លោក ហ៊ុន ម៉ា​ណែ​ត ៖ បេក្ខជន​ដាក់ពាក្យ​ប្រឡង​នាយទាហាន​កើនឡើង​ជាង​៤៣% និង​មាន​ចាប់អារម្មណ៍​ច្រើន​ពី​យុវជន​

ភ្នំពេញ: គណៈកម្មការ​ជ្រើសរើស និង​ត្រួតពិនិត្យ​លក្ខណសម្បត្តិ​សិក្ខាកាម​មក​បណ្តុះបណ្តាល នៅក្នុង និង​ក្រៅប្រទេស របស់​ក្រសួងការពារជាតិ បានរៀបចំ​ការប្រឡង​ជ្រើសរើស​នាយទាហាន វគ្គ​នាយទាហាន សកម្ម​ជំនា​ន់ទី​២០ នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៨ និង​នាយទាហាន​បន្តវេន​ជំនា​ន់ទី​៩ នៅ​វិទ្យាល័យ​បាក់​ទូក​នៅ​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ នេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក មេ​បញ្ជា​ដ្ឋា​ន​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត​ថា គោលបំណង​គឺ​ដើម្បី​ជ្រើស​រើសយក​បេក្ខជន​ដែលមាន​លក្ខណៈសម្បត្តិ និង​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​យកទៅ​បណ្តុះបណ្តាល​បន្ថែម​នៅក្នុង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​នាយទាហាន​ទាំង​ខាង​៣​លើ​នេះ ដើម្បី​ក្លាយទៅជា​នាយទាហាន​សម្រាប់​ដឹកនាំ​កងទ័ព​ទៅ​ថ្ងៃ​អនាគា​ត​។​

​លោក​បាន​បន្តទៀតថា សម្រាប់​ឆ្នាំនេះ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​មានការ​កើនឡើង​ចំនួន​ជាង ៤៣% បើ​ប្រៀបធៀប​ពី​ឆ្នាំទៅ ដែល​នេះ​ជា​មោទនភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ជាច្រើន​របស់​យុវជន នៅក្នុង​ការចូលរួម​នៅក្នុង​ការបំរើ​កងយោធពល​ខេមរភូមិន្ទ និង​បំរើ​ជាតិ​។ ហើយ​សុក្រឹត្យភាព យុត្តិធម៌ និង​ប្រសិទ្ធភាព​នៅក្នុង​ការប្រឡង​នេះ គឺជា​អ្វីដែល​គណៈកម្មការ​ចង់​បាន ដើម្បី​ឲ្យ​បេក្ខជន​ទទួលបាន​នូវ​យុត្តិធម៌ និង​ភាពត្រឹមត្រូវ គឺ​អ្នក​ជាប់​បាន​ជាប់​ដោយ​មោទនា​ភាព និង​អ្នកធ្លាក់​ដោយ​អស់ចិត្ត​។​

​លោក​បាន​បញ្ជាក់ថា “​កម្មវិធី​បណ្តុះបណ្តាល​ទាំង​៣​នេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន​របស់​យើង ហើយ​ដែលជា​នាយទាហាន ព្រោះថា​អាជីព​ជា​ទាហាន ជាពិសេស​ជា​នាយទាហាន គឺមាន​សារៈសំខាន់ ទី​១.​គឺ​ការដឹកនាំ​ដល់​កងកម្លាំង​ផ្សេងៗ​ទៀត ដែល​ពេលខ្លះ​ត្រូវ​ប្រឈម​ជាមួយនឹង​ភាពគ្រោះថ្នាក់ និង​ការដឹកនាំ ឬ​ការសម្រេចចិត្ត​របស់​នា​យ​ទាហាន​និ​មួយៗ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​នៅក្រោម​បង្គាប់ អីចឹង​ការធានា​នូវ​សមត្ថភាព ការធានា​នូវ​ភាពច្បាស់លាស់ និង​ការទទួលខុសត្រូវ​ជា​អ្នកដឹកនាំ គឺជា​ការងារ​សំខាន់​”​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា កិច្ចការ​ការពារជាតិ គឺជា​អ្វីដែល​ធ្វើ​ជាប់​ជាប្រចាំ ហើយ​ជា​រៀងរាល់ឆ្នាំ​យើង​មាន​នាយទាហាន ដែល​ដល់​អាយុ​ចូល​សោធន យើង​ត្រូវការ​រើស​ទ័ព​ថ្មី ដើម្បី​បំពេញបន្ថែម ដើម្បី​បន្ត​និរន្ត​ភាព​ក្នុង​វិស័យ​ការពារជាតិ​។​

​សូមជម្រាបថា បេក្ខជន​ដាក់ពាក្យ​ប្រឡង​ទូទាំងប្រទេស​មាន​ចំនួន ៣៣០៤​នាក់ ក្នុងនោះ​មាន​បេ​ក្ខ​នារី​ចំនួន ១១៦៥​នាក់​, ហើយ​នៅ​មណ្ឌល​ភ្នំពេញ មាន​បេក្ខជន​ចំនួន​២១៦៥​នាក់ ក្នុងនោះ​មាន​បេ​ក្ខ​នារី ចំនួន​៧១៩​នាក់​។ ការប្រឡង​នេះ​គឺមាន​៥​មណ្ឌល មានដូចជា​នៅ​មណ្ឌល​ភ្នំពេញ ស្ទឹងត្រែង សៀមរាប បាត់ដំបង និង​ខេត្តកំពត​។
​ក្នុងចំណោម​បេក្ខជន​៣៣០៤​នាក់ ដោយ​ត្រូវ​ជ្រើស​រើសយក​នាយទាហាន​ស​កម្ម​ជំនា​ន់ទី​២០ មាន​ចំនួន​១២០​នាក់​, នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​៨ ចំនួន ២៥០​នាក់ និង​នាយទាហាន​បន្តវេន​ជំនា​ន់ទី​៩ មាន​ចំនួន ២៥០​នាក់​៕​

លោក ហ៊ុន ម៉ា​ណែ​ត ៖ បេក្ខជន​ដាក់ពាក្យ​ប្រឡង​នាយទាហាន​កើនឡើង​ជាង​៤៣% និង​មាន​ចាប់អារម្មណ៍​ច្រើន​ពី​យុវជន​

លោក ហ៊ុន ម៉ា​ណែ​ត ៖ បេក្ខជន​ដាក់ពាក្យ​ប្រឡង​នាយទាហាន​កើនឡើង​ជាង​៤៣% និង​មាន​ចាប់អារម្មណ៍​ច្រើន​ពី​យុវជន​

លោក ហ៊ុន ម៉ា​ណែ​ត ៖ បេក្ខជន​ដាក់ពាក្យ​ប្រឡង​នាយទាហាន​កើនឡើង​ជាង​៤៣% និង​មាន​ចាប់អារម្មណ៍​ច្រើន​ពី​យុវជន​

លោក ហ៊ុន ម៉ា​ណែ​ត ៖ បេក្ខជន​ដាក់ពាក្យ​ប្រឡង​នាយទាហាន​កើនឡើង​ជាង​៤៣% និង​មាន​ចាប់អារម្មណ៍​ច្រើន​ពី​យុវជន​