គ.ជ.ប មិន​ទាន់​ទទួល​បាន​ពាក្យ​ពី​បេក្ខជន​សម្រាប់​តំណែង​អគ្គលេខាធិការ​និង​អគ្គលេខាធិការ​រង

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​ពី​បេក្ខជន​ប្រឡង​ចូល​ក្នុង​តួនាទី​ជា​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ ទី​២០ ធ្នូ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ដោយ​ក្ដី​រំពឹង​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ធ្នូ ខាង​លោក​នឹង​អាច​ទទួល​បាន​ពាក្យ​ពី​បេក្ខជន​ត្រឡប់​មក​វិញ សម្រាប់​ការ​ជ្រើស​រើស​ក្នុង​មុខ​តំណែង​ទាំង​នេះ៖ «បាទ! សរុប​ទាំង​មុន​ទាំង​ក្រោយ យើង​អាច​និយាយ​បាន​ថា​ជាង ១០០​នាក់។ នេះ គឺ​អ្នក​មក​ទទួល​ពាក្យ។ តែ​អ្នក​ដាក់​ពាក្យ​នៅ​មិន​ដាក់​ទេ ប្រហែល​ជា​ថ្ងៃ​ច័ន្ទ ហ្នឹង បាន​គេ​ចាប់​ផ្ដើម​ដាក់​ពាក្យ ព្រោះ​គាត់​ត្រូវ​យក​ពាក្យ​ហ្នឹង​ទៅ​សិន មើល​គំរូ ហើយ​ត្រូវ​រត់​ការងារ​ពីរ។ ទី​មួយ ការ​បញ្ជាក់​ពី​ឃុំ-សង្កាត់ ដើម្បី​ទទួល​បាន​នូវ​លិខិត​បញ្ជាក់​ថា មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្នុង​ឃុំ-សង្កាត់​ហ្នឹង ហើយ​ទី​ពីរ ត្រូវ​ធ្វើ​លិខិត​ថ្កោលទោស ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​យុត្តិធម៌។ សំខាន់​ឲ្យ​តែ​ពួក​គាត់​ធ្វើ​លិខិត​បញ្ជាក់​ហើយ ពួក​គាត់​យក​ដាក់​ហើយ»

នៅ​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប កំពុង​ប្រកាស​ជ្រើស​រើស​អគ្គលេខាធិការ ១​រូប និង​អគ្គលេខាធិការ​រង​ចំនួន ៤​រូប។ ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី​១៦ ធ្នូ បង្ហាញ​ថា ស្ថាប័ន​នេះ​ចាប់​ផ្ដើម​ចែក និង​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​រយៈពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៧ ធ្នូ ហើយ​បិទ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។

សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន​មាន ៦​ចំណុច ដែល​ត្រូវ​ជ្រើស​រើស​សម្រាប់​មុខ​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ចំនួន ៤​រូប។ ក្នុង​នោះ គឺ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ក្នុង​រយៈពេល​បំពេញ​ការងារ មាន​អាយុ​យ៉ាង​តិច ៣០​ឆ្នាំ គិត​ដល់​ថ្ងៃ​តែង​តាំង មាន​សិទ្ធិ​បោះ​ឆ្នោត មាន​សញ្ញាបត្រ​ចាប់​ពី​ថ្នាក់​ឧត្ដម​សិក្សា​ឡើង​ទៅ មាន​បទពិសោធន៍​ការងារ​យ៉ាង​តិច ៥​ឆ្នាំ និង​មិន​ត្រូវ​ជា​សហព័ទ្ធ ឬ​ញាតិសាលោហិត ឬ​ញាតិពន្ធ​រហូត​ដល់​ថ្នាក់​ទី​៣ របស់​ប្រធាន អនុប្រធាន គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា សមាជិក គ.ជ.ប ទាំង ៩​រូប នឹង​ពិនិត្យ​បេក្ខជន​នីមួយៗ ហើយ​ចង់​សម្រេច​ជ្រើស​រើស​ឲ្យ​បាន​មុន​ដាច់​ឆ្នាំ​២០១៥ ឬ​យូរ​បំផុត​ត្រឹម​ខែ​មករា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។