CNRP ៖ កែទម្រង់ វិស័យអប់រំ ដោយវិជ្ជមាន ត្រូវផ្អែកលើ ៥ចំណុច

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ អះអាងថា បើចង់ធ្វើកំណែទម្រង់វិស័យអប់រំ ត្រូវ ចាប់យកចំណុចវិជ្ជមានចំនួន៥ គឺ គ្រូ សិស្ស កម្មវិធីសិក្សា សង្គម និង មធ្យោបាយ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានលើកឡើងក្នុងសង្គមហ្វេសប៊ុក ផ្អាល់ ខ្លួនថា ការធ្វើកំណែវិស័យ អប់រំទាល់តែមានការចូលរួមពីគ្រូបង្រៀន និងអ្នករៀន។

លោកបញ្ជាក់ថា« យើងត្រូវធ្វើកំណែទម្រង់លើផ្នែកគ្រូបង្រៀន ដែលបានលើកក្នុងអត្ថបទមុនរួចហើយ ពេលនេះ ក្នុងនាមជាអ្នករៀន (សិស្ស) តើយើងត្រូវចូលរួមតាមវិធីណាខ្លះ ដើម្បីជំរុញឲ្យការធ្វើកំណែ ទម្រង់វិស័យអប់រំនៅកម្ពុជាឲ្យបានជោគជ័យ»។

លោកលើកឡើងទៀតថា សិស្សសាលាតាំងពីមត្តេយ្យរហូតដល់ឧត្តមសិក្សា ដែលជាសមាជិកគ្រួសារ សមាជិកសង្គម ដែលទទួលបានការអប់រំពីគ្រួសារ សាលា សាសនា និងសង្គម។ សិស្សគ្រប់រូប ត្រូវ មានគោលការណ៍មួយ សម្រាប់ខ្លួនឯងផ្ទាល់ ក្នុងនាមជាសិស្សថ្លៃថ្នូរ ដោយគោរពវិន័យ គោរព ឪពុកម្តាយ ដែលជាអ្នកផ្តល់កំណើត និងផ្តល់ការអប់រំដំបូងបំផុត ហើយនរណាក៏ដឹងដែរថា គ្មានឪពុក ម្តាយណាចង់ឲ្យកូនខូច ឲ្យកូនកោងកាចខុសឆ្គង ឲ្យកូនល្ងង់ខ្លៅ ឲ្យកូនគ្មានសីលធម៌នោះទេ។ បន្ទាប់មក សិស្សត្រូវទទួលបានការអប់រំ ពីលោកគ្រូអ្នកគ្រូ និងពីសង្គម (ប្រព័ន្ធផ្សព្វផ្សាយ...)។

លោកបន្ថែមថា ការចាប់ផ្តើមពីខ្លួនឯង គឺជាគោលការណ៍ចម្បងក្នុងការកំណត់ ការអភិវឌ្ឍន៍ផ្នត់គំនិត និងចំណេះដឹង ដូច្នេះ សិស្សត្រូវចូលរួមអនុវត្តការងារ ទាំងនៅក្នុងថ្នាក់រៀន ទាំងនៅផ្ទះ ស្វែងរក ចំណេះដឹងទូទៅ ជំនាញបន្ថែម នៅពេលវេលាដែលសេសសល់ ល្អប្រសើរជាងធ្លាក់ទៅតាមការអូស ទាញឲ្យប្រព្រឹត្តនៅអំពើអបាយមុខផ្សេងៗ ដែលនាំឲ្យខូចទាំងសុខភាព ខូចខួរក្បាល បាត់បង់ចំណេះ ដឹង បាត់បង់កិតិ្តយសកេរ្តិ៍ឈ្មោះខ្លួនឯងផ្ទាល់ ព្រមទាំងគ្រួសារ និងសង្គមជាតិផង៕

CNRP ៖ កែទម្រង់ វិស័យអប់រំ ដោយវិជ្ជមាន ត្រូវផ្អែកលើ ៥ចំណុច