មូលធន​វៀតណាម​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​បរទេស

ប្រទេស​វៀតណាម ៖ ខណៈ​ដែល​មូលធន​បរទេស​កំពុង​តែ​ហូរ​ចូល​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​វៀតណាម​នោះ មូលធន​ក្នុងស្រុក​ក៏​មានការ​ហូរ​ចូល​ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​បរទេស​វិញ​ដែរ ។ អ្នកជំនាញ​មួយ​រូប​លើក​ឡើង​ថា ការ​វិនិយោគ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នេះ​មិន​ទទួល​បាន​គុណប្រយោជន៍​ដូច​ការ​វិនិយោគ​នៅ​ទីផ្សារ​ក្នុងស្រុក​ឡើយ ។

នៅ​ខែតុលា ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​អូស្ត្រាលី​មួយ​បាន​បើក​កិច្ចប្រជុំ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ដល់​អតិថិជន​វៀតណាម ដែល​បាន​ទិញ​លំនៅ​ឋាន​នៅ​អូស្ត្រាលី​ក្នុងឆ្នាំនេះ ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោកស្រី Tran Thai Nhu អគ្គនាយក​ក្រុមហ៊ុន​ឱសថស្ថាន​មួយ​នៅ​សង្កាត់​លេខ​៥ ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ បាន​ប្រាប់​ទៅ​បណ្តា​អ្នកចូលរួម​ថា ៖ « លោក​ស្រី​បាន​សម្រេចចិត្ត​បង់ប្រាក់​ចំនួន​៥​លាន​ដុល្លារ​សម្រាប់​ភូមិ​គ្រឹះ (​វីឡា​) មួយ​នៅ​ប្រទេស​អូស្ត្រាលី » ។

លោកស្រី​បន្ត​ថា ៖ « កាលពីដើម​ឆ្នាំ​២០១៥ ជាមួយនឹង​ទឹកប្រាក់​ចំនួន​១០​ប៊ី​លាន​ដុ​ង​ក្នុង​ដៃ លោកស្រី​បាន​រក​មើល​ភូមិ​គ្រឹះ​មួយ​នៅ​សង្កាត់​លេខ​៧ ។ ទោះបីជា​យ៉ាងណា អ្នកលក់​បាន​កំណត់​តម្លៃ​ដល់​ទៅ​២០​ប៊ី​លាន​ដុ​ង​ឯណោះ​សម្រាប់​ភូមិ​គ្រឹះ​ដែល​លោកស្រី​ចង់បាន ។ លោកស្រី​ចាំបាច់​ត្រូវ​ខ្ចីប្រាក់​ពី​ធនាគារ​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់​ដើម្បី​ទិញ​ផ្ទះ​នោះ ខណៈ​ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​គ្មាន​ស្ថិរភាព » ។

តាម​រយៈ​ការ​ណែនាំ​ពី​មិត្ត​ម្នាក់ លោកស្រី​ក៏​បាន​សម្រេចចិត្ត​ទិញ​ភូមិ​គ្រឹះ​មួយ​នៅ​អូស្ត្រាលី​ក្រោម​ហេតុផល​មួយ​ចំនួន ។ ទីផ្សារ​អចលនទ្រព្យ​ជា​និច្ចកាល​មាន​ស្ថិរភាព តម្លៃ​កើន​ឡើងជា​រឿយ​ៗ នីតិវិធី​ងាយស្រួល ហើយ​ធនាគារ​ក្នុងស្រុក​សុខចិត្ត​គាំទ្រ​ដល់​ជនបរទេស​សម្រាប់​ទិញ​ផ្ទះ​៦០%​នៃ​តម្លៃ​ផ្ទះ​នោះ តាម​រយៈ​ការ​ធានា​ពី​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា និង​មេធាវី ។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​ពី​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស និង​មាន​ការិយាល័យ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ឲ្យ​ដឹង​ថា ភាព​ចាំបាច់​ក្នុង​ការ​ទិញ​ផ្ទះ​នៅ​បរទេស​របស់​ពលរដ្ឋ​វៀតណាម បាន​កើនឡើង​នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ដូច​ជា សហរដ្ឋអាមេរិក អូស្ត្រាលី និង​កា​ណា​ដា ជាដើម ។ ចំណែក​តម្លៃ គឺ​សក្តិ​សម​នឹង​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ជនជាតិ​វៀតណាម ។

