ធនាគារពិភពលោក ផ្តល់ប្រាក់ ១ពាន់លានដុល្លារ នៃប្រាក់កម្ចី ៣ពាន់លានដុល្លារ ដល់អេហ្ស៊ីប

គែរ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ថា ធនាគារពិភពលោក (WB) បានផ្តល់ប្រាក់១ពាន់លានដុល្លារ នៃទឹកប្រាក់កម្ចីចំនួន៣ពាន់លានដុល្លារ ដល់រដ្ឋាភិបាល អេហ្ស៊ីប ។

យោងតាមការចុះផ្សាយផ្លូវការ ពីទីភ្នាក់ងារព័ត៌មាន MENA បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ រវាងរដ្ឋាភិបាលអេហ្ស៊ីប និងធនាគារពិភពលោក បានចុះហត្ថលេខារួមគ្នាមួយក្នុងការផ្តល់ប្រាក់ ១ពាន់លានដុល្លារ នៃទឹកប្រាក់៣ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា កម្មវិធីចុះហត្ថលេខានេះបានធ្វើឡើង ដែលមានការអញ្ជើញចូលរួមដោយលោក Sherif Ismail នាយករដ្ឋមន្ត្រីអេហ្ស៊ីប និងលោក ahar Nasr រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក Asad Alam នាយកតំបន់ធនាគារពិភពលោកប្រចាំនៅអេហ្ស៊ីប យ៉េមិន និងឌីជីបូរី ។

លោករដ្ឋមន្ត្រី Nasr ប្រាប់ដល់បណ្តាសារព័ត៌មានទាំងឡាយ ដែលបានមកចូលរួម ក្នុងពិធីចុះហត្ថ លេខានេះដែលរៀបចំឡើងនៅកៃរ៉ូ ប្រទេសអេហ្ស៊ីបថា "ប្រាក់កម្ចីនេះបានមកពីធនាគារពិភពលោក ដែលផ្តល់ឲ្យសម្រាប់ស្រោចស្រង់ស្ថានភាព សេដ្ឋកិច្ចនៅក្នុងប្រទេសអេហ្ស៊ីប និងកំណែទម្រង់ សង្គមជាតិ" ។

ផ្អែកតាមការផ្តល់ប្រាក់កម្ចីនេះដែរ ភាគីខាងធនាគារពិភពលោក ដែលមានមន្ត្រីតំណាង បានឯកភាព និងផ្តល់ដល់រដ្ឋាភិបាលអេហ្ស៊ីប សរុបទឹកប្រាក់កម្ចីទាំង  អស់មានទឹកប្រាក់៨ពាន់លានដុល្លារសហរដ្ឋ អាម៉េរិក ក្នុងនោះទឹកប្រាក់៣ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ដល់ខ្ទង់ថវិកាប្រើប្រាស់ទូទៅសម្រាប់ អេហ្ស៊ីប ។

លោក Alam បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា "នឹងមានទឹកប្រាក់៣ពាន់លានដុល្លារទៀត នឹង ជាប្រយោជន៍សម្រាប់ជួយដល់ការអភិវឌ្ឍន៍លើគម្រោងនានា ហើយទឹកប្រាក់២ពាន់លានដុល្លារ សម្រាប់ជួយដល់វិស័យឯកជន" ៕

ធនាគារពិភពលោក ផ្តល់ប្រាក់ ១ពាន់លានដុល្លារ នៃប្រាក់កម្ចី ៣ពាន់លានដុល្លារ ដល់អេហ្ស៊ីប