មន្ត្រី​កាំកុងត្រូល​ខេត្ត​ពិនិត្យ​ចំណីអាហារ​ថៃ​ដែល​យក​មក​លក់​ក្នុង​​តាំងពិព័រណ៍​ផ្សារណាត់

ខេត្តមណ្ឌលគិរី ៖ ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​លើ​ការ​បរិភោគ​ចំណីអាហារ សាខា​កាំកុងត្រូល​ខេត្ត​មណ្ឌលគិរី​ដឹកនាំ​ដោយ​លោក ចាន់ វាសនា បាន​ចុះ​ត្រូ​ត​ពិនិត្យ​ចំណីអាហារ​របស់​ថៃ​ដែល​បាន​យក​​មក​លក់​ដូរ​​ក្នុង​​តាំងពិព័រណ៍​ផ្សារណាត់​ថៃ នៅ​បរិវេណ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ប្រធាន​សាខា​កាំកុងត្រូល​មណ្ឌលគិរី​បានអោយ​ដឹង​ថា ក្នុង​ការ​ត្រួតពិនិត្យ​នោះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពិសោធន៍​រកសារ​ធាតុគីមី​បូ​រ៉ា​ក់ (Borax) និង​សារធាតុ​ហ្វ​ម៉​ល​លី​ន (Formalin) ។ ការ​ពិនិត្យ​ចំណី​អាហារ​រកសារ​ធាតុគីមី​បូ​រ៉ា​ក់​ធ្វើ​ឡើង​លើ​ចំណីអាហា​ប្រភេទ​សាច់​-​ប្រហិត​គ្រប់​ប្រភេទ និង​សរសៃ​គុយទាវ ចំណែក​សារធាតុ​គីមី​ហ្វ​ម៉​ល​លី​ន​ត្រូវ​បាន​ត្រួតពិនិត្យ​ទៅ​លើ​គ្រឿង​សមុទ្រ ជា​លទ្ធផល​រក​មិន​ឃើញ​សារធាតុ​គីមី​ណាមួយ​ឡើយ​នៅ​ក្នុង​ការ​ពិសោធន៍​នោះ ។ ក្រៅពី​ការ​ពិនិត្យ​រកសារ​ធាតុគីមី ក្រុមការងារ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​​កាលបរិច្ឆេទ​ប្រើប្រាស់​លើ​ទំនិញ​វេច​ខ្ចប់​ស្រាប់​ផង​ដែរ តែ​នៅ​តែ​រក​មិន ឃើញ​ទំនិញ​ណាមួយ​ហួស​កាលបរិច្ឆេទ​នោះ​ទេ ។

ទន្ទឹម​នោះ​ដែរ សាខា​កាំកុងត្រូល​ខេត្តមណ្ឌលគិរី​ក៏​បាន​ណែនាំ​ដល់​អាជីវករ​អោយ​ជៀសវាង​ក្នុង​ការ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ទៅ​លើ​ផលិតផល​ម្ហូបអាហារ ដែល​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​សុខភាពផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​ពិធី​តាំង​បង្ហាញ​ផលិតផល​ក្នុង​បរិវេណ​ក្រុង​សែន​មនោ​រម្យ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​គោលបំណង​ដើម្បី​ផ្លាស់​ប្តូរ​ទំនិញ និង​ជម្រុញ​ចំណង​សាមគ្គីភាព ព្រមទាំង​ផ្តល់​ឱកាស​ដល់​អាជីវករ​គ្រប់​ខេត្ត ដើម្បី​សិក្សា​ស្វែង​យល់​ពី​ផលិតផល​គ្នា​ទៅ​វិញ​ទៅ​មក សំដៅ​ជម្រុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត ៕

Kry Vaneth Eric6 years old

Posted by Liberty International School on Sunday, December 13, 2015