ព្រះមហាក្សត្រ យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ឡាវ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥

ភ្នំពេញ: ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹង​អវត្តមាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​សាធារណរដ្ឋ​ប្រជាមានិត ឡាវ តាម​សំណើរ​សូម​យាង​របស់លោក Choummaly Sayasone ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ​។ នេះ​បើតាម​ព្រះរាជសារ​។​

​ព្រះរាជសារ​របស់​ព្រះករុណា ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញថា "​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធៃ​ភា នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"។

សូមជម្រាបថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​ថ្មីៗ កន្លងមកនេះ បាន​យាង​បំពេញ​ព្រះ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ ទៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​៣​ថ្ងៃ ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៥ តាម​សំណើ​យាង​របស់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​រិត​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ឲ្យ​កាន់តែ​រឹងមាំ និង​ប្រសើរ​ថែមទៀត​។​

​បន្ទាប់ពី​យាង​មាតុភូមិនិវត្តន៍​មកពី​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​សន្និសីទ​លើក​ទី​២១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ ចាប់ពី​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ ២០១៥​។​

​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​យាង​ចូលរួម​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​សន្និសីទ​លើក​ទី​២១ ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅ​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ១៥០​ប្រទេស ជុំវិញ​ពិភពលោក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​៕​ H

ព្រះមហាក្សត្រ យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ឡាវ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