ជីដូន​ជីតា ចិញ្ចឹម​ចៅ​កំព្រា​រស់​យ៉ាង​វេទនា​

​វា​ជា​រឿង​ទុក្ខ​ជាន់​លើ​ទុក្ខ​ដែល​យាយ​តា​ពីរ​នាក់​ប្តី​ប្រពន្ធ បើទោះបីជា​ពួកគាត់​មាន​វ័យ​ចាស់ជរា ហើយ​មាន​ជីវភាព​លំបាក​វេទនា​យ៉ាងណាក្តី​តែ​ពួកគាត់​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​ចៅៗ​រហូតដល់​ទៅ ៣ នាក់ ដែល​ឪពុកម្តាយ​របស់​ពួកគេ​បាន​រត់ចោល​ហើយ​ទៅយក​ប្រពន្ធ​-​ប្តី​រៀងៗ​ខ្លួន ។ កាលពីមុន​ពួកគាត់​លំបាក​ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ដល់ពេល​វ័យចាស់​ជរា​ពួកគាត់​ត្រូវ​ទទួលបន្ទុក​មើលថែទាំ​ចិញ្ចឹម​ចៅ​បន្តទៀត ។

ជីដូន​ជីតា ចិញ្ចឹម​ចៅ​កំព្រា​រស់​យ៉ាង​វេទនា​

យាយ​តា​ចាស់ជរា​ដែល​ចិញ្ចឹម​ចៅ​កំព្រា​នេះ បច្ចុប្បន្ន​រស់ នៅក្នុង​ភូមិ​សាមគ្គី ហៅ ក្រាំង​កូរ ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្តកំពត ។ លោកតា​ឈ្មោះ ប្រា​ជ្ញ្ញ ញ្ញ៉េ​ន អាយុ ៨២ ឆ្នាំ ចំណែក​លោកយាយ​ឈ្មោះ ប្រា​ជ្ញ្ញ យួន អាយុ ៧៣ ឆ្នាំ ជា ប្តី​ប្រពន្ធ​ផង ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ផង ។ ពួកគាត់​ទាំងពីរ​នាក់ មានកូន​ស្រី​តែ​ម្នាក់​គត់​ឈ្មោះ អ៊ុត ស្រី មាន​អាយុ ៣៦ ឆ្នាំ ។ សព្វថ្ងៃ​លោកយាយ​លោកតា និង ចៅ​កំព្រា​ទាំង ៣ នាក់​នេះ​ស្នាក់នៅ​ក្រោម​ដំបូល​សំយាប​ស័ង្កសី​ត​ភ្ជាប់​ចេញពីផ្ទះ​របស់គេ ព្រោះតែ​ពួកគាត់​ពុំមាន​ដីធ្លី​ជា​កម្មសិទ្ធិ​របស់ខ្លួន​ឡើយ ។​

ជីដូន​ជីតា ចិញ្ចឹម​ចៅ​កំព្រា​រស់​យ៉ាង​វេទនា​
​លោកតា ប្រាជ្ញ ញ៉េ​ន បាន​រៀបរាប់​ពី​ជីវិត​ទុក្ខលំបាក​ក្នុងការ​ចិញ្ចឹម​ចៅៗ​ដែល​ឪពុកម្តាយ​បោះបង់ចោល​ថា គាត់ និង យាយ​ក្រោយពី​រៀបការ​រួច​រហូតដល់​សព្វថ្ងៃនេះ​មានតែ​កូនស្រី​ម្នាក់​ប៉ុណ្ណោះ​គឺ​នាង អ៊ុត ស្រី ។ កូនស្រី​ម្នាក់នេះ​មាន​ប្តី ឈ្មោះ គី កែវ អាយុ​ស្របាល​គ្នា បន្ទាប់ពី​រៀបការ​តាម​ប្រពៃណី​ពួកគេ​មានកូន​ជាមួយគ្នា​ចំនួន ៤ នាក់ ប្រុស​ម្នាក់ និង ស្រី ៣ នាក់ ។ សព្វថ្ងៃ​កូនស្រី​ច្បង​របស់​ពួកគេ​មាន​អាយុ ១៧ ឆ្នាំ ហើយ​តែ​ត្រូវគេ​សុំ​យកទៅ​ចិញ្ចឹម​តាំងពី​អាយុ ១២ ឆ្នាំ​មកម្ល៉េះ នៅសល់តែ​ចៅ ៣ នាក់​ប៉ុណ្ណោះ​រស់នៅក្នុង​បន្ទុក​រប​ស់គា​ត់ ។

