យោធាអ៊ីរ៉ាក់ ២០នាក់ស្លាប់ និង៣០នាក់រងរបួស ក្នុងប្រតិបត្តិដែនអាកាស របស់សហរដ្ឋអាម៉េរិក

កម្លាំងយោធា២០នាក់ស្លាប់ និង៣០នាក់ផ្សេងទៀតរងរបួស ក្នុងប្រតិបត្តិការណ៍ យោធាដែនអាកាស ពីសំណាក់សហរដ្ឋ អាម៉េរិកក្នុងប្រទេស អ៊ីរ៉ាក់ នេះបើយោងតាមការលើកឡើងរបស់លោក Hakim al-Zamili ប្រធានគណកម្មាធិការសន្តិសុខ និងការពារជាតិរបស់សភាអ៊ីរ៉ាក់ ដកស្រង់ដោយសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។ 

លោក Zamili បានបន្ថែមថា ហេតុការណ៍នេះបានកើតឡើងនៅក្បែរទីក្រុង Al-Naimiya ក្នុងខេត្ត Fallujah បន្ទាប់ពីយោធាអ៊ីរ៉ាក់ រំដោះបានតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ពីក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS។ យោងតាមប្រភពពីមន្ត្រីអ៊ីរ៉ាក់ ដែលបានទៅដល់ កន្លែងកើតហេតុបានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលយោធាអ៊ីរ៉ាក់ជាច្រើននាក់កំពុងមានរបួសធ្ងន់ធ្ងរ។

មន្ត្រីអ៊ីរ៉ាក់បានលើកឡើងថា ជាធម្មតាសហរដ្ឋអាម៉េរិក ធ្វើប្រតិបត្តិការយោធាបានត្រឹមត្រូវ ១០០ភាគរយ ហេតុនេះ ហេតុអ្វីបានជាសហរដ្ឋអាម៉េរិក វាយប្រហារខុសគោលដៅ រហូតដល់សម្លាប់យោធាអ៊ីរ៉ាក់បែបនេះ។

លោក Zamili បញ្ជាក់ថា «នេះជារឿងគ្រោះថ្នាក់ជាទីបំផុត ដែលកងកម្លាំងអ៊ីរ៉ាក់ ត្រូវរងការវាយប្រហារបែបនេះ ហើយរដ្ឋាភិបាល អ៊ីរ៉ាក់នឹងមិនអនុញ្ញាតឲ្យបញ្ហានេះកើតឡើងជាថ្មីម្តងទៀតបានឡើយ»៕

យោធាអ៊ីរ៉ាក់ ២០នាក់ស្លាប់ និង៣០នាក់រងរបួស ក្នុងប្រតិបត្តិដែនអាកាស របស់សហរដ្ឋអាម៉េរិក