ប្រព័ន្ធ​ឥណទាន​ដោយ​ដាក់​វត្ថុ​បញ្ចាំ​ជា​គន្លឹះ​សម្រាប់​តម្រូវការ​ទិញ​លំនៅ​ឋាន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អ្នកជំនាញ​ឧស្សាហកម្ម​លំនៅ​ឋាន​លើក​ឡើង​ថា ពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន ពួក​គេ​ចង់បាន​លំនៅ​ឋាន​ផ្ទាល់ខ្លួន ហើយ​ប្រព័ន្ធ​កម្ចី​ដោយ​ដាក់​វត្ថុ​បញ្ចាំ នឹង​ជួយ​ធ្វើ​ឲ្យ​ក្តី​សុបិន​របស់​អ្នកទិញ​ក្លាយជា​ការ​ពិត​បាន ។

សមាគម​សហគ្រិន​សំណង់​មី​យ៉ា​ន់​ម៉ា (MCEA) ឲ្យ​ដឹង​ថា បើ​តាម​នាយកដ្ឋាន​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ការ​តាំងទី​លំនៅ​របស់​ប្រជាជន​ចំណុះ​ឲ្យ​ក្រសួង​សំណង់ គឺ​ពលរដ្ឋ​ក្នុង​ទីក្រុង​រ៉​ង់​ហ្គូ​ន​ប្រមាណ​ជា​១០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ចង់បាន​លំនៅ​ឋាន​ស្នាក់​នៅ ប៉ុន្តែ​តម្លៃ​ហាងឆេង​ហាក់​ខ្ពស់​បន្តិច ។ ការ​ខ្វះខាត​នូវ​នីតិវិធី​នៃ​ការ​ផ្តល់​ឥណទាន​ដែល​សម​រម្យ​នោះ គឺជា​បញ្ហា​សម្រាប់​ពួក​គេ ។

បណ្តា​ក្រុមហ៊ុន​សំណង់​ជា​ច្រើន​បាន​លក់​ផ្ទះល្វែង​តាម​រយៈ​ការ​បង់​រំ​លោះ ដែល​មាន​រយៈពេល​អតិបរមា​៣​ឆ្នាំ ក្នុង​អត្រា​ការ​ប្រាក់​១៣%​។ តួលេខ​នេះ​រាប់​បញ្ចូល​ទាំង​អត្រា​ការ​ប្រាក់​ធនាគារ ការ​ធានា​រ៉ាប់រង​អគ្គិភ័យ និង​ការ​យក​ថ្លៃ​សេវា​ពី​ធនាគារ ។ អត្រា​នេះ​មាន​កម្រិត​ទាប​ជាង​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត ។

លោក Aye Lin លេខាធិការ​ស្តីទី​របស់​សមាគម MCEA លើក​ឡើង​ថា ៖ « វា​ដល់​ពេល​ដែល​ត្រូវធ្វើ​វិសោធនកម្ម​លើ​គោលនយោបាយ​លំនៅ​ឋាន និង​ប្រព័ន្ធ​ធនាគារ​ហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ឱកាស​ក្នុង​ការ​គ្រប់គ្រង​លំនៅ​ឋាន​ផ្ទាល់ខ្លួន » ។

លោក​បន្ត​ថា ៖ « អ្នកទិញ​ភាគច្រើន​មិន​អាច​ប្រឹងប្រែង ឬ​លៃលក​ចំពោះ​តម្លៃ​ទាំងនេះ​បាន​ឡើយ ។ ប្រសិនជា​យើង​មាន​ប្រព័ន្ធ​មួយ​ដូច​នៅ​សិង្ហ​បុរី ដែល​រៀបចំ​ឲ្យ​មានការ​បង់ប្រាក់​ចំនួន​២​លាន​ខ្យា​ដ​សម្រាប់​ផ្ទះ​តម្លៃ​១៥​លាន​ខ្យា​ដ ព្រមទាំង​សមតុល្យ​ត្រូវ​បង់​រំ​លោះ​ក្នុង​រយៈពេល​កាន់តែ​យូរ វា​នឹង​ល្អ​ប្រសើរ​សម្រាប់​អ្នក​គ្រប់​គ្នា » ។

