សំណុំរឿងលែង​លះប្តីប្រពន្ឋមួយគូ​ ​សាលាដំបូង​កាត់ឲ្យចែកទ្រព្យសម្បត្តិស្មើគ្នា ​តែឧទ្ឋរណ៍និង​កំពូលទាត់ចោល

រាជធានីភ្នំពេញ ៖​ ជនម្នាក់ឈ្មោះ ង៉ែត សំណាង ​មានទីលំនៅផ្ទះលេខ៤៨​ និងលេខ៩៣ ភូមិ៣ ​សង្កត់ផ្សារដើមថ្កូវ ​ខណ្ឌចំការមន​ ដែលមានដីកាចោទ​ប្រកាន់ពីព្រះ​រាជ​អាជ្ញារង​អមសាលាដំបូងរាជធានី​ភ្នំពេញពីបទក្លែងឯកសារ​សាធារណៈរឿងបែងចែក​ទ្រព្យសម្បត្តិរួមគ្នាជាមួយប្រពន្ឋឈ្មោះ​ អ៊ីវ ស្រី ​ត្រូវបានគេអះអាងថា ​កំពុងដើរអួតក្អេង​ក្អាង​ថា​ រូបគេមានខ្នងបង្អែកថ្នាក់​ឧត្តមសេនីយ៍យោធានិងនគរបាល ​និងតុលាការថ្នាក់លើក្រាស់ណាស់​ ដូច្នេះត្រឹមតែស្រ្តីម្នាក់​ដែល​ខ្លួន​ធ្លាប់យកមកធ្វើ​ជាប្រពន្ឋហើយ​មាន​លិខិតបញ្ជាក់ពី​ការកាន់កាប់ផ្ទះនិងដីករួមគ្នា ​ដោយមានការទទួលស្គាល់​សិទ្ឋិកាន់កាប់ទ្រព្យសម្បត្តិរួមអំឡុង​ពេលរស់នៅជាមួយគ្នា ​ដែលចេញដោយប្រធានភូមិ៣ ចៅសង្កាត់​ផ្សារ​ដើមថ្កូវ ​និងអភិបាលខណ្ឌចំការមនក៍ដោយ​ ក៍រូបគេគ្មានអ្វីព្រួយបារម្ភរឿងចែក​ទ្រព្យសម្បត្តិគ្នាឡើយ ​ក្រោយការប្រកាស​​ផ្លូវការ​លែងលះគ្នានោះ ។

ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា​ តាមរយៈសម្តីអួតក្អេងក្អាង​ ​និងមានការនិយាយតគ្នាពីមាត់មួយ​ទៅមាត់មួយខាងលើនេះ ​វាជារឿងមួយត្រឹមត្រូវ​មែនដែលអ្នក​អន្តរាគមន៍ជួយឈ្មោះ​ ង៉ែត សំណាង ហៅ សី សុន​ ឲ្យរួចផុតពីការឃុំខ្លួនក្នុងពន្ឋនាគារ ​ដោយព្រះរាជអាជ្ញា​គឺគ្រាន់តែចោទប្រកាន់ពីបទក្លែង​ឯកសារសាធារណៈ ហើយ​ដាក់​ឲ្យស្ថិត​ក្រោមការត្រួតពិនិត្យ​តាមផ្លូវតុលាការ ។

ដោយឡែក ​សំណុំរឿងព្រហ្មទណ្ឌមួយទៀត ​ទាក់ទិននឹងឈ្មោះ ង៉ែត សំណាង ​មិនគោរពដីការក្សាការពារលើ​សំណុំរឿងរក្សាការពាផ្ទះខាងលើនេះ ​ដែលអតីតប្រពន្ឋ​ឈ្មោះ​ អ៊ីវ ស្រី ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ​ក៍ត្រូវបានព្រះរាជអាជ្ញាតម្កល់រឿងទុកឥតចាត់ការ ​ប៉ុន្តែសំណុំរឿងមិនគោរព​ដីការក្សាការពារនេះ​ ត្រូវបានឈ្មោះ អ៊ីវ ស្រី ប្តឹងសារទុកទៅសាលាឧទ្ឋរណ៍ ​ហើយមិនទាន់ដឹងថា ​សាលាឧទ្ឋរណ៍​ចាត់ការយ៉ាងណានៅឡើយទេ ។

