ជនសង្ស័យ​២​នាក់​ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌដូនពេញ​បង្ក្រាប និង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​ចំណុច​ចំណត​ឡាន​ផ្សារ​សុរិយា​ម៉​ល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ជា សំនាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​ម្ចាស់​​គ្រឿង​ញៀន និង​ម្នាក់​ទៀត​ឈ្មោះ គង់ បារាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​កសាង ស្នាក់​នៅផ្ទះ​ជួល​លេខ​២៦ ផ្លូវ​បេតុង​លេខ​២១ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ខណៈ​ពេល​ចាប់ខ្លួន​ជនសង្ស័យ អាវុធហត្ថ​ខណ្ឌដូនពេញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ថ្លា​៦​កញ្ចប់​(​ធំ​១​កញ្ចប់ តូច​៥​កញ្ចប់​), កន្ត្រៃ​១, ដែកកេះ​១, កែវ​សម្រាប់​ជក់​៧, ថង់​សម្រាប់​ច្រក​មួយ​ចំនួន​, ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ស៊េរី​ចាស់​១​គ្រឿង និង​ម៉ាក​សាំ​សុង​បត់​១​គ្រឿង​, ម៉ូតូ​១​គ្រឿង ម៉ាក​ស្តេ​ប ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1E-7190, អត្តសញ្ញាណប័ណ្ណ​១ និង​កាត​គ្រី​ម៉ូតូ​១​សន្លឹក ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

Kry Vaneth Eric6 years old

Posted by Liberty International School on Sunday, December 13, 2015