តម្លៃ​ដី​ខ្ពស់ និង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​គ្រឿងសំណង់​បាន​កើនឡើង​ដោយសារ​តែ​ការ​ចុះ​ខ្សោយ​នៃ​ប្រាក់​ខ្យា​ដ​មី​យ៉ា​ន់​ម៉ា បណ្តាល​ឱ្យ​ទីផ្សារ​អ​លន​ទ្រព្យ​ត្រូវ​បង្អង់​ល្បឿន ស្រប​ពេល​ការ​សាងសង់​១​ហ្វី​ត​ក្រឡា ត្រូវ​ចំណាយ​លើស​ពី​២​ម៉ឺន​ខ្យា​ដ ។ ប្រសិនបើ​ទំហំ​ច្រើន​ជាង​៥០០​ហ្វី​ត​ក្រឡា​នោះ ការ​ចំណាយ​លើ​ផ្ទះល្វែង​មួយ​យូ​នី​ត​អាច​ស្មើនឹង​១០​លាន​ខ្យា​ដ ទោះជា​ផ្ទះល្វែង​មួយ​ជាន់​ផ្ទាល់​ដី​ក៏​ដោយ នៅ​តាម​បណ្តោយ​ផ្លូវ​នៃ​ក្រុង​រ៉​ង់​ហ្គូ​ន អាច​ច្រើន​ជាង​៣០​លាន​ខ្យា​ដ ។

មុន​នឹង​ប្រតិបត្តិ​នូវ​ប្រព័ន្ធ​កម្ចី​ដោយ​ដាក់​របស់​បញ្ចាំ​នេះ តាម​ធម្មតា គេ​សង្កេត​ឃើញ​មាន​តែ​នៅ​បរទេស​បុ​៉​ណ្ណោះ ។ មី​យ៉ា​ន់​ម៉ា​អាច​កំណត់​នូវ​ទុនបម្រុង​ទុក​ប្រើ គោល​នយោ​បាយ​ក្នុង​ការ​ផ្តល់​កម្ចី និង​អត្រា​ការ​ប្រាក់​ជាដើម ។

ទោះជា​យ៉ាងណា វិនិយោគិន​ភាគច្រើន​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​មី​យ៉ា​ន់​ម៉ា ពួក​គេ​គ្មាន​បំណង​ខ្ចីប្រាក់​ទាំងនោះ​ឡើយ គឺ​ពួក​គេ​បាន​យក​ប្រាក់​ផ្ទាល់ខ្លួន​ទៅ​វិនិយោគ​តែ​ម្តង ដោយ​រំពឹង​ថា តម្លៃនឹង​កើនឡើង​អាច​រក្សា​នូវ​តម្លៃ​អចលនទ្រព្យ​ខ្ពស់ ។

ជាង​នេះ​ទៀត ទីផ្សារ​អចលនទ្រព្យ​កំពុង​តែ​ស្ពឹក ឬ​មិនសូវ​មាន​សកម្មភាព​ឡើយ ភាគច្រើន​មក​ពី​មាន​ហានិភ័យ​របស់​ធនាគារ​ក្នុងស្រុក និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចុះ​ខ្សោយ​ជាង​មុន ។

នៅ​បណ្តា​ប្រទេស​ដទៃ​ទៀត ធនាគារ​ក្នុងស្រុក​បាន​ខ្ចី​ពី​ធនាគារ​អន្តរជាតិ​ក្នុង​កម្រិត​ការ​ប្រាក់​ទាប ដូច្នេះ កម្មករ​ដែល​មាន​ចំណូល​ទាប​ពួក​គេ​អាច​ទិញ​ផ្ទះ ឬ​រថយន្ត​បាន​តាម​រយៈ​ការ​បង់​រំ​លោះ​ក្នុង​អត្រា​ការ​ប្រាក់​ទាប​សម្រាប់​រយៈពេល​២៥​ឆ្នាំ ឬ​៣០​ឆ្នាំ ៕