វ៉ា​រថយន្ត​មិន​ផុត​បុក​ខឿន​ថ្នល់​ដួល​ត្រូវ​រថយន្ត​មក​ពីក្រោយ​កិន​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បាន​វ៉ា​រថយន្ត​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ខឿន​ថ្នល់​ដួល​ហើយ​ត្រូវ​រថយន្ត​តួ​រី​សម​ក​ពីក្រោយ​កិន​ចំ​ក្បាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​ ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​វិទ្យាល័យ​ព្រែក​លាភ ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ7768 ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ព្យាយាម​វ៉ា​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក តែ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ខឿន​ថ្នល់​ដួល ស្រប​ពេល​ជាមួយ​គ្នា​នោះ​ស្រាប់តែ​រថយន្ត​តួ​រី​ស​១​គ្រឿង​ដែល​បើក​មក​ពីក្រោយ​កិន​ចំ​ក្បាល​ជន​រង​គ្រោះ​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ឯ​២​នាក់​ទៀត​រង​របួសធ្ងន់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​គឺជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​បាន​បាត់​នៅ​ខណ្ឌចំការមន​ប្រហែល​២​ខែ​មក​ហើយ ពេល​នេះ​សមត្ថ​កិច្ច​ទំនាក់ទំនង​ឲ្យ​មក​ពិនិត្យ​ម៉ូតូ បើ​ពិតជា​ម៉ូតូ​របស់​ខ្លួន​មែន​សមត្ថកិច្ច​នឹង​ប្រគល់​ឲ្យ​វិញ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ព្រែក​លៀប​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​២​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