ជីដូន​ជីតា ចិញ្ចឹម​ចៅ​កំព្រា​រស់​យ៉ាង​វេទនា​

មូលហេតុ​ដែល​ពួកគេ​លែងគិតគូរ​កូនៗ​នេះ​លោកតា​បាន​បង្ហើប ប្រាប់ថា កាលពី​កូន​រស់នៅ​ជួបជុំគ្នា​ជា​ប្តី​ប្រពន្ធ​ពួកគេ​បាននាំគ្នា​ចេញទៅ​រកស៊ី​ធ្វើការ​នៅ​ខេត្តរតនគិរី ។ លុះ​ដល់ពេល​ប្រពន្ធ ពោះធំ​កំណើត​កូនស្រី​ពៅ​ទី ៤ ស្រាប់តែ​ប្តី​របស់គេ​បែកគំនិត​លែង​ស្មោះត្រង់​នឹង​ក្រុមគ្រួសារ​ដោយ​លបលួច​មាន​ស្រី​ថ្មី​រហូត​រួមរស់​នឹង​គ្នា​ដល់​សព្វថ្ងៃ​មិនដែល​មក​អើតមើល ឬ ផ្ញើ​ប្រាក់កាស​ឱ្យ កូនៗ​រៀនសូត្រ​ឡើយ ។ ថា​ឪពុក​ចុះចិត្ត​ដាច់ ចំណែក​ម្តាយ​វិញ​ក៏​ដូច្នោះ​ដែរ ក្រោយពី​ធ្លាក់ខ្លួន​ជា​ស្រី​មេម៉ាយ​ក៏​យក​កូនតូច​ទាំង ៤ នាក់ ទុកឱ្យ​ពួកគាត់​ចិញ្ចឹម ហើយ​ទៅ​ខេត្តរតនគិរី​បាត់ស្រមោល​រហូតមកដល់​សព្វថ្ងៃនេះ​គឺមាន​រយៈពេល ៥ ឆ្នាំ​មកហើយ គេ​មិនដែល​មកលេង​សោះ តែ​ឮដំណឹង​ល្ហិ​ច​ល្ហៀ​ង​ថា​គេ​មាន​ប្តី​ទៀតហើយ ។

មកដល់ពេលនេះ​កូនៗ​ធំ​អស់ហើយ សព្វថ្ងៃ​នៅ​នឹង​គាត់​តែ ៣ នាក់​ប៉ុណ្ណោះ គឺ​ទី​ពីរ ទី​បី និង ទី​បួន ចំណែក​កូនស្រី​ច្បង​នៅ​ជាមួយនឹង​គេ​ឯ​ភ្នំពេញ ។ មួយទៀត​ពួកគាត់​លែង​ចាំ​ផ្លូវ​ហើយ គិតតែ​ពី​ចិញ្ចឹម​ចៅៗ ហើយ​ចៅៗ​ក៏​លែង​ចាំ​មុខ​ម៉ែឪ​ដែរ ព្រោះ​ទៅ​ចោល​ពួកវា​តាំងពី​នៅ​តូចៗ​ម្ល៉េះ ។ លោកតា ប្រាជ្ញ ញ៉េ​ន បន្តថា សព្វថ្ងៃ​គាត់​គ្មាន​មុខរបរ​អ្វី​ឡើយ សង្ឃឹមលើ កូនក្មួយ និង អ្នកជិតខាង​ជួយ​ប៉ុណ្ណោះ និង ខ្ចីបុល​គេ​ទម្រាំ ដល់​រដូវ​ធ្វើស្រែ នឹង​ជួយ​ដក​ស្ទូង​កាត់កង​សង​គេ​វិញ ។ ឥឡូវនេះ​ខ្លួន​គាត់​ក៏​កាន់តែ​ចាស់​ណាស់​ទៅហើយ កម្លាំង​ក៏​យ៉ាប់យ៉ឺន​ទៀត ចំណែក​ដៃ​ម្ខាង​បាក់ឆ្អឹង​ដោយសារ​ដួល កម្រើក​មិន​រួច​ធ្វើការ​លែងកើត​ដូច​មុន ។​

