ព្រះមហាក្សត្រ នឹង​យាង​បំពេញ ព្រះរាជទស្សនកិច្ច ជា​ផ្លូវរដ្ឋ នៅ​ឡាវ ពីថ្ងៃ​ទី​២១-២៣ ខែធ្នូ​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ព្រះបរមរាជវាំង បាន​ឲ្យ​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ដើម​សប្តាហ៍​ក្រោយនេះ​។​

​ដំណើរ​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ គឺមាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥​។

​សូមជម្រាបថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ថ្មីៗ កន្លងមកនេះ បាន​យាង​បំពេញ​ព្រះ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ ទៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៥ តាម​សំណើ​យាង​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​រិត​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ឲ្យ​កាន់តែ​រឹងមាំ និង​ប្រសើរ​ថែមទៀត​។

​បន្ទាប់ពី​យាង​មាតុភូមិនិវត្តន៍​មកពី​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​សន្និសីទ​លើក​ទី​២១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ចាប់ពី​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ ២០១៥​។

​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​យាង​ចូលរួម​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​សន្និសីទ​លើក​ទី​២១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ១៥០​ប្រទេស ជុំវិញ​ពិភពលោក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​បន្ទាប់ពី​បញ្ចប់ ព្រះរាជទស្សនកិច្ច​នៅ​សាធារណរដ្ឋ​បារាំង​ព្រះអង្គ​ក៏បាន​គ្រោង​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច ផ្លូវរដ្ឋ នៅ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥៕​

ព្រះមហាក្សត្រ នឹង​យាង​បំពេញ ព្រះរាជទស្សនកិច្ច ជា​ផ្លូវរដ្ឋ នៅ​ឡាវ ពីថ្ងៃ​ទី​២១-២៣ ខែធ្នូ​