អ្នក​ដុត​នំ​កាន់​សាសនា​មូស្លីម​ និង​គ្រិស្ត​​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋធានី​នៃ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​

អ្នក​ដុត​នំ​កាន់​សាសនា​មូស្លីម​ និង​គ្រិស្ត​​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​រដ្ឋធានី​នៃ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​

ផ្លាក​សញ្ញា​ហាង​​នំប៉័ង​ Boulangerie R.C.A នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នា​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ​២០១៥។ ជម្លោះ​រយៈពេល​៣ឆ្នាំ​ បាន​បែងចែក​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​ទៅ​តាម​មាគ៌ា​សាសនា។​ ប៉ុន្តែ​ នៅ​ហាង​នំប៉័ង​មួយ​ក្នុង​តំបន់​ដ៏​គ្រោះថ្នាក់​បំផុត​ នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​នេះ​ អ្នក​កាន់​សាសនា​ឥស្លាម​ និង​អ្នកកាន់​សាសនា​គ្រិស្ត​ កំពុង​ធ្វើការ​ជាមួយ​គ្នា។ បាន​គ្វី—

បន្ទាប់​ពី​អំពើ​ហិង្សា​រវាង​និកាយ​សាសនា​អស់​ជាច្រើន​ឆ្នាំ​មក​ គេ​មិន​ដែល​ឃើញ​ពួក​មូស្លីម​ និង​គ្រិស្ត​សាសនិក​ ធ្វើការ​ជាមួយ​គ្នា​ ឬ​រស់នៅ​ជាមួយ​គ្នា​នៅក្នុង​រដ្ឋធានី​បង់ហ្គី​ឡើយ។​

ប៉ុន្តែ​នៅ​ហាង​នំប៉័ង​របស់​ Rahama Atthir Abdoulaye​ នៅ​សង្កាត់​ PK5​ អ្នក​ដុត​នំ​ ដែល​កាន់​សាសនា​គ្រិស្ត និង​អ្នក​ដុត​នំ​ដែល​កាន់​សាសនា​ឥស្លាម​ចំនួន​១៥​នាក់​ បាន​ធ្វើការ​ជាមួយ​គ្នា​រាល់ថ្ងៃ​ ដើម្បី​ដុត​នំប៉័ង​ថ្មីៗ​ទៅ​ចែកចាយ​ក្នុងទីក្រុង​នេះ។​

ម្ចាស់​ហាង​នំប៉័ង​ លោក​ Abdoulaye​ កាន់​សាសនា​ឥស្លាម​ ប៉ុន្តែ​ លោក​និយាយ​ថា​ ក្នុង​នាម​ជា​ជនជាតិ​អាហ្រ្វិក​កណ្តាល​ម្នាក់​ លោក​មិន​រើស​យក​ជន​បរទេស​ឲ្យ​ធ្វើការ​នោះ​ទេ។ លោក​និយាយ​ថា​ មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ច្រើន​ ដែល​កំពុង​ត្រូវ​ការ​ការងារ​ធ្វើ​ ដូច្នេះ​ លោក​បាន​ជ្រើសរើស​ពួកគេ​ជាបុគ្គលិក។ 

វិបត្តិ​នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល ​ចាប់ផ្តើម​ពី​ដើម​ឆ្នាំ​២០១៣​ នៅ​ពេល​ដែល​ក្រុម​ឧទ្ទាម​ Seleka ​ដែល​ភាគ​ច្រើន​ជា​មូស្លីម​ បាន​ផ្តួល​រំលំ​រដ្ឋាភិបាល។​ កង​កម្លាំង​យោធា​បាន​ក្រោក​ឡើង​នៅ​ខែ​ធ្នូ​ក្នុង​ឆ្នាំ​ដដែល​នោះ​ និង​បាន​បណ្តេញ​ក្រុម​ឧទ្ទាម​ Seleka ​ចេញ​ពី​អំណាច។​

ការប្រយុទ្ធ​គ្នា​នេះ​ បាន​បង្ក​ជា​អំពើ​ហិង្សា​ឆ្លង​តំបន់។ ការគ្រប់គ្រង​ក្នុង​រយៈពេលដ៏​ខ្លី​របស់​ក្រុម​ឧទ្ទាម ​Seleka​ មាន​តែ​ការ​រំលោភ​បំពាន​ និង​លួច​ប្លន់។​ ក្រុម​ទាហាន​ និង​ក្រុម​គ្រិស្តសាសនិក​ជាច្រើន​ បាន​ធ្វើការ​សងសឹក​ទៅលើ​ជន​ស៊ីវិល​ដែល​កាន់​សាសនា​ឥស្លាម។ 

