ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​បាញ់ប្រហារ​នារី​ម្នាក់​ជា​ច្រើន​គ្រាប់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​បាញ់ប្រហារ​ដល់​មុខ​ផ្ទះ​ជា​ច្រើន​គ្រាប់​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​ក្នុង​បុរី​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​នារី​រង​គ្រោះ​ឈ្មោះ ចិន្តា អាយុ​៣៣ឆ្នាំ មុខ​របរ​លក់​ដូរ ។ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ពាក់​អាវធំ​ពី​ក្រៅ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ដល់​ដក​កាំភ្លើង​បាញ់ប្រហារ​ទៅ​លើ​នារី​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លេង​មុខ​ផ្ទះ​ជាមួយ​បងប្អូន​របស់​នាង​ជា​ច្រើន​គ្រាប់ រួច​ជិះ​គេចខ្លួន​បាត់ ។

ប្រភព​ពី​សមត្ថកិច្ច​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ដោយ​ត្រូវ​គ្រាប់​ចំនួន​២​គ្រាប់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បាញ់ប្រហារ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​នៅឡើយ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយទៀត