អាជ្ញាធរ​៖ មនុស្ស ៤ នាក់ ត្រូវបាន​ឃាត់ខ្លួន បន្ទាប់ពី​កូដកម្ម ទាមទារ​ឡើង​ប្រាក់ខែ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត​

ភ្នំពេញ: ​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តស្វាយរៀង បាន​ប្រាប់​អ្នកកាសែត​ថា​រហូតមកដល់​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ​នេះ បញ្ហា​កូដកម្ម​របស់​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង នៅ​ក្រុង​បាវិត បាន​ស្ងប់ស្ងាត់​ក៏ដោយ ក៏ប៉ុន្តែ​ក៏​នៅមាន​កម្មករ​មួយចំនួន មិនទាន់​ចូលធ្វើការ​ឡើងវិញ​នោះទេ​។

​ជាមួយគ្នា​នោះ លោក​ប្រធាន​មន្ទីរ បាន​លើកឡើងថា អាជ្ញាធរ សមត្ថកិច្ច បាន​ចាប់ខ្លួន មនុស្ស ៤ នាក់ ក្រោម​ការចោទប្រកាន់ថា អ្នក​ទាំងនោះ បាន​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ​រប​ស់រោង​ចក្រ ក្នុងអំឡុងពេល​កូដកម្ម ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ​។​

​លោក ហាស់ ប៊ុន​ធី បន្តថា ចាប់តាំងពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ស្ថានការណ៍​នៅតាម​បណ្តា​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ក្នុង​ទីក្រុង​បាវិត ខេត្តស្វាយរៀង បាន​ស្ងប់ស្ងាត់ ហើយ​កម្មករ​ភាគច្រើន បាន​ចូលធ្វើការ​។ ប៉ុន្តែ​នៅមាន​កម្មករ​មួយចំនួន​ជាង ៤​ពាន់​នាក់ បន្តធ្វើ​កូដកម្ម​នៅឡើយ កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ​។ រីឯ​កងកម្លាំង​សមត្ថកិច្ច ប៉ូលិស និង​ប៉េអឹម ក៏​ត្រូ​ច​បានដាក់​ពង្រាយ ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ និង​ទ្រព្យសម្បត្តិ​រោងចក្រ​។​

​លោក ហាស់ ប៊ុន​ធី លើកឡើង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ស្អែក ក្រុមការងារ​ចម្រុះ នឹង​បន្ត​ផ្សព្វផ្សាយ ណែនាំ និង​អប់រំ​ឲ្យ​កម្មករ​ទាំងអស់ ចូលធ្វើការ​ឡើងវិញ ព្រោះថា ការ​តម្លើង​ប្រាក់​ឈ្នួល​គោល ឬ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១៤០ ដុល្លារ ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​រួចរាល់​ហើយ​។ ចំណែក​កងកម្លាំង​សមត្ថកិច្ច នៅតែ​ដាក់ពង្រាយ នៅឡើយ​។​

​ម្យ៉ាងវិញទៀត លោក ហាស់ ប៊ុន​ធី បន្តថា បើសិនជា​បងប្អូន​កម្ម​ករ នៅ​បន្តធ្វើ​កូដកម្ម​នោះ នឹង​បាត់បង់​ប្រាក់​អត្ថប្រយោជន៍​ជាច្រើន ដូចជា ថៅកែ​កាត់លុយ និង​ប្រាក់​ធ្វើការ​ទៀងទាត់ ជាដើម​។​

​រហូតដល់​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ​នេះ មនុស្ស ៤ នាក់ ដែល​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ បង្អួច​ទ្វារ​កញ្ចក់​របស់​រោងចក្រ ក្នុង​ពេលធ្វើ​កូដកម្ម ចាប់តាំងពី​ថ្ងៃទី​១៦ ខែធ្នូ គឺ​ត្រូវបាន​ប៉ូលិស​បាន​នាំខ្លួន​បុរស​ទាំង ៤ នាក់​នោះ ទៅកាន់​តុលាការខេត្ត​ស្វាយរៀង​។​

​ពាក់ព័ន្ធ​នឹង​ការឃាត់ខ្លួន​អ្នក​ទាំង ៤ នោះ ត្រូវបាន​លោក ជាង អំ អភិបាលខេត្ត​ស្វាយរៀង ឲ្យ​ដឹងថា លោក​បាន​បញ្ជា​ឲ្យ​ដោះលែង​អ្នក​ទាំងនោះ ក្រោយពី​ការសាកសួរ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច បែរជា​បញ្ជូន​បុរស​កម្មករ​ទាំងនោះ ទៅកាន់​តុលាការ ធ្វើការ​សាកសួរ​ទៅវិញ​៕​