អ្នកគ្រប់គ្រង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ផ្នែក​ប្រឹក្សា​អចលនទ្រព្យ Iwealthpor ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោកស្រី Nguyen Le Van ថ្លែង​ថា ៖ « នៅ​វៀតណាម​មាន​ក្រុមហ៊ុន​ប្រមាណ​ជា​៣ ទៅ​៤​ក្រុមហ៊ុន​ដែល​បាន​ដើរតួ​ជា​អ្នក​វាស់​ស្ទង់​រវាង​អ្នកទិញ​ជា​ជនជាតិ​វៀតណាម និង​ម្ចាស់​គម្រោង​អចលនទ្រព្យ​នៅ​អូស្ត្រាលី ។ លោកស្រី​បន្ថែម​ថា នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឯកទេស​កម្ម​នៅ​ទីផ្សារ​កា​ណា​ដា សហរដ្ឋអាមេរិក និង​សិង្ហ​បុរី » ។

ចំណែក​លោក Tran Van Tuan អ្នក​ផ្តល់​ប្រឹក្សា​របស់​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ការ​ធ្វើ​អន្តោប្រវេសន៍​របស់​ជនជាតិ​អង់គ្លេស ឱ្យ​ដឹង​ថា ៖ « អង់គ្លេស​បាន​លើកទឹកចិត្ត​ច្រើន​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ក្នុង​ផ្នែក​អចលនទ្រព្យ​នេះ ។ ប្រសិនជា​ជនបរទេស​ទិញ​ផ្ទះ​ក្នុង​តម្លៃ​១​លាន​ផោន ឬ​ច្រើន​ជាង​នេះ ពួក​គេ​នឹង​ត្រូវ​បាន​អនុញ្ញាត​ផ្តល់​ទិដ្ឋាការ​អចិន្ត្រៃយ៍​ទៅ​អង់គ្លេស ។ អតិថិជន​បរទេស​ដែល​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ចាប់ពី​២​លាន​ផោន ឬ​ច្រើន​ជាង​នេះ ហើយ​មិន​លក់​ផ្ទះ​នោះ​បន្ទាប់​ពី​រយៈពេល​៤​ឆ្នាំ ពួក​គេ​នឹង​ត្រូវ​ពិចារណា​សម្រាប់​ភាព​ជា​ពលរដ្ឋ​អង់គ្លេស » ។

លោក Tran Van Tuan បញ្ជាក់​ថា ៖ « កាលពី​២​ឆ្នាំ​មុន ក្រុមហ៊ុន​របស់ខ្ញុំ​បាន​ផ្គត់ផ្គង់​សេវា​ប្រឹក្សា​សម្រាប់​ជនជាតិ​វៀតណាម​ច្រើន​ជាង​២០០​នាក់​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​អង់គ្លេស » ។

រីឯ​នៅ​សិង្ហ​បុរី តាម​របាយការណ៍​ពី​ក្រុមហ៊ុន Savills បង្ហាញ​ថា ជនបរទេស​បាន​ធ្វើ​ជា​ម្ចាស់​នៃ​ទីផ្សារ​អចល​ទ្រព្យ​១​ភាគ​៣ រួម​មាន​ជនជាតិ​វៀតណាម​ជា​ច្រើន​ផង​ដែរ ។
ចំណែក​មន្ត្រី​ផ្លូវការ​មក​ពី​សមាគម​អចលនទ្រព្យ​ក្រុង​ហូ​ជី​មិ​ញ ថ្លែង​ថា ៖ « ការ​ទិញ​លំនៅ​ឋាន​របស់​ជនជាតិ​វៀតណាម​នៅ​បរទេស គឺ​ផ្ទុយ​នឹង​ច្បាប់ ពីព្រោះ​ច្បាប់​វៀតណាម​កំពុង​តែ​រឹត​បន្តឹង​នូវ​លំហូរ​ចេញ​រូបិយប័ណ្ណ​បរទេស​ពី​វៀតណាម​ទៅ​កាន់​ទីផ្សារ​បរទេស » ៕