ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​អស់ប្រាក់​ម្នាក់​១៨០០​បាត​​ហើយត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ញាត់​ទ្រុង​ទៀត

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលករ​១៥​នាក់​បន្ទាប់​ពី​ភាគី​ថៃ​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រគល់​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​អះអាង​ថា​ចាញ់បោក​មេ​ខ្យល់​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​តាម​ច្រករបៀង ខណៈ​កំពុង​ជិៈ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ញាត់​ទ្រុង​ជាង​១០​ថ្ងៃ​ទើប​បញ្ជូន​ត្រឡប់​មក​វិញ​នៅ​យប់​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ ។

ពលករ​ទាំងអស់​ខាងលើ​មាន​ស្រី​៦​នាក់ កុមារ​៤​នាក់ មក​ពី​ភូមិ​ព​ពាយ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

បុរស​ឈ្មោះ ឡាយ ផាត អាយុ​៥២​ឆ្នាំ និយាយ​ថា គាត់ និង​សាច់ញាតិ​ត្រូវ​មេខ្យល់​នាំ​ចេញពី​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​សំពៅ​លូន ដោយ​ចំណាយ​ប្រាក់​អស់​ម្នាក់​១៨០០​បាត ។ បុរស​ខាងលើ​បន្ត​ថា ពេល​កំពុង​ជិះ​រថយន្ត​ចេញពី​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ញាត់​ទ្រុង​អស់​រយៈពេល​១១​ថ្ងៃ​ទើប​គេ​បញ្ជូន​ត្រឡប់​មក​ស្រុក​វិញ ។

ក្រុម​ពលករ​ទាំងនេះ​មុន​បន្តដំណើរ​ទៅ​ស្រុក​បាន​លើក​ឡើង​ថា ពួក​គាត់​នឹង​មិន​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទៀត​ទេ ហើយ​ក៏​បាន​អំពាវនាវ​ដល់​ពលករ​ដទៃ​ទៀត​ផង​ដែរ សុំ​កុំ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ឲ្យ​សោះ ព្រោះ​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​គ្មាន​អ្នក​ទទួល​ខុ​ត្រូវ​ទេ​នៅ​ពេល​ជួប​បញ្ហា​ជាយថាហេតុ​ណាមួយ​លើ​ទឹកដី​ថៃ​នោះ ៕