ឥណ្ឌូ​ណេ​ស៊ី​បាត់​ការ​ទាក់ទង​ជាមួយ​នាវា​មួយ​គ្រឿង​ដឹក​មនុស្ស​ជាង​100​នាក់

ពួក​អ្នក​ជួយ​សង្គ្រោះ​ឥណ្ឌូ​ណេ​ស៊ី​អះអាង​ថា បាន​បាត់​ការ​ទាក់ទង​ជាមួយ​នាវា​មួយ​គ្រឿង​ជួប​គ្រោះអាសន្ន​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​ជាង​១០០​នាក់ ក្រោយ​ពី​នាវា​នេះ​ជួប​ប្រទះ​នឹង​ព្យុះ​មួយ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ក្នុង​ដែនទឹក​នៃ​កោះ​ស៊ូ​ឡា​វេ​ស៊ី ។

លោក ANDI SUNAN អ្នកសម្របសម្រួល​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ពី​នាវា​មួយ​គ្រឿង ដែល​បើក​ឆ្ពោះទៅ​កាន់​តំបន់ ដែល​នាវា​កំពុង​ជួប​គ្រោះអាសន្ន​អះអាង​តាម​ទូរស័ព្ទ​ថា យើង​បាន​បាត់​ការ​ទាក់ទង​ជាមួយ​នាវា​នោះ ហើយ ។

បណ្តាសារ​ព័ត៌មាន​រាយការណ៍​ថា នាវា​មួយ​គ្រឿង​ដឹក​មនុស្ស​ជាង​១០០​នាក់ បាន​លិច​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ឥណ្ឌូ​ណេ​ស៊ី ។ ចំណែក​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត​ស៊ូ​ឡា​វេ​ស៊ី​ខាងត្បូង លោក FRANS BARUNG MANGERA ឱ្យ​ដឹង​ថា ព័ត៌មាន​ចុង​ក្រោយ​គឺថា នាវា​មួយ​គ្រឿង​របស់​ទីភ្នាក់ងារ​រុករក និង​ជួយ​សង្គ្រោះ SAR ត្រូវ​បាន​បញ្ជូន​ពី BAJOE ទៅ​កាន់​តំបន់​នាវា​នេះ​លិច ។ លោក FRANS បញ្ជាក់​ថា នាវា​ជួប​គ្រោះថ្នាក់​នេះ​ដឹក​អ្នកដំណើរ​ពី​កំពង់​ផែ​កូ​ឡា​កា​ទៅ​កាន់​កំពុង​ផែ​ស៊ី​វ៉ា រួច​នាវា​នេះ​ជួប​បញ្ហា​ក្រោយ​រង​ការ​វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំ​ៗ​ដែល​បំផ្លាញ​សម្បក​នាវា​ធ្ងន់ធ្ងរ ។ ទឹកបាន​ហូរ​ចូល​នាវា​បន្ទាប់​ពី​ម៉ាស៊ីន​ត្រូវ​ខូច ។

នាវា​នេះ​ដឹក​មនុស្ស​ពេញវ័យ​៩៤​នាក់ និង​កុមារ​១៤​នាក់ ចាក​ចេញពី​កំពង់​ផែ​កូ​ឡា​កា កាលពី​ថ្ងៃ​ទី​១៩ ធ្នូ វេលា​ម៉ោង​១១ ។ ការ​ធ្លាយ​ទឹក​ចូល​ត្រូវ​បាន​រាយការណ៍​នា​វេលា​ម៉ោង​១៦ ៕