​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៨

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៨

​នៅ​សប្តាហ៍​នេះ កូន​មាន​ទម្ងន់ ១ គីឡូ​ហើយ (​ទំហំ​ប៉ុន​ត្រប់​ពង​គោ​ដ៏​ធំ​មួយ​) ហើយ​ចំពោះ​ប្រវែង​ខ្លួន ដោយ​គិត​ចាប់ពី​ក្បាល ដល់​កែងជើង​គឺ ៣៨ សង់ទីម៉ែត្រ​ហើយ​។ គេ​អាច​ព្រិច​ភ្នែក​បាន​។ ជាមួយនឹង​ការ​អភិ​វត្ត​របស់​ភ្នែក គេ​ប្រហែលជា​អាច​មើលឃើញ ពន្លឺ​ដែល​ចាំង​ចូលទៅក្នុង​ស្បូន​បាន​។ គេ​ក៏​កំពុង​តែ​បង្កើត​បាន ជា​សរសៃប្រសាទ​រាប់ពាន់​លាន​សរសៃ​ក្នុង​ខួរក្បាល និង​ញាត់​ជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន​កាន់តែច្រើន ដើម្បី​ក្លាយខ្លួនជា​ជីវិត ដែល​អាច​រស់នៅ​ពិភព​ខាងក្រៅ​បាន​។

​នេះ​គឺជា​ពេលវេលា ចាប់ផ្តើម​ត្រីមាស​ទី​បី​ហើយ​។ បើសិន​ជា​អ្នក ដូច​ជា​ស្ត្រី​គ្រប់​គ្នា​ដែរ​នោះ អ្នកនឹង​ឡើង​ទម្ងន់​រហូត​ដល់ ៥ គី​ឡូ នៅ​ត្រីមាស​មួយ​នេះ​។

​ជាមួយគ្នានេះដែរ អ្នក​ទំនងជា​ត្រូវ​ទៅ​ជួប​ពេទ្យ ឬ​ឆ្មប​ជា​រៀង​រាល់​ពីរ​សប្តាហ៍​ម្តង​។  បន្ទាប់មក នៅ​សប្តាហ៍​ទី ៣៦ អ្នក​នឹង​ត្រូវ​ប្តូរ មកជួប​ជា​រៀង​រាល់​សប្តាហ៍​វិញ​។ ឥឡូវនេះ ដោយ​អាស្រ័យ​ទៅតាម​កត្តា​ប្រឈមមុខ​របស់​អ្នក គ្រូពេទ្យ​ប្រហែលជា​ណែនាំ ឲ្យធ្វើ​តេ​ស្តរក​មើល​ជំងឺ​អេដស៍ និង​ស្វាយ ព្រមទាំង​ធ្វើ​អាណា​ប៉ាត់ រក​មើល​ជំងឺ Chlamydia និង​ប្រមេះទឹកបាយ​ទៀត ដើម្បី​ចង់​ដឹង​អំពី​ស្ថានភាព មុន​ពេល​សម្រាល​។ បើសិន​ជា​លទ្ធផល​ធ្វើតេស្ត តាមដាន​គ្លុយកូស​ឃើញ​ឡើង​ខ្ពស់ ហើយ​អ្នក​មិនទាន់​ធ្វើ​តេស្ត​តាមដាន​ទៀត អ្នកនឹង​ធ្វើតេស្ត​តាមដាន​គ្លុយកូស ក្នុង​រយៈពេល ៣ ម៉ោង​ក្នុង​ពេល​បន្តិចទៀត​។​

​ហើយ​បើ​ពេល​ជួប​ពេទ្យ​ដំបូង ធ្វើតេស្ត​ឈាម​ទៅ​ឃើញ Rh-negative អ្នក​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង Rh Immunoglobulin ដើម្បី​បង្ការ​រាងកាយ កុំឲ្យបង្កើត​អង់ទីគ័រ ដើម្បី​វាយប្រហារ​ឈាម​របស់​កូន​។ (​បើសិនជា​កូនអ្នកមាន Rh-positive អ្នក​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង Rh Immunoglobulin មួយ​ម្ជុល​ទៀត ក្រោយ​ពី​សម្រាលកូន​រួច​)​។

​ក្នុង​ពេល​នេះ​ដែរ ស្ត្រី​មួយ​ចំនួន មាន​អារម្មណ៍​ដូចជា​មាន សត្វ​ជន្លេន​នៅក្នុង​ជើង​អញ្ជឹង និង​ចេះ​តែ​ចងយក​វា​ចេញ ពេល​កំពុងតែ​សម្រាក ឬ​គេង​។ បើសិនជា​អារម្មណ៍​បែបនេះ នឹង​បាត់​ទៅ​វិញ​ជា​បណ្តោះអាសន្ន ពេល​អ្នក​ធ្វើ​ចលនា ហើយ​អ្នក​ប្រហែលជា​មាន ជំងឺ​មួយ​ឈ្មោះថា Restless Legs Syndrome (RLS) ហើយ​។ គ្មាន​នរណា​ម្នាក់​យល់​ដឹង​ច្បាស់​ថា RLS កើតឡើង​ដោយសារ​អ្វី​ទេ ប៉ុន្តែ វា​មាន​ទំនាក់ទំនង​នឹង ស្ត្រី​ដែល​ត្រៀម​ខ្លួន​ក្លាយជា ម្តាយ​គេ​មួយចំនួន​។ ចូរ​ព្យាយាម​ពន្យឺត​សាច់ដុំ ឬ​ម៉ាស្សា​ជើង និង​កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន ព្រោះ​វា​អាច​ធ្វើឲ្យ​រោគសញ្ញា កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ចូរ​សួរ​គ្រូពេទ្យ​ថា​តើ អ្នក​គួរតែ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក សម្រាប់​បំបាត់​អាការៈ RLS ដែរ​ឬក៏​អត់​។

អ្វី​ដែល​ត្រូវ​ធ្វើ នៅ​សប្តាហ៍​នេះ​
​ជ្រើសរើស​គ្រូពេទ្យ សម្រាប់​កូន​របស់​អ្នក​
​ចូរ​រក​ឈ្មោះ​ពេទ្យ​កុមារ ឬ​ពេទ្យ​ប្រចាំ​គ្រួសារ​ពី​មិត្តភក្តិ អ្នកធ្វើការ​ជាមួយ​គ្នា សាច់ញាតិ ឬ​គ្រូពេទ្យ​ថែទាំ ពេល​មាន​ផ្ទៃពោះ​របស់​អ្នក​។ ចូរ​ប្រាកដថា គ្រូពេទ្យ​នឹង​យល់ព្រម រក្សា​ពេលវេលា​ត្រឹមត្រូវ ធ្វើការ​ជាមួយ​អ្នក និង​មាន​ការិយាល័យ​មួយ ដែល​អ្នក​អាច​ទៅ​ជួប​បាន​។ បើសិន​ជា​ការគិត​រឿងនេះ ហាក់បីដូច​ជា​លឿន​ពេក​នោះ ចូរ​ពិចារណា​ថា កូន​របស់​អ្នក​នឹងមាន​គ្រូពេទ្យ មក​ពិនិត្យ​ដំបូង​គេ​រយៈពេល​ខ្លី ក្រោយពី​កើត​រួច​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។