​ចេញចូល​ប្រាសាទព្រះវិហារ នេះ​បន្ត​ទៀត ។

លោក ផៃ ស៊ី​ផា​ន មាន​ប្រសាសន៍​បន្ត​ថា សកម្មភាព​របស់​ថៃ​នៅ​ពេល​នេះ​មិនធំ​ដុំ​ទេ ប៉ុន្តែ​ប្រហែលជា​ថៃ​ចង់​បង្កើត​បញ្ហា​នេះ ដើម្បី​អាច​ជជែក​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ ។ កាលពី​ពេល​កន្លង​មក ភាគី​ថៃ​បាន​ស្នើ​សុំ​កម្ពុជា​ជា​ច្រើន​ដង​ហើយ ដើម្បី​បើក​ច្រក​ចេញចូល​ប្រាសាទព្រះវិហារ​នេះ​ឡើង​វិញ ។

ច្រក​ទ្វារ​ចេញចូល​ប្រាសាទព្រះវិហារ​ពី​ព្រំដែន​ថៃ ត្រូវ​បាន​បិទ​អស់​រយៈពេល​៧​ឆ្នាំ​ហើយ បន្ទាប់​ពី​មាន​ភាព​រំជើបរំជួល​ពេល​កម្ពុជា​កំពុង​បើក​យុទ្ធនាការ​សុំ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដែល​ខាង​ថៃ​បាន​ប្រឆាំង​នោះ ហើយ​ក្រោយ​ពេល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០២ ថៃ​បាន​លើក​កងទ័ព​ជា​ច្រើន​រយ​នាក់​ចូលលុក​លុយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​របស់​កម្ពុជា ដែល​ស្ថិត​នៅ​ជាប់​នឹង​ប្រាសាទព្រះវិហារ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ ៕