ចិន​ចាត់​ទុក​ការ​ហោះហើរ​របស់​យន្តហោះ​B-52​អា​មេ​រិ​ក​ជិត​ប្រជុំ​កោះ​ណា​ន​សា​ថា​ជា​ការ​បង្កហេតុ​យោធា​ធ្ងន់ធ្ងរ

យោង​តាម​ស៊ី​ន ហួ​ថា ប្រទេស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ថា ការ​ហោះហើរ​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-52 ចំនួន​២​គ្រឿង​លើ​តំបន់​ជិត​ប្រជុំ​កោះ​ណា​ន​សា គឺជា​ការ​បង្កហេតុ​ខាង​យោធា​ធ្ងន់ធ្ងរ​មួយ និង​ថា ចាំបាច់​ត្រូវ​ប្រាប់​ឱ្យ​ដឹង​មុន​ចំពោះ​សកម្មភាព​បែប​នេះ ។

ក្រសួងការពារជាតិ​ចិន​រាយការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​២​គ្រឿង កាលពី​ថ្ងៃ​ទី​១០ ធ្នូ កន្លង​មកនេះ បាន​ហោះ​ក្នុង​ដែនអាកាស​ជិត​កោះ​មួយ ព្រមទាំង​កោះ​ប៉ប្រះ​ទឹក​មួយ​នៃ​ប្រជុំ​កោះ​ណា​ន​សា ។ បុគ្គលិក​យោធា​ប្រចាំការ​លើ​កោះ​នេះ​នៅ​តែ​ប្រុង​ប្រយ័ត្ន ហើយ​ប្រាប់​ទៅ​យន្តហោះ​ទាំង​២​គ្រឿង​ឱ្យ​ចាក​ចេញពី​តំបន់​នោះ ។

សហរដ្ឋ​អា​មេ​រិ​កបាន​បញ្ជូន​ជា​បន្តបន្ទាប់​នូវ​បណ្តា​នាវាចម្បាំង និង​យន្តហោះ​យោធា​ទៅ​កាន់​តំបន់​រសើប​នេះ​ដើម្បី​បង្ហាញ​កម្លាំង​របស់​ខ្លួន ហើយ​បង្កើត​ភាព​តានតឹង​នៅ​ទីនោះ ។

ក្រសួងការពារជាតិ​ចិន​គូសបញ្ជាក់​ថា បណ្តា​សកម្មភាព​បែប​នេះ​គឺជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ​ដល់​សន្តិសុខ​បណ្តា​ទីតាំង និង​បុគ្គលិក​យោធា​ចិន ព្រមទាំង​ដល់​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់ ។ បណ្តា​សកម្មភាព​របស់​ភាគី​អា​មេ​រិ​ក​តំណាង​ឱ្យ​ការ​បង្កហេតុ​ខាង​យោធា​ធ្ងន់ធ្ងរ​មួយ បង្កើត​លក្ខខណ្ឌ​ស្មុគស្មាញ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រហូត​ដល់​បង្ក​ឱ្យ​មាន​យោ​ធូប​នី​យ​កម្ម​ក្នុង​តំបន់ ។

ក្រសួងការពារជាតិ​ចិន​បន្ត​ថា បាន​ស្នើ​ដល់​សហរដ្ឋ​អា​មេ​រិ​ក​ឱ្យ​ប្រកាន់​យក​ជា​បន្ទាន់​បណ្តា​វិធានការ ដើម្បី​ប្រាប់​ឱ្យ​ដឹង​មុន​ពី​សកម្មភាព​ប្រភេទ​នេះ ចៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កងទ័ព និង​ប្រទេស​ទាំង​២ ។ កងទ័ព​ចិន​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់ ដើម្បី​ថែរក្សា​អធិបតេយ្យភាព និង​សន្តិសុខ​ជាតិ ព្រមទាំង​សន្តិភាព និង​ស្ថេ​រ​ភាព​ក្នុង​តំបន់ ៕