ជាការគួរឲ្យកត់សម្គាល់​សំណុំរឿងរបស់ឈ្មោះ​ ង៉ែត សំណាង និង អ៊ីវ ស្រី គឺ​ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ​ចេញសាលក្រមលេខ ​៥១.ព ចុះថ្ងៃទី០៥​ ធ្នូ ២០១៣ ដោយសម្រេចឲ្យបែងចែក​ទ្រព្យសម្បត្តិផ្ទះ​​និងដីជាពីរចំណែកស្មើៗគ្នា ​ប៉ុន្តែនៅដំណាក់កាលសាលាឧទ្ឋរណ៍ ​បែរជាសាលាឧទ្ឋរណ៍​ចេញសាលដីកា​ លុបចោល​សាលក្រម​សាលាដំបូងរាជធានី​ភ្នំពេញខាងលើទុកជាអសារបង់ ។​ រីឯនៅដំណាក់កាលតុលាការកំពូល​ ​តុលាការបានតម្កល់សាលដីកាសាលាឧទ្ឋរណ៍ ​ដោយគ្រាន់តែ​បញ្ជាក់ថា បញ្ជូន​សំណុំរឿងដដែល​នេះទៅសាលាឧទ្ឋរណ៍​ ដើម្បីទាញហេតុផល​ផ្ទាល់មាត់ឡើងវិញ ។

តាមរយៈការសម្រេច​ក្តីរបស់តុលាការទំាង៣ថ្នាក់​ខាងលើនេះដែរ ធ្វើឈ្មោះ អ៊ីវ ស្រី ​បានអំពាវនាវរកយុត្តិធ៌ម​ពិតបា្រកដពីក្រសួងយុត្តិធ៌ម​ និង​រកការអន្តរាគមន៍ពីសម្តេច​តេជោ ហ៊ុន សែន​ ​និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​ក៍ដូចជាស្វែងរកជំនួយពី​អង្គការសង្គមស៊ីវិលនានា​ដែលធ្វើកិច្ចការងារពាក់ព័ន្ឋនឹង​សិទ្ឋិមនុស្សនិងច្បាប់ ធ្វើយ៉ាងណាឲ្យសាលា​ឧទ្ឋរណ៍កាត់ក្តីលើកទី២ ​សម្រេចតម្កល់សាល​ក្រមសាលាដំបូងរាជធានី​ភ្នំពេញលេខ ៥១.ព ចុះថ្ងៃទី០៥​ ធ្នូ ២០១៣ ​ទុកជាបានការ ។

ក្រុមអ្នកតាមដាន​ស្ថានការណ៍សង្គម​បានលើកឡើងបែបចំអកទៀតថា​ តាមរយៈការសម្រេចក្តីរបស់​សាលាឧទ្ឋរណ៍និងតុលាការកំពូល​ក្នុងសំណុំរឿងនេះ​ គួបផ្សំនឹងការ​អួត​ក្អេងក្អាងពីសំណាក់ឈ្មោះ​ ង៉ែត សំណាង ​គឺវាស៊ីសង្វាក់គ្នាមែន ។

ដូច្នេះសង្ឃឹមថា ​ក្រសួងយុត្តិធ៌ម ​ក៍ដូចជាសម្តេចតេជោនាយករដ្ឋមន្រ្តី ​និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​នឹងជួយអន្តរាគមន៍​ក្នុងរឿងក្តីខាងលើនេះ​ ដើម្បីលុប​បំបាត់វប្បធ៌មអន្តរាគមន៍​ពីសំណាក់មន្រ្តីមួយចំនួនតូច​ដែលមានយសស័ក្តិខ្ពស់ និងមន្រ្តីតុលាការខិលខូចមួយចំនួន ៕