ប្ដី​ប្រពន្ធ​គ្រូបង្រៀន​ពីរ​នាក់​នៅ​ស្ទឹងត្រែង​ស្នើ​ស៊ើប​អង្កេត​ករណី​ប្រធាន​មន្ទីរ​លុប​ឈ្មោះ​ពួក​គាត់

គ្រូបង្រៀន​នៃ​សាលា​បឋម​សិក្សា​ស្រុក​ថាឡាបរិវ៉ាត់ និង​គ្រូ​នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ចោទ​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​នេះ​ថា បាន​លុប​ឈ្មោះ​ពួក​គាត់​ចេញ ដោយ​គ្មាន​ហេតុផល។ ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​បន្ទាប់​ពី​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថាឡាបរិវ៉ាត់ បាន​ដាក់​សំណើ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ទៅ​មន្ទីរ​អប់រំ​ខេត្ត ដោយ​ចោទ​ថា ពួក​គាត់​បាន​បោះបង់​ការងារ​បង្រៀន។

ប្ដី​ប្រពន្ធ​ជា​គ្រូបង្រៀន​ដូច​គ្នា ដោយ​ម្នាក់​បង្រៀន​នៅ​ស្រុក​ថាឡាបរិវ៉ាត់ និង​ម្នាក់​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ក្រុង​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២០ ធ្នូ អំពាវនាវ​ឲ្យ​ក្រសួង​អប់រំ ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត និង​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថាឡាបរិវ៉ាត់ បាន​លុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​បញ្ជី​ដោយ​គ្មាន​មូលដ្ឋាន។

គ្រូបង្រៀន​សាលា​បឋម​សិក្សា​មន នៃ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់ អ្នកស្រី កែវ គន្ធា ចោទ​ប្រកាន់​ថា ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថាឡាបរិវ៉ាត់ លោក សេង សំអៀន មាន​ចេតនា​លុប​ឈ្មោះ​គាត់​ចេញ​ពី​បញ្ជី​គ្រូបង្រៀន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ បន្ទាប់​ពី​គាត់​បាន​រំលូត​កូន​ចេញ និង​សុំ​ច្បាប់​ឈប់​សម្រាក​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៣។ អ្នកស្រី​បន្ត​ថា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ស្ទឹងត្រែង លោក ហៀង ប៉ូលី ពុំ​អង្កេត​រក​ការ​ពិត​នោះ​ទេ ក៏​បាន​សម្រេច​តាម​សំណើ​របស់​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​តែ​ម្ដង។ អ្នកស្រី​ស្នើ​ទៅ​ក្រសួង​អប់រំ ជួយ​ដោះស្រាយ​ជូន​គាត់​វិញ ព្រោះ​ថា ក្រោយ​ពី​បាត់បង់​អាជីព​ជា​គ្រូបង្រៀន​មក គឺ​បង្ក​ការ​លំបាក​ដល់​ជីវភាព​រស់នៅ​ពួក​គាត់​ធ្ងន់ធ្ងរ។

អ្នកស្រី​ថា បន្ទាប់​ពី​កើត​មាន​បញ្ហា​នេះ អ្នកស្រី​បាន​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ ដូចជា​រដ្ឋសភា ព្រឹទ្ធសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ទាមទារ​ឈ្មោះ​គ្រូបង្រៀន​មក​វិញ តែ​ពុំ​ទាន់​ទទួល​លទ្ធផល៖ «បើ​សិន​អាច ប្រធាន​ការិយាល័យ​គាត់​ធ្វើ​លិខិត​ទៅ​ប្រធាន​មន្ទីរ​ថា ខ្ញុំ​ហ្នឹង​ជា​គ្រូ​អសកម្ម​ក្នុង​ការ​បង្រៀន ចឹង​សំណើ​សុំ​លុប​ឈ្មោះ​ខ្ញុំ​ចឹង ប្រធាន​មន្ទីរ​ត្រូវ​មក​សាកសួរ​ខ្ញុំ​សិន តើ​ការ​ចោទ​ប្រកាន់​របស់​លោកគ្រូ សេង សំអៀន ហ្នឹង​វា​ត្រូវ​ពិត​ប្រាកដ​អត់»

អ្នកស្រី កែវ គន្ធា ចាត់​ទុក​ការ​លុប​ឈ្មោះ​នេះ ថា​ជា​រឿង​គំនុំ​បុគ្គល​រវាង​អ្នកស្រី និង​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថាឡាបរិវ៉ាត់ លោក សេង សំអៀន។

