ម៉ូតូ​២​គ្រឿង​បុក​គ្នា ស្លាប់​អនុប្រធាន​ភូមិ​អូរ​ឈើ​ក្រំ​ម្នាក់ និង​របួសធ្ងន់​ស្រាល​៣​នាក់

ខេត្ត​ប៉ៃលិន ៖ លោក​អនុប្រធាន​ភូមិ​អូរ​ឈើ​ក្រំ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ចេញពី​កន្លែង​ចាក់​សាំង​រួច​ឆ្លងផ្លូវ​បម្រុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ព្រមទាំង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត ឈ្មោះ ឈី​ម ឆុ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អនុប្រធាន​ភូមិ​អូរ​ឈើ​ក្រំ របួស​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បើកបរ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ឌុ​ប​ប្រពន្ធ​ឈ្មោះ ញ៉ា​ញ់ សុ​ជាតិ អាយុ​៣៥​ឆ្នាំ រង​របួសធ្ងន់ បាក់ជើង​ឆ្វេង ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ចំណែក​ជន​រង​គ្រោះ​ភាគី​ម្ខាង​ទៀត​ឈ្មោះ ឆាន់ ផា​នី​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រង​របួស​បាក់ដៃ​ឆ្វេង​ធ្ងន់ធ្ងរ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​ឌុ​ប​យុវជន​ម្នាក់​ទៀត​ឈ្មោះ ម៉ែ​ន សា​ម៉ៃ អាយុ​១២​ឆ្នាំ រង​របួសស្រាល ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​លោក​អនុប្រធាន​ភូមិ​ខាងលើ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ក៏​ចូល​ចាក់​សាំង រួច​ក៏​ឆ្លងផ្លូវ​ទៅ​ខាងស្តាំ​ដៃ​វិញ ស្រប​ពេល​នោះ​​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន គេច​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ចំពាក់​កណ្តាល​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ម្នាក់ និង​៣​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន​ធ្វើការ​វាស់វែង​រួច​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

Kry Vaneth Eric6 years old

Posted by Liberty International School on Sunday, December 13, 2015