ចាប់ខ្លួនកម្មករ ៤នាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត ក្រោយផ្ទុះការតវ៉ា ទាមទារប្រាក់ខែ បន្ថែម

ភ្នំពេញ ៖ ក្រុមកម្មករ៤នាក់ ដែលបម្រើការងារ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង និងមេនហាត់ ធេន ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីផ្ទុះកូដកម្មអស់រយៈ ពេល៣ថ្ងៃកន្លងមក។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០១៥ថា បន្ទាប់ពីក្រុមកម្មករទាមទារតំឡើងប្រាក់ខែគោលបន្ថែម លើប្រាក់ខែដែលរាជរដ្ឋាភិបាលប្រគល់ឲ្យ១៤០ដុល្លារនោះ ពួកគេ៤នាក់ដែលមានសកម្មភាពផុសផុល ជាងគេ ត្រូវបានសមត្ថកិច្ចក្រុងបាវិតចាប់ខ្លួន កាលពីថ្ងៃសុក្រ ទី១៨ ធ្នូ កន្លងមក។

លោកបន្តថា ក្រោយពីការចាប់ខ្លួន ព័ត៌មាននេះ ត្រូវបានសមត្ថកិច្ចលាក់បាំងយ៉ាងជិត ហើយលោកទើប តែទទួលដំណឹងនៅព្រឹកថ្ងៃទី២០ ធ្នូនេះទេ។

លោកថា ក្រោយពីការចាប់ខ្លួនហើយ ពួកគេទាំង៤នាក់ត្រូវបានឃុំខ្លួននៅសាលាដំបូងខេត្តស្វាយរៀង។

ចំពោះករណីនេះ លោកថា គឺជាការបំបាក់ស្មារតី និងដាក់គំនាបក្រុមកម្មករមិនឲ្យពួកគេ ធ្វើកូដកម្ម បន្តទៀត ។

លោក ប៉ាវ ស៊ីណា បញ្ជាក់ថា “ខ្ញុំសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវស៊ើបអង្កេតអំពីបញ្ហានេះ ឲ្យបានច្បាស់លាស់ជាមុនសិន ហើយត្រូវរករូបភាពជាក់ស្តែង”។

ប្រធានសម្ព័ន្ធសហជីពរូបនេះ បានស្នើឲ្យអាជ្ញាធរដោះលែងពួកគេឲ្យមានសេរីភាពឡើង វិញ ហើយ ត្រូវវិធីសាស្រ្តនៃមូលហេតុពិតប្រាកដ។

កម្មករទាំង៤នាក់នោះ មានឈ្មោះ សុខ គង់ ធ្វើការនៅរោងចក្រ កៅវ៉េ , ឈ្មោះ ប៉ាល់ ឌីនសុម៉ាលីដា នៅរោងចក្រ ឃីងម៉េកឃើ , ឈ្មោះ វ៉ាន់ វិចិត្រ នៅរោងចក្រឡុងប្រាយ ពួកគេទាំង៣ចាប់ខ្លួន នៅតំបន់សេដ្ឋកិច្ចមេនហាត់ធេន ។ ដោយឡែកកម្មករម្នាក់ទៀត មានឈ្មោះ ខេង សុផា នៅរោងចក្រ សាន់ហ្វេង ចាប់ខ្លួននៅឯផ្ទះតែម្តង។

សូមបញ្ជាក់ថា ក្រុមកម្មករនៅតំបន់សេដ្ឋកិច្ចនេះ បានផ្ទុះកូដកម្មតាំងពីថ្ងៃទី១៦ ធ្នូមកម្ល៉េះ ហើយក៏មាន ការជួបចរចាជាមួយភាគីពាក់ព័ន្ធផងដែរ ប៉ុន្តែមិនមានលទ្ធផលល្អឡើយ៕

ចាប់ខ្លួនកម្មករ ៤នាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត ក្រោយផ្ទុះការតវ៉ា ទាមទារប្រាក់ខែ បន្ថែម

ចាប់ខ្លួនកម្មករ ៤នាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត ក្រោយផ្ទុះការតវ៉ា ទាមទារប្រាក់ខែ បន្ថែម

ចាប់ខ្លួនកម្មករ ៤នាក់ នៅតំបន់សេដ្ឋកិច្ច ក្រុងបាវិត ក្រោយផ្ទុះការតវ៉ា ទាមទារប្រាក់ខែ បន្ថែម