​អង្គ​ការ​កុមារកំព្រា​​ខេត្តរតនគិរី​ចែក​អំណោយ​ដល់កុមារ​កំព្រា

​ខេត្ត​រតនគិរី ៖ ​អង្គ​ការ​កុមារកំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង​បួន បាន​​រៀបចំ​​កម្មវិធី​​ចែក​អំណោយ​ដល់កុមារ​កំព្រា​ចំនួន​៦១​នាក់ នៅ​ព្រឹក​​ថ្ងៃទី​២០ ធ្នូ ២០១៥ នេះ ​​ស្ថិតនៅ​ភូមិ​ថ្ម​ដា ​សង្កាត់​បឹង​កន្សែង ​ក្រុង​បាន​លុង ។​

ក្នុង​ឱកាស​នេះ​ដែរ ​ក៏​មាន​ការ​ចូលរួម​ពី​លោក ​ខេន មុត ប្រធាន​សាខា​អង្គ​ការកុមារកំព្រា​នៃ​សេចក្តី​សន្យា​ដំណឹង​ល្អ​ទាំង​បួន​ប្រចាំ​ខេត្តរតនគិរី ​ខេត្ត​ស្ទឹង​ត្រែង លោក សំ រិត ​លោក នូ បញ្ញា និង​លោក ​ស្រ៊ុន វុទ្ធី ជា​បុគ្គលិក​​រាជ​ធានី​ភ្នំពេញ ជា​អ្នក​នាំ​សម្ភារ​មក​ចែក​ជូន​​ដល់​កុមារ​កំព្រា ។​

​លោក ខេន មុត ​បាន​ឱ្យ​ដឹង​ថា ​កុមារ​កំព្រា​ដែល​រស់នៅ​មណ្ឌល​​ទាំង​២​ខេត្ត​ខាង​លើ សរុប​មាន​​ចំនួន​៦១នាក់ និង​ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង ​ងាយ​រង​គ្រោ​ចំនួន​១២នាក់ទៀត ​​ដែល​កំពុង​រស់​នៅ​​ជា​មួយ​អង្គការ​​ ហើយ​នៅ​ថ្ងៃនេះ​​​​ដែរ លោកស្រី ស៊ូ មុន្តា ​ជា​ស្ថាបនិក​​ ប្រធាន​អង្គ​ការ​​ខាង​លើ ​បាន​នាំ​យក​​អំណោយ​ប្រគល់​​មក​​លោក​​ដើម្បី​​ចែក​ជូន​ដល់​កុមារ​កំព្រា​ទាំង​អស់​នេះ រួម​មាន ភួយ​ចំនួន​១០៣ អង្ករ​មា​ណាផេត​ចំនួន​៣៥​កេស កម្រាល​ពូក​៣៨​កេស អាវ​រងា​២១០ ​និង​ដំណាប់​ផ្លែប៉ោម​១២​ធុង ។​

លោក​បាន​បន្ត​ថា ដោយ​មានការ​​ដឹកនាំ​ដ៏​ល្អ​ពី​សំណាក់​លោកស្រី ស៊ូ មុន្តា ​ប្រធាន​អង្គ​​​ការ​ទូទាំង​ប្រទេស​ ​ដែល​​អង្គ​ការនេះ​​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៩រហូត​​​មក​ដល់បច្ចុប្បន្ន ​​មាន​​​​រយៈ​ពេល​១៨​ឆ្នាំ​ហើយ ​កុមារ​កំព្រា​សរុបមាន​ចំនួន​១៨.០០០​នាក់ ​ហើយ​មាន​កុមារ​កំព្រា​មួយ​ចំនួន​ធំ ​​បាន​រៀន​សូត្រ​មាន​ចំណេះ​ដឹង​ខ្ពស់ ​ចេញ​ពី​អង្គ​ការ​​មាន​​ការ​​ងារ​ធ្វើ​ជា​ច្រើន​នាក់​ ដូចជា​​ខ្លះ​ធ្វើ​ជា​ គ្រូ​ពេទ្យ ​សាស្ត្រាចារ្យ ទន្ត​ពេទ្យ គ្រូ​បង្រៀន និង​​ធ្វើ​ការ​នៅ​អង្គ​ការ​ផ្សេងៗ ។

នៅ​ក្នុង​នោះ​ដែរ ក៏​មាន​ការ​ផ្តាំផ្ញើ​ពី​លោកស្រី​ ​​ដែល​អង្គ​ការ​​មួយ​នេះ​បាន​ទៅ​ដោយ​រលូន ក៏​ដោយ​​សារ​​មានការ​​សហការ​​​ជា​មួយ​ស្ថាប័ន​រដ្ឋ​ថ្នាក់​ជាតិ ក្រោមជាតិ និង​អាជ្ញា​ធរ​មូលដ្ឋាន​ផង​ដែរ​ ​​លោក​​ស្រី​សូម​ថ្លែង​អំណរគុណ​ចំ​ពោះ​រាជ​រដ្ឋាភិបាល​​​​​​ដែល​បាន​​ជួយ​ជ្រោម​ជ្រែង​ និង​យក​ចិត្ត​ទុកដាក់​​ដល់​​អង្គ​ការ​​​​របស់​លោក​ស្រី​ ៕