Barcelona ​លើក​ពាន FIFA Club World Cup ​បាន​អត់​ល្ងាច​នេះ?

Barcelona ​លើក​ពាន FIFA Club World Cup ​បាន​អត់​ល្ងាច​នេះ?

ក្រុម​ខ្លាំង Barcelona ​នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​យក​ពាន​រង្វាន់ FIFA Club World Cup ​ជាមួយ​ក្រុម​ខ្លាំង​នៅ​ទ្វីប​អាមេរិក​ខាងត្បូង​ Club Atlético River Plate ​នា​កីឡដ្ឋាន ​International Yokohama ទីក្រុង Yokohama ប្រទេស​ជប៉ុន​វេលា​ម៉ោង ៥:៣០នាទី​ល្ងាច​នេះ។ រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា តើ​ក្រុម River Plate ​អាច​ធ្វើ​អ្វី​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បាន​ដែរ​អត់?

 

Barcelona ​លើក​ពាន FIFA Club World Cup ​បាន​អត់​ល្ងាច​នេះ?

 

គំនិត​របស់​អ្នក​ចាត់ការ​ក្រុម​ទាំង​សងខាង

 

Luis Enrique ​អ្នក​ចាត់ការ​ក្រុម Barcelona បាន​លើក​ឡើង​ថា​៖ “ប្រកួត​ល្ងាច​នេះ​អាច​ធ្វើ​ឱ្យ​យើង​គ្រោះថ្នាក់​ច្រើន ដោយសារ​តែ​បរិយាកាស​នៅ​កីឡដ្ឋាន​ប្រកួត ​ព្រោះ​ក្រុម River Plate ​បាន​នាំ​អ្នក​គាំទ្រ​មក​ចូល​រួម​ទស្សនា​ច្រើន។ ខ្ញុំ​មិន​ច្បាស់​ថា​យើង​អាច​លេង​ដូច​នៅ​ក្នុង​ដី​របស់​យើង​ឬ​អត់​នោះ​ទេ”។

 

លោក Marcelo Gallardo ​អ្នកចាត់ការ​ក្រុម River Plate ​បាន​និយាយ​ដែរ​ថា​៖ “នេះ​ជា​ការ​ប្រកួត​ធំ​បំផុត​សម្រាប់​ប្រវត្តិសាស្ត្រ​របស់​យើង ព្រោះ​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង​ជាងគេ​លើ​លោក។ វា​ជា​ការ​ប្រកួត​ល្អ​បំផុត​សម្រាប់​ក្រុម​ទាំង​មូល ព្រោះ​យើង​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព។ ត្បិតតែ​ពួកគេ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក (Barca) ​ប៉ុន្តែ​យើង​នឹង​លេង​ចេញ​ពី​បេះដូង​របស់​យើង”។

 

បញ្ហា​ជើង​កីឡាករ

 

ក្រុម​អ្នក​មាន​បុណ្យ មិន​មាន​បញ្ហា​នោះ​ទេ​ បន្ទាប់​ពី Neymar ​និង Messi ​អាច​ចូល​ហាត់​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​បាន​វិញ​ហើយ​នោះ។ ដូច្នេះ​អាច​និយាយ​បាន​ថា ​ក្រុម Barcelona ​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ប្រកួត​ល្ងាច​នេះ។

 

ក្រុម River Plate ​វិញ ក៏​ដូច​គ្នា បន្ទាប់​ពី​កីឡាករ Javier Saviola ​ដែល​ជា​អតីត​កីឡាករ Barcelona ​ដែរ​នោះ អាច​ចូល​លេង​វិញ​បាន​ហើយ។ ដូច្នេះ​ក្រុម​នៅ​អាមេរិក​ខាង​ត្បូង​មួយ​នេះ​អាច​ពេញ​ជើង​ល្អ​ហើយ។

 

ប្រវត្តិ​ជួប​គ្នា

 

ក្រុម​ទាំង​ពីរ​មិន​ដែល​ធ្លាប់​ជួប​គ្នា​ក្នុង​ប្រកួត​ផ្លូវការ​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ធ្លាប់​ប៉ះ​គ្នា​ក្នុង​ប្រកួត​មិត្តភាព​ច្រើន​ដង​ដែរ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ fcbarcelona