លោកស្រី​សូ​នី​ញ៉ា​គ​ន្ធី និង​កូនប្រុស​រា​ហ៊ុ​ល ដោះ​លែង​ដោយ​បង់ប្រាក់​ធានា​ក្នុង​រឿង​ពុក​រលួយ

តុលាការ​ឥណ្ឌា​មួយ​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​អនុញ្ញាត​ឱ្យ​ដោះ​លែង​ក្រោម​ការ​បង់ប្រាក់​ធានា លោកស្រី​សូ​នី​ញ៉ា​គ​ន្ធី ប្រមុខ​គណបក្ស​កុង​ក្រេស ជា​គណបក្សប្រឆាំង​សំខាន់ និង​កូនប្រុស​លោក​រា​ហ៊ុ​ល ព្រមទាំង​មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​នេះ​៤​រូប​ទៀត ដែល​ជាប់​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ​មួយ ។

ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ក្រុង​ញូ​វ​ដែ​ល្លី ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ចាប់ផ្តើម​សវនាការ​រឿង​ពុក​រលួយ​នេះ ទាក់ទិន​នឹង​អតីត​កាសែត​ភាសា​អង់គ្លេស NATIONAL HERALD ។

លោក​កា​ពី​ល ស៊ី​បាល់ មេធាវី​របស់​គណបក្ស និង​ជា​អតីតរដ្ឋមន្ត្រី​មួយ​រូប ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​ដោះ​លែង​ក្រោម​ការ​បង់ប្រាក់​ធានា​ត្រូវ​បាន​អនុញ្ញាត​ចំពោះ​មេដឹកនាំ​ា​ជាន់ខ្ពស់​គណបក្ស​កុង​ក្រេស​៦​រូប ។
បណ្តា​ទូរទស្សន៍​ក្នុងស្រុក​នា​ពេល​មុន​នេះ​បាន​ផ្សាយ​រូបភាព​នានា​ដែល​បង្ហាញ​លោកស្រី​សូ​នី​ញ៉ា​គ​ន្ធី និង​កូនប្រុស​ចូល​ក្នុង​តុលាការ​អម​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ម៉ា​ន់ ម៉ូ​ហាន់​ស៊ិ​ញ និង​កូនស្រី​របស់​លោកស្រី​គ​ន្ធី លោកស្រី​ព្រី​យ៉ា​កា​វ៉ា​ដ្រា ជាមួយ​វិធានការ​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។

មេដឹកនាំ​ទាំង​៦​រូប​របស់​គណបក្ស​កុង​ក្រេស​ទទួល​ការ​ចោទប្រកាន់​ដោយ​លោក​ស៊ូ​ប្រា​ម៉ា​នី​អាន​ស្វាមី ប្រមុខ​គណបក្សកាន់អំណាច​គឺ​គណបក្ស BHARATIYA JANATA (BJP) ថា ដណ្តើម​យក​ដោយ​ខុសច្បាប់​នូវ​ទ្រព្យសម្បត្តិ​អចលនទ្រព្យ​របស់​កាសែត NATIONAL HERALD ។

មុន​នេះ​លោកស្រី​គ​ន្ធី និង​កូនប្រុស​បាន​តវ៉ា​ទៅ​តុលាការ​កំពូល​ក្រុង​ញូ​វ​ដែ​ល្លី​ប្រឆាំង​ដីកាកោះ​របស់​តុលាការ​ជាន់​ទាប​មួយ ក៏​ប៉ុន្តែ​បាន​បង្ខំចិត្ត​ទៅ​បង្ហាញមុខ​ក្នុង​តុលាការ​នេះ​វិញ ។ គណបក្ស​កុង​ក្រេស​បាន​ចោទប្រកាន់​គណបក្ស BJP ថា ប្រើ​ល្បិច​នយោបាយ​ក្នុង​រឿង​នេះ​តែ​ត្រូវ​បាន​គណបក្សកាន់អំណាច​បដិសេធ ៕