ចិនថ្កោលទោស អាម៉េរិក ដែលហោះហើរ ក្បែរតំបន់កំពុងមាន ជម្លោះនៅសមុទ្រ ចិនខាងត្បូង

ប៉េកាំង៖ ប្រទេស ចិន ជាថ្មីម្តងទៀត បានធ្វើការថ្កោលទោស ទៅលើសហរដ្ឋអាម៉េរិក ដែលបានបំពាន ទៅលើដែនអធិបតេយ្យភាពរបស់ខ្លួន ដោយបានហោះហើរ ក្បែរកោះសប្បនិម្មិត ក្នុងដែនសមុទ្រចិនខាងត្បូង នេះបើយោងតាម សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

មន្ត្រីការពារជាតិ សហរដ្ឋអាម៉េរិកបានប្រាប់ ភ្នាក់ងារសារព័ត៌មាន CNN ថា បញ្ហាលើកនេះកើតឡើង បន្ទាប់ពីយន្តហោះ យោធាសហរដ្ឋអាម៉េរិក ឆ្វែលលើដែនអាកាសក្បែរកោះមួយ ក្នុងតំបន់ដែលកំពុងមានជម្លោះ ។ ប្រភពដដែលបានបន្ថែមថា សហរដ្ឋអាម៉េរិក មិនមានបំណងចង់ ហោះហើរក្នុងចម្ងាយត្រឹម ១២ម៉ាយ ពីកោះដែលកំពុងមានជម្លោះនោះទេ ហើយការហោះហើរលើកនេះ ក៏មិនមែនជាផ្នែកមួយ នៃបេសកកម្មដូចកាល ពីចុងខែតុលានោះដែរ។

ដោយឡែកភាគីចិន បានលើកឡើងថា « សកម្មភាពរបស់សហរដ្ឋអាម៉េរិក គឺជាការបំពានផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ។ វាបានបង្កការស្មុគស្មាញ នៅដែនសមុទ្រចិនខាងត្បូង។ ហេតុនេះ យើងទាមទារឲ្យរដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាព បែបនេះកុំឲ្យកើតឡើងជាថ្មី និងដើម្បីបញ្ចៀសការបំផ្លាញ ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ»៕

ចិនថ្កោលទោស អាម៉េរិក ដែលហោះហើរ ក្បែរតំបន់កំពុងមាន ជម្លោះនៅសមុទ្រ ចិនខាងត្បូង