ម៉​ន ចាន់​ដា​រ៉ា បើក​ឆាក​បាន​3​ពិន្ទុ​ពី​រឿង សា​រ័​ត្ន

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួត​បើក​ឆាក​របស់​កីឡាករ​៤​រូប​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​២ សម្រាប់​ពូ​ល​B កីឡាករ​វ័យក្មេង​ម៉​ន ចាន់​ដា​រ៉ា ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​កីឡាប្រដាល់​មិន​ខកចិត្ត​មែន បន្ទាប់​ពី​បាន​បំបាក់​កីឡាករ​ក្នុង​ពូ​ល​គឺ រឿង សា​រ័​ត្ន ហើយ​ដណ្ដើម​បាន​៣​ពិន្ទុ​នាំមុខ​មុន ។ នេះ​ជា​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍«​កំពូល​អធិរាជ​ស៊ីម៉ង់ត៍​អូដ្ឋ​វគ្គ​២» នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នៅ​TV5 Arena ជ្រោយចង្វា កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​១៩ ធ្នូ​។

ការ​ប្រកួត​ដណ្ដើម​តំណែង​ជើងឯក​នេះ មាន​កីឡាករ​សរុប​៨​រូប ដោយ​កីឡាករ​កម្ពុជា​៦​រូប កីឡាករ​ថៃ​២​រូប​។ អ្នក​ទាំង​៨​តម្រូវ​ឲ្យ​ចែក​ជា​២​ពូ​ល ដោយ​៤​នាក់​ស្ថិត​ក្នុង​ពូ​ល​A  និង​៤​នាក់​ទៀត​ស្ថិត​នៅ​ក្នុង​ពូ​ល​B  ដែល​ទើបនឹង​រក​ឃើញ​លទ្ធផល​នេះ ។ ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​របស់​ជីប​ម៉ុង​គ្រុប បាន​សម្រេច​បោះទុន​ឱ្យ​កីឡាករ​ទាំង​៨​ប្រកួត​គ្នា​សន្សំ​ពិន្ទុ​ចុះឡើង​ៗ​ក្នុង​រដូវ​កាល​លើក​ទី​២ ពេញ​រយៈពេល​៣​ខែ​រហូត​រក​ឃើញ​កីឡាករ​ជើង​ខ្លាំង​២​នាក់​ចុង​ក្រោយ​ប្រចាំ​ពូ​លេ​ឡើង​ប្រកួត​ខ្វែង ឆ្ពោះទៅ​ក្ដាប់​តំណែង​ជើងឯក​ជា​លើក​ទី​២ បន្ទាប់​ពី​លើក​ទី​១ គឺ​កីឡាករ​ថៃ​ជា​អ្នក​គ្រង​តំណែង ។

ការ​ប្រកួត​នឹង​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៦ ដោយ​ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ពាន​ធំ​ជើងឯក​មួយ និង​ទឹកប្រាក់​២.៥០០​ដុល្លារ ព្រម​ជាមួយនឹង​ឱកាស​ចេញ​ប្រកួត​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ថៃ ។ ចំណាត់ថ្នាក់​លេខ​២ ក្រុមហ៊ុន​ផ្ដល់​ឱ្យ​ពាន​តូច​មួយ និង​ប្រាក់​១.០០០​ដុល្លារ ។ លេខ​៣​ផ្ដល់​ឱ្យ​ពាន​តូច​មួយ​ដូច​គ្នា ព្រម​ជាមួយ​ទឹកប្រាក់​៥០០​ដុល្លារ និង​លេខ​៤​ទទួល​បាន​ពាន​តូច​ជាមួយ​ទឹកប្រាក់​៣០០​ដុល្លារ ។

កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក គឺជា​គូ​ដណ្ដើម​ជើងឯក ដែល​មានការ​ចាប់អារម្មណ៍​ជាងគេ​សម្រាប់​ពូ​ល​B ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​ម្សិលម្ង៉ៃ បន្ទាប់​ពី​បាន​ប្រើ​កណ្ដាប់ដៃ និង​កែង វាយបំបាក់​កីឡាករ​រឿង សា​រ័​ត្ន មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ឱ្យ​ចាញ់​ពិន្ទុ​ដោយ​ជោគជ័យ​។ អ្នក​ទាំង​ពីរ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ដោយ​ស្ទើរ​ពិបាក​បែងចែក​ដឹង​ថា អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា មុន​ពេល​មានការ​ប្រកាស​ថា​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​។ បើ​កុំ​តែ​ម៉​ន ចាន់​ដា​រ៉ា មានឱកាស​វ័ធ​ត្រូវ​ពេញទំហឹង និង​ចំ​សៀតផ្កា​ទៅ​លើ​គូប្រកួត គឺ​ប្រហែលជា​ការ​ប្រកួត​នោះ មិនមែន​ដណ្ដើម​បាន​ជ័យជម្នះ និង​ទទួល​បាន​៣​ពិន្ទុ​នាំមុខ​នោះ​ទេ ។

អ្នក​ទស្សនា​គ្រប់​គ្នា​សុទ្ធតែ​មើលឃើញ​ថា បើ​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា គេច​មិន​ទាន់​នោះ​ប្រាកដជា​ជួប​លទ្ធផល​អាក្រក់​មិន​ខុស​គ្នា​នោះ​ឡើយ ដោយសារ​តែ​កីឡាករ​បង្គោល​ខៀវ ក៏​ខ្លាំង​ហើយ​មាន​បច្ចេកទេស​វាយ​ញាក់សាច់​ដែរ​។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​ទាំងមូល មាន​អ្នក​ស្រែក​ហ៊ោកញ្ជ្រៀវ​កងរំពង ដោយសារ​តែ​ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក​សម្រាប់​ពូ​ល​B​ក៏​មាន​អ្នក​ទស្សនា​កកកុញ​ណែនណាន់តាន់តាប់​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ដែល​ស្ថិត​នៅ​ជ្រោយចង្វា​នោះ​ផង ។ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា លោតកញ្ឆេង​លើ​រេញ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ប្រកាស​ថា​ឈ្នះ​គូប្រកួត ហើយ​ដណ្ដើម​បាន​៣​ពិន្ទុ​នាំមុខ​មុន សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ថ្ងៃ​ទី​១​សម្រាប់​ពូ​ល​B ។

កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក៏​បាន​ផ្ដួល​កីឡាករ​ថៃ​ក្នុង​ពូ​ល​B​ដូច​គ្នា គឺ​កីឡាករ Yorth Sing ក្នុង​ទឹក​ទី​៥​ទទួល​បាន​៣​ពិន្ទុ​ផង​ដែរ សម្រាប់​ការ​ប្រកួត​កាលពី​ម្សិលមិញ ។ ទាំង​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា និង​កីឡាករ​សុខ សុវណ្ណ ត្រូវការ​ឈ្នះ​ឱ្យ​បាន​ម្នាក់​២​ប្រកួត ទើប​អាច​បន្ត​ឱកាស​ទៅ​កាន់​វគ្គ​ខ្វែង ដើម្បី​ប្រកួត​យក​ពាន និង​ប្រាក់​លាន​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​នៅ​វគ្គ​ចុងបញ្ចប់​សម្រាប់​រដូវ​កាល​ទី​២​នេះ ៕