លោក​ Abdoulaye ​ក៏​បាន​បាត់់​បង់​ផ្ទះ​ និង​ហាង​របស់​លោក​ ដូច​អ្នក​ដទៃទៀត​ដែរ។ លោក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ឆាដ (Chad)​ ប៉ុន្តែ​ បាន​ត្រលប់​មក​វិញ។​ ពេលនេះ​ លោក​គឺជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ក្នុង​ចំណោម​មូស្លីម​ប៉ុន្មាន​ពាន់​នាក់​ទៀត​ដែល​នៅតែ​រស់នៅ​ក្នុង​តំបន់​PK5។

តំបន់​ PK5​ ធ្លាប់​ជា​ទីផ្សារ​ដែល​រស់រវើក​ ដែល​មានហាង​នំប៉័ង​ចំនួន​៥​កន្លែង។ ប៉ុន្តែ​បច្ចុប្បន្ន​ មាន​ហាង​តែ​ពីរ​ប៉ុណ្ណោះ ដែល​កំពុង​បើក​ដំណើរការ​។ អ្នក​កាន់​សាសនា​គ្រិស្ត​ ដែល​ប្រឆាំង​នឹង​កង​ទាហាន ​Balaka​ ឡោមព័ទ្ធ​តំបន់​នេះ​ ប្រដាប់​ដោយ​អាវុធ​ចាំ​យាម​នៅ​ច្រកចូល។ ការ​មក​ធ្វើការ​ គឺ​ជា​រឿង​ប្រឈម​នឹង​គ្រោះថ្នាក់​ សម្រាប់​បុគ្គលិក​ដូចជា​ លោក ​Fred Yokossa។ 

លោក ​Yokossa​ និយាយ​ថា​ប្រសិនបើ​លោក​ជួប​នឹង​ពួក​ទាហាន​ប្រឆាំង​ Balaka​ នៅ​តាម​ផ្លូវ​ទៅ​PK5​ ពួក​ទាហាន​ទាំង​នោះ​ នឹង​វាយ​ដំ​រូប គប់​ដុំថ្មដាក់​ ឬ​សម្លាប់​រូប​លោក។

ប៉ុន្តែ​ លោក​ Yokassa​ ដែល​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​ម្នាក់​នោះ​ បាន​និយាយ​ថា​លោក​គ្មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​ថៅកែ​របស់​លោក​ដែល​កាន់​សាសនា​ឥស្លាម​នោះ។​

លោក​ Yokassa​ និយាយ​ថា​ លោក​កំពុង​រក​ប្រាក់​កម្រៃ ហើយ​លោក​ជឿ​ទុកចិត្ត​ថៅកែ​របស់​លោក​ ដូច្នេះ​ ហេតុ​អ្វី​លោក​ត្រូវ​មាន​បញ្ហា?​ ប៉ុន្តែ​ លោក​ទទួល​ស្គាល់​ថា​ ក្នុង​នាម​ជា​មូស្លីមម្នាក់​ លោក​ Abdoulaye ​កំពុង​រស់​នៅ​ក្នុង​ភាព​គ្រោះថ្នាក់។​ សូម្បីតែ​ Yokossa​ ក៏​ត្រូវតែ​លាក់​ខ្លួន​នៅ​ក្នុង​ហាង​នំប៉័ង​ដែរ​ នៅ​ពេល​មាន​ការប្រយុទ្ធគ្នា​កើត​ឡើង​ នៅ​តំបន់ ​PK5​ ម្តងៗ។​

ថ្មីៗ​នេះ​ សម្តេច​សង្ឃ​កាតូលិក​ ប៉ាប ហ្វ្រង់​ស៊ីស ​(Pope Francis)​ បាន​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ PK5​ និង​បំផុស​ឲ្យ​មាន​ការ​ផ្សះផ្សា​គ្នា​រវាង​អ្នក​កាន់​សាសនា​ឥស្លាម​ និង​អ្នក​កាន់​សាសនា​គ្រិស្ត។​ នៅ​ថ្ងៃ​បន្ទាប់​ពី​សម្តេច​សង្ឃ​ចាក​ចេញ​ អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់ត្រូវ​បាន​សម្លាប់​នៅ​ខាង​ក្រៅ​តំបន់​នេះ៕

ប្រែសម្រួល​ដោយ វិញ​ សុជាតា