ពិ​ព័រ​ណ៌​ការងារ​សំរាប់​ក្រុមហ៊ុន​ជប៉ុន ជួយ​ដល់​សិស្ស និស្សិត​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​

ភ្នំពេញ: ដើម្បី​ជួយ​ដល់​សិស្ស និស្សិត ដែល​កំពុង​សិក្សា​នៅតាម​មហាវិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដែល​ភាគច្រើន​មកពី​វិស័យ​ឧស្សាហកម្ម មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ត​ការ​កម្ពុជា​-​ជប៉ុន (CJCC) សហការ​ជាមួយ​សមាគម អ្នក​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) រួមគ្នា​ប្រារព្ធ ពិធី​ពិ​ព័រ​ណ៌​ការងារ​សំរាប់​ក្រុមហ៊ុន​ជប៉ុន ប្រចាំ​ខែធ្នូ កាលពី​ថ្ងៃទី​១៩​ធ្នូ ឆ្នាំ​២០១៥​។​

​អ្នកស្រី ណាំ ស៊ូ​ទាង អ្នកសម្របសម្រួល ជាមួយ​ភាគី​ជប៉ុន នៃ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ត​ការ​កម្ពុជា​-​ជប៉ុន មានប្រសាសន៍ ថា ការបង្កើតអោយមាន​ពិ​ព័រ​ណ៌​ការងារ​នេះ​គឺ​ចង់​កាត់បន្ថយ​ភាពមិន​ស៊ីសង្វាក់​គ្នា រវាង​អ្នកស្វែងរក​ការងារ​ធ្វើ និង​ក្រុមហ៊ុន ការផ្តល់​ព័ត៌មាន​មិន​ដិតដល់ រឺក៏​ក្រុមហ៊ុន​រើស​បុគ្គលិក​មិនបាន​ល្អ ហើយក៏​ចងបង្ហាញ​ដល់​អ្នកសិក្សា​រៀន​ជំនាញ ដែល​ទីផ្សារការងារ មិន​ត្រូវការ​អ្នកស្រី​បន្ត​អោយដឹងថា​នេះ ក៏​ជាការ​បង្កើន​សេដ្ឋកិច្ច​ទាំងអស់គ្នា​រវាង​ក្រុមហ៊ុន និង​អ្នកស្វែងរក​ការងារ​ធ្វើ ហើយ​នេះ​ក៏​ជាគោលការណ៍​និង​ទស្សនវិស័យ​របស់​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ត​ការ​កម្ពុជា​-​ជប៉ុន (CJCC) ផងដែរ​។​

​លោក ប្រាក់ ពុទ្ធិ​រិ​ទ្ធ និស្សិត ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​បាន​ចូលរួម​ស្វែង រក​ដាក់ពាក្យ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន បានអោយដឹងថា លោក​ចង់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ជប៉ុន ដោយ​យល់ឃើញថា ទាំង​វប្បធម៌​ការងារ​ក៏ដូចជា​ការបណ្តុះបណ្តាល​បុគ្គលិក លោក​ក៏បាន​សម្តែង​ពី​ភាព​មាន​ទំនុកចិត្ត​ថា​អាចដាក់​ពាក្យ​ជាប់​ចូល​បំរើការ​ងារ​បាន​។​

​លោក ច​ន វិចិត្រ តំណាង​ក្រុមហ៊ុន ម៉ី​ន៉ី​បៀ (Minebea) ជា​ក្រុមហ៊ុន​ជប៉ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច មាន​ទីតាំងនៅ​តំបន់ សេដ្ឋកិច្ច​ពិសេស កំបូល ដែល​បាន​ចូលរួម​ក្នុង ពិ​ព័រ​ណ៌​ការងារ បានអោយដឹងថា ដោយសារ​ការរីកចំរើន​របស់​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក​ប្រមាណ​២​ម៉ឺន​នាក់​ដើម្បី​ចូល​បំរើកា​រងារ លោក បន្តថា​នេះ​ជាការ​ផ្តល់​ឪ​កាស ដល់​និស្សិត​ដែល​រៀន​ចប់​ដែល​មិនទាន់មាន​ការងារ​ធ្វើ ទោះបីជា​មិនទាន់​បទពិសោធន៍​ក៏ដោយ​៕​