ចំណែក​គ្រូបង្រៀន​ម្នាក់​ទៀត​នៃ​សាលា​បឋម​សិក្សា​អូរពងមាន់ ក្រុង​ស្ទឹងត្រែង ដែល​ត្រូវ​ជា​ស្វាមី អ្នកស្រី កែវ គន្ធា លោក អេង នាវារតនៈ អះអាង​ថា ការ​លុប​ឈ្មោះ​លោក​អាច​មាន​ភាព​មិន​ប្រក្រតី​របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ព្រោះ​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ ស្ដីពី​ការ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ ១២​នាក់ កាល​ពី​ចុង​ឆ្នាំ​២០១១ ចំនួន​ពីរ​ដង។ លោក​ថា បន្ទាប់​ពី​លុប​ឈ្មោះ ប្រាក់​ខែ​របស់​លោក​អាច​បើក​បាន​រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១២។ លោក​ចាត់​ទុក​ករណី​នេះ ថា​ជា​រឿង​អយុត្តិធម៌ បន្ទាប់​ពី​លោក និង​ប្រពន្ធ​របស់​លោក​ពុំ​បាន​ប្រព្រឹត្ត​ខុស ដូច​ការ​ចោទ​ប្រកាន់៖ «ខ្ញុំ​តាំង​ពី​ខ្ញុំ​ផ្លាស់​ចូល គេ​ចង់​លុប​ឈ្មោះ​ខ្ញុំ​បណ្តោយ ដើម្បី​យក​ប្រាក់​ខែ​ខ្ញុំ។ ខ្ញុំ​គិត​ថា ចឹង​ការ​ធ្វើ​ឯកសារ​ក្លែងក្លាយ។ ចោទ​ប្រកាន់​ប្រធាន​មន្ទីរ​ថា​ធ្វើ​ឯកសារ​ក្លែងក្លាយ យក​ប្រាក់​ខែ​ដើម្បី​លុប​ឈ្មោះ យក​ប្រាក់​ខែ​របស់​គ្រូបង្រៀន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ស្ទឹងត្រែង លោក ហៀង ប៉ូលី ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

ចំណែក​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថាឡាបរិវ៉ាត់ លោក សេង សំអៀន បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​អះអាង​ថា មុន​នឹង​ការិយាល័យ​អប់រំ​ស្រុក​ស្នើសុំ​មន្ទីរ​អប់រំ​ខេត្ត​លុប​ឈ្មោះ​បុគ្គលិក​អប់រំ គឺ​នាយក​សាលា​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ឪពុក​ម្ដាយ​សិស្ស​នៅ​មូលដ្ឋាន ទាក់ទិន​អវត្តមាន​គ្រូ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង្រៀន​របស់​ខ្លួន៖ «មុន​នឹង​គេ​លុប​ពី​ណា​ម្នាក់ គ្រូ​អត់​ដូច​ទាហាន​ដូច​ប៉ូលិស​ទេ ឈប់ៗ​គេ​លុប​ហើយ តែ​គ្រូ​គេ​ហៅ​មក​ណែនាំ​នីតិវិធី​របស់​គេ​ច្រើន​ណាស់​បង។ មិន​ស្រួល​ទេ​បង គេ​ធ្វើ​អី​គេ​ប្រយ័ត្ន​ណាស់។ ដល់​តែ​មនុស្ស​ហ្នឹង​កែ​លែង​កើត»

ទាក់ទង​ករណី​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ដែល​ចុះ​អង្កេត​ករណី​នេះ កត់​សម្គាល់​ថា មុន​ក្រសួង​អប់រំ សម្រេច​លុប​ឈ្មោះ​បុគ្គលិក​អប់រំ គួរ​តែ​ណែនាំ​លោកគ្រូ ឬ​អ្នកគ្រូ និង​ធ្វើ​កិច្ចសន្យា​ព្រមាន​ជា​មុន​សិន ពុំ​គួរ​សម្រេច​បញ្ហា​ដ៏​ធំ​នេះ​ជឿ​តែ​របាយការណ៍​មន្ត្រី​មូលដ្ឋាន​នោះ​ទេ។ ករណី​នេះ អាច​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម ប្រើ​អំណាច​តាម​អំពើ​ចិត្ត មាន​ជាអាទិ៍ លុប​ឈ្មោះ​គ្រូ និង​ផ្ទេរ​ទីតាំង​បង្រៀន ជាដើម។ អ្នកស្រី​ចាត់​ទុក​ករណី​នេះ​ថា រំលោភ​សិទ្ធិ​គ្រូបង្រៀន​មួយ​ចំនួន​ធ្ងន់ធ្ងរ ហើយ​អាច​ប៉ះពាល់​ដល់​សិស្ស និង​ជីវភាព​របស់​ពួក​គាត់៖ «ផ្ដោត​ទៅ​លើ​ក្រសួង​អប់រំ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​មន្ត្រី​ថ្នាក់​ក្រោម ឲ្យ​គាត់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​គាត់ បើ​មិន​បាន​ស៊ើប​អង្កេត​ត្រឹមត្រូវ។ តាម​ពិត​ទៅ ក្រសួង​អប់រំ បើ​សិន​ជា​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​មូលហេតុ។ នេះ​ជា​ការ​ខុស​ឆ្គង ហើយ​ធ្វើ​ឲ្យ​ក្រសួង​អប់រំ មិន​បាន​ឈាន​ទៅ​រក​កំណែ​ទម្រង់»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ គ្រូបង្រៀន​ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធិ​សភា គឺ​គណៈកម្មការ​ទទួល​ពាក្យ​បណ្ដឹង សិទ្ធិ​មនុស្ស និង​អង្កេត ដើម្បី​សុំ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រសួង​អប់រំ ឲ្យ​ជួយ​ដោះស្រាយ​ករណី​នេះ​ឲ្យ​បាន​ឆាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ ពួក​គាត់​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ផ្តល់​ឈ្មោះ​ពួក​គាត់​ជា​បុគ្គលិក​អប់រំ​ដូច​ដើម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។