ជិះ​ម៉ូតូ​មក​ពី​បុណ្យ​ដួល​ខ្លួនឯង របួសធ្ងន់​ម្នាក់ ស្រាល​ម្នាក់

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង និង​ម្នាក់​ទៀត​រង​របួសស្រាល​ ខណៈ​ពេល​ជិះ​ម៉ូតូ​​មក​ពី​បុណ្យបច្ច័យបួន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ដួល​ម៉ូតូ​​ដោយ​ខ្លួន​ឯង​បុក​ដើមទ្រូង​ចំ​ដៃចង្កូត ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ ឈ្មោះ ស៊ុំ មក​រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មុខរបរ​អ្នកនេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​ទី​២ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប រង​របួស​ក្បាល​, ដើមទ្រូង និង​ពោះ​ធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រង​របួស​ស្រាល​មិន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​រួម​ដំណើរ​ជាមួយ​អ្នក​ភូមិ​ម្នាក់​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​បច្ច័យបួន​អ្នក​ជិតខាង​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង រហូត​ដល់​ម៉ោង​១១​យប់​ទើប​ម្ចាស់​ម៉ូតូ​(​មិន​ស្គាល់ឈ្មោះ​)​ឌុ​ប​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​អ្នក​បើក​ម៉ូតូ​មាន​ស្ថានភាព​ស្រវឹង​ផង លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ដួល​ម៉ូតូ​ខ្លួន​ឯង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ជិះ​ពីក្រោយ​រង​របួស​ក្បាល​, ដើមទ្រូង និង​ពោះ​ធ្ងន់ធ្ងរ​សន្លប់​នៅ​កន្លែង រីឯ​អ្នក​បើក​ម៉ូតូ​របួសស្រាល​បន្ទាប់​មក​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។ ដោយ​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្សី រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​បន្ត ។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ មុំ ស្រី​តឿ អាយុ​២៦​ឆ្នាំ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​និង​ប្តី​ជា​កូនកំព្រា​ គ្មាន​ឪពុក​ម្តាយ ឬ​បងប្អូន​ឡើយ តាំងពី​អ្នក​ស្រុក​​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ឲ្យ​មក ​មានកូន​ប្រុស​ម្នាក់ អាយុ​២​ឆ្នាំ មាន​ជីវភាព​ក្រីក្រ​លំបាក​គ្មាន​ដីស្រែ ប្តី​រកស៊ី​រក​ត្រី ក៏​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រក​ត្រី​មិន​បាន​ឡើយ ហើយ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដូច្នេះ​គ្មាន​ប្រាក់​ក្នុង​ខ្លួន​ឡើយ ។

ដោយ​ឃើញ​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព អង្គការ​មនុស្សធម៌​បាន​ចេញ​សោហ៊ុយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ហើយ​អ្នក​មក​កំដរ​អ្នកជម្ងឺ​បាន​រៃ​អង្គាសប្រាក់​បាន​២​ម៉ឺន​រៀល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ ដើម្បី​ហូប​បាយ ដូច្នេះ​មាន​តែ​សប្បុរសជន​ទេ​ មេត្តា​ជួយ​ឧបត្ថម្ភ​គ្រួសារ​កំព្រា​នេះ​ឲ្យ​ចាក​ផុត​ពី​ការ​លំបាក​វេទនា​បាន ៕