ជីដូន​ជីតា ចិញ្ចឹម​ចៅ​កំព្រា​រស់​យ៉ាង​វេទនា​

​លោកយាយ ប្រាជ្ញ យួន មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា «​ពេល​ឃើញ​ចៅៗ​ដែល​ឪពុកម្តាយ​រត់ចោល​បែបនេះ សព្វថ្ងៃ​ខ្ញុំ​ជា​យាយ​ពិបាកចិត្ត​ខ្លាំងណាស់ តែងតែ​ស្រក់​ទឹកភ្នែក​អាណិត​ចៅ ថា​ប្តី​ចុះ​វា​ចិត្តដាច់ ហេតុអ្វី​វា​ជា​ម្តាយ​ក៏​គ្មាន​ព្រហ្ម​វិហារធម៌ និង សង្គហធម៌​ចំពោះ​កូន​អ្វី​បន្តិច​សោះ​ដូច្នេះ ? ចំណែក​យើង​ជា​យាយ​តា​វិញ​កាត់ចិត្ត​មិន​ដាច់​កាត់​សាច់​ខ្លួនឯង​មិនបាន​ឡើយ មានតែ​ប្រឹង​ប្រវេប្រវា​ជួយ​ចិញ្ចឹម​ចៅៗ​ទៅ ទម្រាំ​ពួកវា​ធំៗ​ចេះ​រកស៊ី​ដោយ​ខ្លួនឯង ។ ដូច​ឃើញស្រាប់​ហើយ​សព្វថ្ងៃនេះ​ខ្ញុំ និង តា ជរា​ជិត​ចូល​មឈូស​ទៅហើយ ទ្រព្យសម្បត្តិ​ក៏​អត់​ថែម​គ្មាន​មុខរបរ​ទៀត ទោះបី​មាន​ក៏​ធ្វើ​អ្វី​មិនកើត​ដែរ ព្រោះ កម្លាំង​ថមថយ​ទៅហើយ ដៃជើង​ក៏​ញី​ញ័រ​ភ្នែក​ក៏​ងងឹត​មើលមិនឃើញ ដើរ​រាវ ពពីមពពើម មិន​ខុសពី​តា​នោះទេ ។

រាល់ថ្ងៃនេះ​សុខភាព​របស់ខ្ញុំ​មួយថ្ងៃ​កាត់ មួយថ្ងៃ​កោរ ភាគច្រើន​គឺ​នៅ​ដេក​តែ​លើ​គ្រែ​រាល់ថ្ងៃ​បើ​កុំ​តែ​បាន​ចៅៗ​ជួយ​ច្របាច់​ដៃជើង​ឱ្យ​ជា​ញឹកញាប់​នោះ មិនដឹង​ជា​ឈឺ​ចុកចាប់​ឆ្អឹងឆ្អែង​យ៉ាងណា​នោះទេ​» ។ យាយ​តា​ទាំងពីរ​នាក់​បាន​ត្អូញត្អែរថា សព្វថ្ងៃនេះ​ជីវភាព​របស់​ពួកគាត់​វេទនា​ខ្លាំងណាស់ ខ្វះ​ស្រូវ​អង្ករ ម្ហូបអាហារប្រាក់កាស​សព្វបែបយ៉ាង ហូប​មិនដែល​ឆ្អែត​នោះទេ ។ នៅពេល​បាន​នំចំណី​ឆ្ងាញ់​តិចតួច​ទោះជា​មានការ​ហេវ​យ៉ាងណា​ស៊ូ​អត់​ខ្លួនឯង​ឱ្យតែបាន​ចៅៗ​ឆ្អែត​ឆាប់​ធំធាត់ ។ ទោះបីជា​យ៉ាងណា យាយ​តា​មិនឱ្យ​ចៅៗ​អវិជ្ជា​ឡើយ ដោយ​ពួកគាត់​បាន​បញ្ជូន​ចៅៗ​ឱ្យទៅ​សាលា ទាំង ៣ នាក់ ។

ជីដូន​ជីតា ចិញ្ចឹម​ចៅ​កំព្រា​រស់​យ៉ាង​វេទនា​

ចៅប្រុស​ទី​ពីរ​អាយុ ១៤ ឆ្នាំ មិនសូវ​បាន​ទៅ​រៀន​ឡើយ ជាប់រវល់ ស៊ីឈ្នួល​ឃ្វាលគោ​ឱ្យគេ ដោយ​មួយថ្ងៃ​គេ​ឱ្យប្រាក់​ពី ២,០០០ រៀល ឬ ៣​។​០០០ រៀល ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។ ជីវភាព​របស់​ពួកគាត់​រាល់ ថ្ងៃនេះ​លំបាក​ខ្លាំងណាស់ បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ដូច្នេះ​មានតែ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌ សូមមេត្តា​ជួយ​ដល់​គ្រួសារ​របស់​ពួកគាត់​ផង ព្រោះ​សព្វថ្ងៃនេះ​វេទនា​ខ្លាំងណាស់ ៕​កែវ សិលា​

 

​ ​ ​ ​ ​ ​