រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ចោរ​ប្លន់​អ្នកលក់​មាស​នៅ​ផ្សារ​តា​ឡា​ត់​បាន​នៅឡើយ​ទេ

ខេត្តកំពង់ស្ពឺ ៖ រហូត​មក​ទល់​ពេល​នេះ​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ធ្នូ ២០១៥ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​តា​ឡា​ត់ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ មាន​ករណី​ប្លន់​អាជីវករ​លក់​មាស​នៅ​ផ្សារ​តា​ឡា​ត់ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ ស្រុក​ភ្នំស្រួច ដោយ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ហើយ​ខណៈនោះ​កម្លាំង​ប៉េ​អឹ​ម រួម​ទាំង​សមត្ថកិច្ច​កំពុងធ្វើការ​ព័ទ្ធ និង​ដេញ​តាម​ចាប់​ជនសង្ស័យ​ដែល​ព្យាយាម​គេចខ្លួន​មក​ដល់​ចំណុច​ភូមិ​ក្រាំង​ដី​វ៉ា​យ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ​ អិន ធឿ​ន ហៅ ប៉ោ ជា​អតីត​ស្មៀនឃុំ​មហា​សាំង ត្រូវ​ក្រុម​ចោរ​បាញ់​ស្លាប់​ភ្លាម​ៗ ខណៈ​​អតីត​ស្មៀនឃុំ​រូប​នោះរ​ត់ទៅ​ឃាត់​កុំឱ្យ​ក្រុម​ចោរ​វាយ​បំបែក​ទូ​មាស ហើយ​ក៏​ត្រូវ​ចោរ​បាញ់​សម្លាប់​ដោយ​កាំភ្លើង​អាកា​តែ​ម្តង ។

ប្រភព​បន្ត​ថា ម្ចាស់​ទូ​មាស​ខាងលើ​ត្រូវ​បាន​ស្គាល់ឈ្មោះ ផា​ន ផា​ន់​នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​តា​ឡា​ត់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ត្រូវ​ក្រុម​ចោរ​ដែល​មាន​គ្នា​២​នាក់​ប្រើ​អាវុធ​អាកា​វាយ​បំបែក​ទូ​មាស​ប្លន់​យក​អស់​​ប្រមាណ​ជា​២០​ដំឡឹង ។ នេះ​បើ​តាម​ការ​អះអាង​ជំហាន​ដំបូង​របស់​ម្ចាស់​ទូ​មាស ។

ប្រភព​បន្ត​ថា ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​នោះ គឺ​ម៉ាក​ស្មាស់​ស៊េរី​ចាស់​មួយ​គ្រឿង ដោយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ហើយ ។

ទោះបីជា យ៉ាងណា កម្លាំង​ក៏​កំពុងធ្វើការ​រុករក​ជនសង្ស័យ​ទាំង​២​នាក់​ដែល​កំពុង​គេចខ្លួន​ក្នុង​ព្រៃ និង​ប្រុង​ប្រយ័ត្ន​ផង​ដែរ ព្រោះ​ខ្លាចក្រែង​ជនសង្ស័យ​អាច​នឹង​បាញ់​តដៃ ព្រោះ​ពួក​វា​មាន​កាំភ្លើង​អាកា​ក្នុង​ដៃ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព