ចិនបោះឆ្នោតប្រឆាំង សេចក្តីសម្រេចរបស់ UN ស្តីពីបញ្ហាសិទ្ធិ មនុស្សនៅកូរ៉េខាងជើង បើទោះបីប្រឈមមុខនឹង សម្ពាធផ្នែកទំនាក់ទំនងការទូត

ប៉េកាំង៖ សារព័ត៌មាន បោះពុម្ភដោយ បក្សកុម្មុយនីសចិន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុង ប៉េកាំង បានបោះឆ្នោតប្រឆាំង សេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិលើបញ្ហាសិទ្ធមនុស្ស ក្នុងប្រទេស កូរ៉េខាងជើង បើទោះបីជាត្រូវប្រឈមមុខ នឹងសម្ភាធផ្នែកការទូតក្តី ដោយអំពាវនាវឲ្យរដ្ឋាភិបាលក្រុង ព្យុងយ៉ាង បង្ហាញការដឹងគុណចំពោះការបោះឆ្នោតនេះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជម្រាបថា មហាសន្និបាតរបស់ អង្គការសហប្រជាជាតិ បានទទួលយកសំណើរក្នុងការ បញ្ជូនបញ្ហាសិទ្ធមនុស្សរបស់ប្រទេស កូរ៉េខាងជើង ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ស្តីពីការរំលោភបំពាន សិទ្ធមនុស្សនៅក្នុងប្រទេស កូរ៉េខាងជើងនៅក្នុងសប្តាហ៍នេះ។

លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា មានបណ្តាប្រទេស ១១៩ប្រទេស បានបោះឆ្នោតសម្រេចយល់ព្រម ខណៈ១៩ប្រទេសបដិសេធ ចំណែក៤៨ប្រទេសផ្សេងទៀត អវត្ថមានមិនបានចូលរួម បោះឆ្នោតឡើយ។

ភាគីចិន បានឲ្យដឹងថា រដ្ឋាភិបាលក្រុង ប៉េកាំង បានបោះឆ្នោតប្រឆាំង អាស្រ័យដោយគោលនយោបាយ មិនលូកដៃបញ្ហាផ្ទៃក្នុងប្រទេសណាមួយ ដែលត្រូវបានអនុវត្តន៍អស់រយៈពេលយូរមកហើយនោះ៕