មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ស្រាស​ដាក់​លក់​តាម​តូប និង​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​ចំនួន​៤​ភូមិ

ខេត្ត​ប៉ៃលិន  ៖ បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ករណី​ប្រជាពលរដ្ឋ​ផឹក​ស្រាស​រួច​ពុល​ក្អួតចង្អោរ រាក​រូស បណ្តាល​ឱ្យ​រង​គ្រោះ​ធ្ងន់​-​ស្រាល និង​អ្នកខ្លះ​ស្លាប់​បាត់បង់​ជីវិត​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ទើប​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ដោយ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​តាម​តូប​លក់​ស្រាស​នៅ​ក្នុងភូមិ ដើម្បី​ពន្យល់​ណែនាំ​ដល់​អាជីវករ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ព្រមទាំង​ដកហូត​ទំនិញ​លក់ដូរ​ដែល​ហួស​កាលបរិច្ឆេទ​ផង​ដែរ ។

ការ​ចុះ​ពិនិត្យ​កន្លែង​លក់​ស្រាស និង​ដកហូត​ទំនិញ​ហួស​កាលបរិច្ឆេទ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សួន​អំពៅ​កើត ភូមិ​តា​ង៉ែ​ន​លើ និង​តា​ង៉ែ​ន​ក្រោម ដោយ​បាន​អប់រំ​ណែនាំ​ដល់​អាជីវករ​លក់​ស្រាស និង​ឱ្យ​ចេះ​មើល​ពី​កាលបរិច្ឆេទ​ទំនិញ​បរិភោគ​គ្រប់មុខ ដែល​ពួក​គាត់​លក់ដូរ​រាល់ថ្ងៃ កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផង​ដែរ ។

លោក សាន​វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា ទំនិញ​ហួស​កាលបរិច្ឆេទ ដែល​ខាង​លោក​ដកហូត​បាន​ទាំងអស់​រួម​មាន ទឹកក្រូច​ចំណុះ​១,៥​លី​ត្រ​៣៣​ដប​, ទឹកក្រូច​ដប​ធំ​៥៥​ដប​, ទឹកក្រូច​ដប​តូច​ចំណុះ​៤២៥​មី​លី​លី​ត្រ​៥៩​ដប​, ទឹកម្ទេស​៤៦​ដប​, ទឹកក្រូច​កំប៉ុង មី​កំប៉ុង ទឹក​ផ្លែ​ឈើ​កំប៉ុង ម្សៅ​ស៊ុប​ខ្នរ និង​មី​កញ្ចប់​តូច​ៗ​ជា​ច្រើន​ផង​ដែរ ។ លោក​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​តាម​ភូមិ​ទាំងអស់​ខាងលើ​ឱ្យ​មានការ​យក​ចិត្ត​ទុកដាក់ ត្រួតពិនិត្យ​មើល​លេខ​កាលបរិច្ឆេទ​ឱ្យ​ច្បាស់លាស់​នៅ​កន្លែង​ស្តង់​ធំ​សិន​មុន​នឹង​ទិញ​យក​ទៅ​លក់​នៅ​តាម​តូប​របស់​ខ្លួន ដើម្បី​ជៀសវាង​ហួស​ថ្ងៃខែ​កំណត់ លុះ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​អាច​បណ្តាល​ឱ្យ​រាករូស ក្អួតចង្អោរ និង​ប៉ះពាល់​ដល់​សុខភាព ហើយ​នៅ​ពេល​ខាង​លោក​ចុះ​ឆែកឆេរ​ ដក​ហូត​នាំ​ឱ្យ​ខាតបង់​ប្រាក់​កាស​ជា​ច្រើន​ផង​ដែរ ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ក៏​បាន​ពន្យល់​ណែនាំ​ដល់​អាជីវករ​ដែល​លក់​ស្រាស​ទាំងអស់ មុន​នឹង​ទទួល​ទិញ​ស្រា​ពី​កន្លែង​ផលិត​យក​មក​លក់ដូរ​ឱ្យ​ប្រជា​ពលរដ្ឋ​ទទួលទាន ត្រូវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​បិទ​ស្លាក​សញ្ញា​នៅ​លើ​ប៊ីដុង​ជា​មុន​សិន ព្រោះ​បើ​មាន​ករណី​ពុល​ស្រា​កើតឡើង អាច​ឱ្យ​អ្នក​ផលិត​នោះ​ទទួល​ខុសត្រូវ ហើយ​បើ​មាន​ករណី​ទទួលទាន​ស្រា​រួច​ក្អួត រាករូស និង​ពុល ត្រូវ​តែ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត និង​ទៅ​សមត្ថកិច្ច​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ ។

លោក​ក៏​បាន​សំណូមពរ​ឱ្យ​អាជីវករ​ទាំងអស់​កុំ​បន្ត​យក​កម្ទេច​មី​មក​លក់ដូរ​ទៀត ព្រោះ​ជា​កាក​សំណល់​ពី​មី​កញ្ចប់​ធំ ពេល​ក្មេង​ទទួល​ទានអាច​ប៉ះពាល់​សុខភាព ហើយ​ទឹកខ្មេះ​ក៏​មិន​ឱ្យ​យក​មក​លក់ដូរ​ដែរ ព្រោះ​វា​ជា​ទឹក​អាស៊ីត​សម្រាប់​យក​ទៅ​បោកគក់​ខោអាវ​ប៉ុណ្ណោះ បើ​យក​ទៅ​លាយ​ធ្វើ​ជ្រក់ ឬ​ធ្វើ​ម្ហូប​ទទួលទាន​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ជាក់​ជា​មិន​ខាន​ឡើយ ។

ចំណែក​ប្រជាពលរដ្ឋ និង​អាជីវករ បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន ដែល​បាន​ចុះ​ពន្យល់​ណែនាំ​ឱ្យ​ពួក​គាត់​យល់​ដឹង​ពី​របៀប​មើល​កាលបរិច្ឆេទ​ទំនិញ​របស់​ខ្លួន ព្រោះ​ទំនិញ​មួយ​ចំនួន​ពួក​គាត់​ទើបនឹង​ទិញ​ដឹក​យក​មក​ពី​ហាង​ស្តុក​បាន​រយៈពេល​៣​ទៅ​៤​ថ្ងៃ ស្រាប់តែ​ហួស​កាល​កំណត់​បាត់​ទៅ​ហើយ ដោយ​ម្ចាស់​ហាង​កុហក​ពួក​គាត់​ថា ជា​ទំនិញ​មិន​ទាន់​ហួស​ទេ ។ ដូច្នេះ​នៅ​ពេល​ក្រោយ​ទៀត​ពួក​គាត់​នឹង​មើល​ឱ្យ​បាន​ច្បាស់​ផ្ទាល់​ខ្លួនឯង ទើប​ទិញ​យក​ទៅ​លក់ដូរ​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​ខ្លួនឯង និង​បងប្អូន​រស់នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​ថែម​ទៀត​ផង ៕